វ៉ាក់សាំងកូវីដ-១៩

CEO ក្រុមហ៊ុន Pfizerថា ប្រទេសចំណូលទាប មិនបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនខ្លួនឡើយ


នាយកប្រតិបត្តិក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer របស់អាមេរិក បាននិយាយថា ប្រទេសចំណូលទាប និងមធ្យម មិនបានជ្រើសរើសបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុននោះឡើយ។ នេះបើតាមលិខិតមួយ ដែលនាយកក្រុមហ៊ុននេះ បានផុសលើបណ្ដាញអនឡាញបន្ទាប់ពី រដ្ឋបាលលោកចូបៃឌិន បានគាំទ្រឲ្យមានការលើកលែងបណ្ណប៉ាតង់វ៉ាក់សាំង ដើម្បីពង្រីកការទទួលបានវ៉ាក់សាំងនៅទូទាំងពិភពលោក។
CEO ក្រុមហ៊ុន Pfizerថា ប្រទេសមានប្រាក់ចំណូលទាប មិនបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនខ្លួនឡើយ (រូបភាព៖https://www.thepharmaletter.com)
ដោយ

លោក Albert Bourla នាយកប្រតិបត្តិ​ក្រុមហ៊ុន Pfizer បាននិយាយថា ក្រុមហ៊ុន​បាន​បើកឱកាស​ឲ្យ​ប្រជាជាតិ​ទាំងអស់ អាចស្នើសុំ​បញ្ជាទិញវ៉ាក់សាំង​ពីក្រុមហ៊ុនបាន ហើយ​ក្រុមហ៊ុន​នឹងបែងចែក​​វ៉ាក់សាំងទាំងនោះ​ទៅឲ្យប្រទេសដែលបានបញ្ជាទិញទាំងអស់នោះ។ ប៉ុន្ដែ ជាក់ស្ដែង ប្រទេស​ដែលមានចំណូលខ្ពស់ គឺមានការបញ្ជាទិញ​វ៉ាក់សាំង​ច្រើនជាងគេ។ លោក Albert បន្ថែមថា លោកមានការបារម្ភចំពោះរឿងនេះ ហើយ​លោក​ក៏បាន​ព្យាយាម​ទាក់ទង​ទៅកាន់​ប្រទេស​ចំណូលមធ្យម និងទាប​ជាច្រើន តាមរយៈការសរសេរលិខិត ទូរស័ព្ទ និងផ្ញើសារ ​ទៅកាន់ពួកគេ ដើម្បី​ទទូច​ឲ្យពួកគេ​បញ្ជា​កក់ទុក​វ៉ាក់សាំងសម្រាប់​ប្រទេសរបស់ខ្លួន ព្រោះថា​ការផ្គត់ផ្គត់​គឺមានកំណត់។

នាយកប្រតិបត្តិ​ក្រុមហ៊ុនផលិតវ៉ាក់សាំងរូបនេះ​បាន​គូសបញ្ជាក់ទៀតថា មានប្រទេស​ចំណូលទាប និងមធ្យម​ជាច្រើន ដែលលោកបាន​ទាក់ទងទៅ តែពួកគេ​បានបែរជា​សម្រេចចិត្ត​ដាក់​ការបញ្ជាទិញ​ជាមួយ​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​ដទៃទៀតទៅវិញ​​។ លោកបន្ថែមថា មានប្រទេសខ្លះ មិនបាន​អនុម័ត​ឲ្យមាន​ការប្រើប្រាស់​វ៉ាក់សាំង​ Pfizer ថែមទៀតផង។

តាមអ្វីដែល​លោក Albert នាយកប្រតិបត្តិ​ក្រុមហ៊ុន Pfizer បានបញ្ជាក់​នៅក្នុង​លិខិត សម្រាប់​តម្លៃនៃវ៉ាក់សាំងដែលលក់ចេញ​ គឺមានគំរូ​កំណត់​តម្លៃ​ផ្សេងៗគ្នា។ តួយ៉ាង​សម្រាប់​តម្លៃ​លក់ជូន​ប្រទេស​ចំណូល​មធ្យម ត្រូវបាន​ស្នើឲ្យលក់​ក្នុង​​តម្លៃពាក់កណ្ដាល​ នៃតម្លៃដែលលក់​ទៅឲ្យប្រទេស​ចំណូល​ខ្ពស់ប៉ុណ្ណោះ ខណៈដែលការលក់​ទៅឲ្យប្រទេសចំណូលទាបវិញ គឺលក់កាន់តែទាបជាងនេះទៅទៀត។

ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTch នឹងចេញលក់វ៉ាក់សាំង Pifzer ចំនួន ​៣ពាន់លាន​ដូស​នៅឆ្នាំនេះ ទៅកាន់ប្រទេស​ ​១១៦ប្រទេស ហើយក្នុងនោះ មានវ៉ាក់សាំង ​៤៥០លានដូសហើយ មកទល់ពេលនេះ​ត្រូវបាន​លក់ទៅ​ឲ្យប្រទេស​ដែលមាន​ប្រាក់ចំណូលខ្ពស់ ដែលជាអ្នកចំណាយ​ច្រើនបំផុត ហើយសម្រាប់​នៅអាមេរិក​វ៉ាក់សាំង Pfizer ២ដូសតម្លៃ ៣៩ដុល្លារ។

នាយកប្រតិបត្តិ​ក្រុមហ៊ុន Pfizer រំពឹងថា នៅក្នុងផែនការ​ចេញ​លក់វ៉ាក់សាំង ៣ពាន់លានដូស​​នៅឆ្នាំនេះ នឹង​មាន​៤០% ឬស្មើនឹង​ជាង​១ពាន់លានដូស នឹង​ត្រូវ​លក់ទៅឲ្យ​ប្រទេស​​ចំណូល​មធ្យម និងប្រទេសចំណូលទាប ហើយក៏សង្ឃឹមថា ​តុល្យភាព​នៃការផ្គត់ផ្គង់​នឹង​មានឡើង ​ចាប់ពីពាក់កណ្ដាល​ឆ្នាំចុងក្រោយ​នៃឆ្នាំ២០២១នេះ ហើយនឹង​អាច​ឈានទៅផ្គត់ផ្គង់វ៉ាក់សាំង​បានគ្រប់គ្រាន់សម្រាប់ប្រទេស​ទាំងអស់​នៅត្រឹមឆ្នាំ២០២២។ នៅឆ្នាំក្រោយ​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​នេះ ក៏មានផែនការ​នឹង​ពង្រីកការផលិត​ឲ្យបាន​ដល់ ​៤ពាន់លាន​ដូស​ផងដែរ។ បើតាម​ឯកសារ​របស់​ក្រុមហ៊ុន​បង្ហាញថា ប្រទេសកូឡុំប៊ី បានទិញវ៉ាក់សាំង Pfizer តម្លៃ១២ដុល្លារអាមេរិក ក្នុងមួយដូស ខណៈដែល​នៅអាហ្វ្រិកខាងត្បូង​យល់ព្រមទិញ​ក្នុងតម្លៃ​១០​ដុល្លារ​ក្នុងមួយដូស។

សូមបញ្ជាក់ថា ក្រុមហ៊ុន Pfizer រកបានប្រាក់ចំណូល​ពីការលក់វ៉ាក់សាំង​របស់ខ្លួន​ប្រមាណ ​៣ពាន់​៥រយលាន​ដុល្លារអាមេរិក នៅក្នុង​រយៈពេល​៣ខែដំបូង​នៃឆ្នាំ២០២១ ហើយនៅពេញមួយឆ្នាំ២០២១នេះ ក្រុមហ៊ុន Pfizer រំពឹងថា​ នឹង​ទទួបាន​ប្រាក់ចំណូល​ដល់ទៅជាង​ ៧០ពាន់លាន​ដុល្លារអាមេរិក។

ថ្មីៗនេះដែរ សហភាពអឺរ៉ុប ក៏បាន​ឯកភាពនឹង​​បន្ដកិច្ចសន្យា​ ក្នុងការ​ទិញវ៉ាក់សាំង​ Pfizer​ចំនួន ១ពាន់​៨រយលាន​ដូស​នៅត្រឹមឆ្នាំ២០២៣ផងដែរ ខណៈដែលអឺរ៉ុប កំពុង​ខ្វះខាតវ៉ាក់សាំង​យ៉ាងច្រើន ដោយសារតែ​ក្រុមហ៊ុន AstraZeneca របស់អង់គ្លេស​មិនអាច​ផលិត​បានគ្រប់តាម​កិច្ចសន្យា៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបអំពាវនាវឲ្យអាមេរិកនាំចេញវ៉ាក់សាំងខ្លះផង កុំប្រមូលទុកតែឯងច្រើនពេក!

ព័ត៌មាន
គណៈកម្មការអឺរ៉ុបបានអំពាវនាវកាលពីសប្តាហ៍មុនឲ្យសហរដ្ឋអាមេរិក និងប្រទេសអ្នកផលិតវ៉ាក់សាំងកូវីដ-១៩ធំៗដទៃទៀត នាំចេញនិងផ្គត់ផ្គង់វ៉ាក់សាំងឲ្…

អាជ្ញាធរក្រុងបាកកបន្ដបទបញ្ជាបិទបណ្ដោះអាសន្ន ៨ថ្ងៃបន្ថែមទៀត ខណៈស្ថានភាពកូវីដ-១៩មិនធូរស្រាល

ព័ត៌មាន
បទបញ្ជាបិទទីក្រុងបាងកកបណ្ដោះអាសន្ន នឹងត្រូវអាជ្ញាធរថៃ ពន្យារពេលបន្ថែមទៀត ដល់ថ្ងៃទី ១៧ ខែឧសភា ដោយសារតែស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសនេះ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ