ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនរំពឹងនឹងផលិតថ្នាំគ្រាប់ចំនួន ១៨ម៉ឺនកញ្ចប់ នៅចុងឆ្នាំនេះ និងចំនួន ២១ លានកញ្ចប់នៅឆមាសទី១ ឆ្នាំក្រោយ ហើយយ៉ាងហោចណាស់ ៥០ លានកញ្ចប់ទៀត នៅចុងឆ្នាំ២០២២។ ទន្ទឹមនេះ រដ្ឋបាល លោក ចូ ប៉ៃឌិន ក៏បានទិញថ្នាំគ្រាប់ព្យាបាលកូវីដនេះ ចំនួន ១០ លានរួចហើយពីក្រុមហ៊ុន Pfizer ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៥ ពាន់លានដុល្លារផងដែរ។ទន្ទឹមនេះ លោក Albert Bourla បាននិយាយថា លោកមានទំនុកចិត្តខ្ពស់ចំពោះថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ប្រភេទ Paxlovid របស់ក្រុមហ៊ុន Pfizer នឹងមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង។
សូមជម្រាបថា ក្រុមហ៊ុន Pfizer បានដាក់ពាក្យសុំការអនុញ្ញាតជាបន្ទាន់នូវការប្រើប្រាស់ថ្នាំព្យាបាលកូវីដ១៩ប្រភេទ Paxlovid របស់ខ្លួន កាលពីសប្តាហ៍មុន បន្ទាប់ពីទិន្នន័យបង្ហាញថា វាមានប្រសិទ្ធភាព ៨៩% អាចការពារអ្នកជំងឺពីការធ្លាក់ខ្លួនឈឺធ្ងន់ និងបញ្ចូនទៅមន្ទីរពេទ្យ ហើយអាចការពារពីការស្លាប់បានផងដែរ ប្រសិនបើគេឆាប់លេបថ្នាំនេះ អំឡុងពេលបីថ្ងៃ នៃការចេញរោគសញ្ញាកូវីដ១៩។
យ៉ាងណាមិញ ក្រៅតែពីផែនការ ផលិតថ្នាំគ្រាប់នេះ ថ្មីៗនេះ ក្រុមហ៊ុន Pfizer បានឱ្យដឹងដែរថា ខ្លួនក៏អាចនឹងធ្វើកំណែទម្រង់វ៉ាក់សាំងផងដែរ ប្រសិនបើមេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញថា មានភាពធន់នឹងវ៉ាក់សាំងរបស់ខ្លួនដែលកំពុងប្រើប្រាស់នាពេលសព្វថ្ងៃនេះ ។ ទន្ទឹមនេះក្រុមហ៊ុនមិនទាន់ច្បាស់ថា តើវ៉ាក់សាំងដែលមានស្រាប់បច្ចុប្បន្ននេះ អាចការពារប្រឆាំងនឹងមេរោគបំប្លែងថ្មីនេះបាន ឬអត់នោះទេ ។ ទោះយ៉ាងណាក្រុមហ៊ុន នឹង អាចផលិតធ្វើកំណែទម្រង់នៃការផលិត វ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនឡើងវិញក្នុងរយៈពេល ១០០ ថ្ងៃ ខាងមុខនេះ ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងមេរោគបំប្លែងថ្មី៕
អត្ថបទ៖ ស៊ើង និមល់