

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមបទឧទ្ទេសនាមដោយ ឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិក បម្រុង ជំនួយការ និងមន្ត្រីរាជការនៃ ក្រុម ប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជាង ៤០០ នាក់។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្ងៃនេះក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលថ្មីមួយទៀត ក្រោមប្រធានបទ “ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់”។ វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី៤ ដែល
ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ ដែល មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ ក្នុងគោលដៅដើម្បីកសាង និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការ គណៈរដ្ឋមន្ត្រីទាំងមូល និងមន្រ្តីមកក្រសួងស្ថាប័ននានា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានចាត់ទុក ប្រធានបទស្តីពី “ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់” ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជាសម្រាប់នាយករដ្ឋមន្ត្រី ជាពិសេសលើការងារពិនិត្យ និងកែសម្រួលគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ក្នុងវិស័យរដ្ឋបាល និងច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានឃើញការចាប់ផ្តើមរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលជូន ដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចតាមបណ្តាក្រសួង ស្ថាប័ន នានា ព្រមទាំងនិស្សិតតាមសាកលវិទ្យាល័យផងដែរ ដែលជាគំនិតផ្តួចផ្តើម របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការផ្ទាល់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ នឹងបន្តលើកទឹកចិត្ត និងជំរុញឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានផលិតភាពការងារខ្ពស់ ដើម្បីឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់របស់អង្គភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែសម្រាប់មន្ត្រីក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីតែមួយនោះទេ ប៉ុន្តែក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវពង្រីក និងចែករំលែកការបណ្តុះបណ្តាលនេះដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល និងសិស្ស និស្សិតផងដែរ តាមរយៈការរៀបចំផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំច្បាស់លាស់ទាំងការបណ្ដុះបណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាលនិងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាវាគ្មិនកិត្តិយសដ៏មានសក្តានុពលនិងពោរពេញដោយ សមត្ថភាពនិងបទពិសោធន៍ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តចែករំលែកចំណេះដឹងនិង បទពិសោធន៍ដល់វគ្គបណ្តុះបណ្តាលនេះ។









