
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យអំពីរបៀបរបប បទប្បញ្ញត្តិ និងនីតិវិធីទាំងឡាយពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានខ្សាច់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំដៅធានាបាននូវផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្នុងតុល្យការដែលធានាបានប្រសិទ្ធភាព តម្លាភាព និងចីរភាពនៃការប្រើប្រាស់ធនធានខ្សាច់ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ថា អង្គប្រជុំទាំងមូលមានភារកិច្ចរិះរកវិធានការ យ៉ាងណាឱ្យយន្តការគ្រប់គ្រងធនធានខ្សាច់ជារួម រួមទាំងការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្ម និងនីតិវិធីពាក់ព័ន្ធនានា មានប្រសិទ្ធភាពខ្ពស់បំផុត ដោយមានការគិតគូរជាលក្ខណៈប្រព័ន្ធ និងមានការថ្លឹងថ្លែងច្បាស់លាស់អំពីម្ខាងផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់បម្រើឱ្យការអភិវឌ្ឍ និងចំណូលថវិកាជាតិ និងម្ខាងទៀតផលប៉ះពាល់លើបរិស្ថាន និងសហគមន៍ក្នុងមូលដ្ឋាន។

ក្នុងស្មារតីនេះ អង្គប្រជុំបានពិភាក្សាលើរាល់សមាសភាគសំខាន់ៗនៃយន្តការគ្រប់គ្រងធនធានខ្សាច់ក្នុងខ្សែច្រវាក់នៃនីតិវិធីនិងលក្ខខណ្ឌចាំបាច់ ជាពិសេសក្នុងការផ្តល់អាជ្ញាបណ្ណ យន្តការនៃការវាយតម្លៃហេតុប៉ះពាល់លើបរិស្ថាន (Environmental Impact Assessment – EIA) ការកំណត់អត្រាសួយសារជាដើម។ល។ ជាលទ្ធផល អង្គប្រជុំបានពិភាក្សាលើវិធានការកែទម្រង់មួយចំនួន និងមុខងារភារកិច្ចរបស់ក្រសួង ស្ថាប័ន ព្រមទាំងមុខសញ្ញាសម្រាប់ការកែទម្រង់ផ្សេងៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព ក្នុងការគ្រប់គ្រងធនធានខ្សាច់ និងជាពិសេសឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាក់ស្តែង និងកាត់បន្ថយផលប៉ះពាល់លើសហគមន៍ក្នុងមូលដ្ឋានឱ្យនៅកម្រិតអប្បបរមា៕











