តាក់ស៊ី-ភ្ញៀវទេសចរ

អ្នកជំនាញបារម្ភបាតុភាពដែលបង្កឡើងអ្នកដឹកជញ្ជូនធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមកម្ពុជា


ហេតុការណ៍អ្នករកតាក់ស៊ីយកទូរសព្ទថតភ្ញៀវទេសចរបរទេសដោយសារខឹងភ្ញៀវមិនប្រើប្រាស់សេវាកម្មរបស់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ កំពុងបង្កជាក្តីបារម្ភដល់អាជ្ញាធរ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ក្នុងការធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់ព្រលានយន្តហោះនេះ ក៏ដូចជាវិស័យទេសចរណ៍កម្ពុជា។ អ្នកជំនាញយល់ឃើញថា បាតុភាពដែលបានកើតឡើងថ្មីៗនេះវាអាចនឹងជះឥទ្ធិពលមិនល្អដល់កម្ពុជា ដែលទាមទារឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការជាចាំបាច់។
2
ដោយ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមិនបានមួយសប្តាហ៍ស្រួលបួលផង ស្រាប់តែមានហេតុការណ៍ហួសចិត្តមួយបានកើតឡើងរវាងអ្នកដឹកជញ្ជូនជាមួយភ្ញៀវទេសចរបរទេស។ នៅក្នុងវីដេអូដែលត្រូវបានគេចែកចាយតៗគ្នានៅលើបណ្តាញសង្គម គេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាអ្នកដឹកជញ្ជូនអ្នកដំណើរចេញចូលព្រលាន បានប្រើទូរសព្ទរបស់ខ្លួនថតវីដេអូទៅលើជនបរទេស ដែលត្រូវបានគេវាយតម្លៃថា ទំនងជាបុរសរូបនេះខឹងជនបរទេសមិនប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន។ តែយ៉ាងណាមកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុជាក់លាក់ ដែលបណ្តាលឱ្យកើតមានហេតុការណ៍នេះនោះទេ។

ពាក់ព័ន្ធបញ្ហានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា បាតុភាពរញ៉េរញ៉ៃ ដែលបង្កឡើងដោយក្រុមអ្នកដឹកជញ្ជូននៅក្នុងព្រលានយន្តហោះសៀមរាបអង្គរថ្មី បានបង្ហាញពីសណ្ដាប់ធ្នាប់មិនល្អ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលទាមទារឱ្យអាជ្ញាធរត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹង ហើយអ្នកគ្រប់គ្រងព្រលានយន្តហោះ ក៏មិនត្រូវបណ្ដែត បណ្ដោយឱ្យមានការធ្វើសកម្មភាពតាមតែអំពើចិត្តណាមួយនោះដែរ។ សម្រាប់អ្នកជំនាញរូបនេះ បញ្ហានេះចង់ ឬមិនចង់វានឹងធ្វើឱ្យក្លាយជារឿងធំ ដ្បិតវាជាសម័យបច្ចេកវិទ្យាឌីជីថល ស្របពេលដែលបណ្ដាប្រទេសជុំវិញកម្ពុជាចាំមើល និងចាប់កំហុស។

ទាក់ទងនឹងករណីនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា បាតុភាពដែលកើតឡើងនៅព្រលានយន្តហោះសៀមរាបអង្គរ គឺបង្កឡើងដោយអ្នកដឹកជញ្ជូនក្រៅប្រព័ន្ធ ដែលពុំយល់ពីលក្ខខណ្ឌផ្ទៃក្នុងរបស់ព្រលានយន្តហោះ​។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ព្រលានយន្តហោះសៀមរាបអង្គរ ពុំបានហាមឃាត់នរណាម្នាក់មិនឱ្យដឹកជញ្ជូនភ្ញៀវនោះទេ ប៉ុន្តែអ្នកដឹកជញ្ជូនពីខាងក្រៅត្រូវគោរពតាមលក្ខខណ្ឌ ហើយក៏មិនត្រូវចតរថយន្តចូលមកចាប់ម៉ូយដល់ក្នុងព្រលានយន្តហោះនោះដែរ តែគេអាចមកដឹកម៉ូយបាន ប្រសិនបើមានអ្នកហៅតាមសេវាកម្មវិធីទូរសព្ទ។ សម្រាប់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អាជ្ញាធរនឹងប្រើវិធានការវិន័យ ឬឈានដល់ផ្លូវច្បាប់ ប្រសិនបើនៅបន្តឱ្យមានបាតុភាពមិនសមរម្យកើតឡើងបន្តទៀត។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានតម្លៃវិនិយោគប្រមាណ១ពាន់១រយលានដុល្លារអាម៉េរិក ដែលទើបសម្ពោធដាក់ឱ្យដំណើរការហោះហើរកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ មានចំណតសម្រាប់ចតយន្តហោះចំនួន៣៨ចំណត និងមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០។ ទន្ទឹមគ្នានេះ ក៏មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាស បានចំនួន១ម៉ឺនតោន នៅឆ្នាំ២០២៤ និង២ម៉ឺន៦ពាន់តោន នៅឆ្នាំ២០៤០ ហើយអាចទទួលជើងហោះហើរបានជាង៦ម៉ឺន៥ពាន់ជើង នៅឆ្នាំ២០២៤ និងជាង១១ម៉ឺនជើង នៅឆ្នាំ២០៤០៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


ចិនកំពុងមានប្រៀបជាងប្រទេសមហាអំណាចផ្សេងៗ លើការវិនិយោគផ្នែកឌីជីថលនៅអាស៊ាន

ចិនត្រូវបានមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន វាយតម្លៃថា កំពុងតែមានប្រៀបខ្លាំងលើឱកាសវិនិយោគផ្នែកឌីជ…

ហ្វីលីពីនថ្កោលទោសទង្វើរបស់អាជ្ញាធរចិន ខណៈអាម៉េរិក ស្រែកបន្ទរតាមក្រោយ

ប្រទេសហ្វីលីពីន បានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់សកម្មភាពឈ្លានពាននៅក្នុងសមុទ្រចិនខាងត្បូង និងបានកោះហៅឯគ្គរដ្ឋទូតចិន ប្រចាំក្រុងម៉ានីលមកសួរនាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ