បើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមអ្នកនាំពាក្យមានតួនាទី និងភារកិច្ចដឹកនាំ គ្រប់គ្រង ធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងរៀបចំសេចក្ដីបំភ្លឺ សេចក្ដីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាទំនាក់ទំនងនឹងឆ្លើយតបជាផ្លូវការជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ។
បន្ថែមពីនេះ ត្រូវសហការជាមួយអង្គភាពនានាចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រមូលព័ត៌មាន តាមដាន អង្កេត និងវិភាគនូវរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ សម្រាប់ឆ្លើយបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាស្រាយបំភ្លឺចំណោទបញ្ហានានា ដែលកើតមានឡើងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្តី និងរៀបចំសន្និសីទសារព័ត៌មាននានាជូនថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រី ក៏ដូចជាស្រាវជ្រាវនិងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងទីស្តីការគណៈរដ្ឋមន្ត្រី និងបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី៕