ក្រុមហ៊ុន Pfizer រំពឹងការលក់កើនដល់ជាង៣៣ពាន់លានដុល្លារ

ក្រុមហ៊ុន Pfizer រំពឹងការលក់កើនដល់ជាង៣៣ពាន់លានដុល្លារ ខណៈការចាក់ដូសទី៣កំពុងមានតម្រូវការ


ក្រុមហ៊ុន Pfizer Inc របស់អាមេរិក ជាក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងការពារនឹងជំងឹកូវីដ-១៩ បានបង្កើនការព្យាករ ពីការលក់វ៉ាក់សាំងរបស់ខ្លួនថា នឹងកើនដល់ឡើង ២៩% នៅឆ្នាំ២០២១នេះ ជាមួយនឹងទឹកប្រាក់សរុបជាង ៣៣ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនមួយនេះជឿជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងនេះ នឹងត្រូវការចាក់ដូសទី៣ បន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងក្នុងការប្រឆាំងកូវីដ-១៩ ដែលមានសមត្ថភាពឆ្លងខ្ពស់។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer ត្រូវគេ​ប្រកាសថា បាន​កើន​ប្រសិទ្ធភាពដល់​ ៩៥% ហើយ។
ដោយ

ក្រុមហ៊ុន Pfizer បានបញ្ជាក់អះអាងថា ក្រុមហ៊ុននឹងដាក់ស្នើសុំអាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់បន្ទាន់ពីអាជ្ញាធរ សម្រាប់ការបង្កើនការចាក់វ៉ាក់សាំងដូសទី៣ ដែលអាចនឹងចាប់ផ្ដើមឡើងនៅដើមខែសីហាមុខនេះតែម្តង។

បើតាមរបាយការណ៍ពីក្រុមហ៊ុន Pfizer Inc. នេះ បង្ហាញថា ការចាក់វ៉ាក់សាំងដូសទី ៣ គឺនឹងបង្កើតបាននូវប្រព័ន្ធភាពស៊ាំការពារប្រឆាំងមេរោគក្នុងខ្លួនមនុស្ស បានខ្ពស់ជាងមុនដល់ទៅ ៥ដង សម្រាប់មនុស្សវ័យក្មេង និង ខ្ពស់ជាងមុនដល់ទៅ ១១ដងសម្រាប់មនុស្សវ័យចំណាស់ ធៀបនឹងអ្នកដែលបានចាក់វ៉ាក់សាំងចំនួន ២ដូស ពោលគឺ អ្នកដែលបានចាក់វ៉ាក់សាំង២ដូស អាចនឹងងាយក្នុងការឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ជាងអ្នកដែលបានចាក់៣ដូស។

ប្រធានផ្នែកវិទ្យាសាស្ត្រនៅក្រុមហ៊ុន Pfizer លោក មីកែល ដូលស្តេន Mikael Dolsten បាននិយាយថា ការចាក់វ៉ាក់សាំងដូសទី៣ នឹងបង្កើនការការពារកាន់តែប្រសើរជាងមុនប្រឆាំងនឹងការឆ្លងមេរោគកូវីដ-១៩ ការពារមិនឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និង កាត់បន្ថយការចម្លងមេរោគជាដើម។

អ្នកជំនាញរូបនេះអះអាងទៀតថា បើតាមទិន្នន័យ កម្រិតនៃការការពារក្នុងរាងកាយមនុស្ស អាចនឹងត្រូវបានបង្កើនដល់ទៅ ១០០ដង នៅពេលដែលធៀបទៅនឹងកម្រិតដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣។

បើតាមការសិក្សាពីក្រុមហ៊ុន Pfizer របស់អាមេរិកដដែលនេះ បានបញ្ជាក់ថា ប្រសិទ្ធភាពនៃវ៉ាក់សាំងបានធ្លាក់ចុះទៅតាមពេលវេលា ពោលគឺបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី ២ ក្រោយរយៈពេល៤ខែ ប្រសិទ្ធភាពវ៉ាក់សាំងនឹងធ្លាក់ចុះពីកម្រិតខ្ពស់បំផុត៩៦% មកនៅត្រឹម៨៤%ប៉ុណ្ណោះ។

សេចក្ដីសម្រេចរបស់ក្រុមហ៊ុនផលិតវ៉ាក់សំាងPfizer ក្នុងការស្វែងរកអាជ្ញាបណ្ណអនុញ្ញាតឲ្យចាក់វ៉ាក់សាំងដូសទី ៣ ក៏ត្រូវបានរងការរិះគន់ពីសំណាក់និយ័តករសុខាភិបាលអាមេរិកផងដែរ ដោយអាជ្ញាធរអាមេរិកនិយាយថា វានៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដែលបង្ហាញពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣នោះទេ។

យ៉ាងណាក៏ដោយចុះ អ្នកវិទ្យាសាស្ត្រពីអាមេរិក ទីភ្នាក់ងារសុខាភិបាល ក៏បានពិភាក្សាគ្នាអំពីការចាក់វ៉ាក់សាំងបន្ថែមចំនួនដូស ជាមួយនឹងប្រព័ន្ធការពារចុះខ្សោយនៅក្នុងរាងកាយមនុស្សនេះដែរ ។

សូមជម្រាបថា ចាប់តាំងពីខែធ្នូឆ្នាំ២០២០ មក ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនបានបញ្ចេញវ៉ាក់សាំងជាង១ពាន់លានដូសរួចហើយ។ ការផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer នេះ គឺមានការសហការជាមួយនឹងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ជាដៃគូផលិត ហើយការលក់វ៉ាក់សាំងក៏ត្រូវមានការបែងចែកចំណូលគ្នា ម្នាក់ពាក់កណ្ដាលផងដែរ។ ជាមួយគ្នានេះ វ៉ាក់សាំង Pfizer ត្រូវបានគេមើលឃើញថា កំពុងប្រកួតប្រជែងគ្នាខ្លាំង ជាមួយវ៉ាក់សាំងអាមេរិក មួយប្រភេទទៀត គឺ Moderna ក៏ប៉ុន្ដែ វ៉ាក់សាំង Mondera នៅមិនទាន់មានការពង្រីកផលិតកម្មបានធំនៅឡើយទេ។

តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងកូវីដ Moderna នៅឆ្នាំ២០២១នេះ ការលក់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ នឹងមានទឹកប្រាក់កើនជាង ១៩ពាន់លានដុល្លារ ខណៈដែលវ៉ាក់សាំង ចនសុន ចនសុន របស់អាមេរិកមួយប្រភេទផ្សេងទៀត នឹងមានការលក់កើនដល់ ២ពាន់៥រយលានដុល្លារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Pfizer របស់អាមេរិក និង ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដែលជាដៃគូសហការផលិតវ៉ាក់សំាងបានអះអាងដែរថា នៅខែក្រោយនេះ ក្រុមហ៊ុននឹងចាប់ផ្ដើមធ្វើតេស្ដសាកល្បងវ៉ាក់សាំងដែលបង្កើតថ្មីជាមួយលក្ខណពិសេសជាងមុន ដែលអាចនឹងទប់ទល់នឹងការឆ្លងមេរោគបំប្លែងថ្មីឌែលតាបាន ដោយក្រុមហ៊ុននេះ បញ្ជាក់ថា បាច់ដំបូង នៃវ៉ាក់សាំងផលិតថ្មីនេះត្រូវបានផលិតរួចរាល់ហើយ។

សូមបញ្ជាក់ថា បច្ចុប្បន្នមេរោគបំប្លែងថ្មី ឌែលតា កំពុងអុកឡុកកាន់តែខ្លាំងនៅប្រទេសជាច្រើនជុំវិញពិភពលោក។ ជាក់ស្ដែង នៅអាមេរិក ករណីឆ្លងថ្មីដែលរកឃើញប្រចាំថ្ងៃ គឺមានដល់ទៅជាង៨០% ជាមេរោគបំប្លែងថ្មី ឌែលតានេះ៕

 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Hyundai និង LG វិនិយោគរួមគ្នាតម្លៃជាង១ពាន់លានដុល្លារ បង្កើតរោងចក្រផលិតអាគុយរថយន្ដអគ្គិសនី

ក្រុមហ៊ុនកូរ៉េខាងត្បូងធំៗចំនួន២ គឺ Hyundai Motor និង ក្រុមហ៊ុន LG Energy Solution បានចាប់ដៃវិនិយោគរួមគ្នា ដើម្បីបង្កើតរោងចក្រផលិតអា…

ទស្សនៈអ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ជុំវិញការបិទខ្ទប់ខេត្តទាំង៨ ពីសំណាក់រាជរដ្ឋាភិបាល

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ខេត្តចំនួន៨ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ