គ្រាប់ស្វាយចន្ទីធ្លាក់ថ្លៃ ខណៈទិន្នផលថយចុះ

តម្លៃគ្រាប់ស្វាយចន្ទីចាប់ផ្ដើមធ្លាក់ចុះនៅត្រឹម៤ពាន់រៀលក្នុង១គីឡូក្រាម ខណៈការដាំដុះកំពុងជួបវិបត្តិអាកាសធាតុ


បញ្ហានៃការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានការព្រួយបារម្ភស្រាប់ទៅហើយ សម្រាប់កសិករដាំដំណាំស្វាយចន្ទី នៅក្នុងឆ្នាំ២០២២នេះ ហើយក្រុមអ្នកជំនាញក៏បានអះអាងដែរថា បញ្ហានេះ អាចនឹងធ្វើឲ្យទិន្នផលស្វាយចន្ទីថយចុះគុណភាពមិនសូវត្រូវតាមស្តង់ដារ និងប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទី។
ដំណាំស្វាយចន្ទី

ជាក់ស្ដែង ពេល​នេះ​គ្រាប់ស្វាយចន្ទី​បាន​ធ្លាក់​ចុះ​រហូត​មក​នៅ​ត្រឹម​តម្លៃ ៣​ពាន់​៩​រយ​រៀល ទៅ តម្លៃ​៤​ពាន់​៧​រយ​រៀល ក្នុង​១​គីឡូក្រាម ទៅ​តាម​គុណភាព​គ្រាប់ស្វាយចន្ទី​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​។

បើ​តាម​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា មាន​ហេតុផល​ធំ​ៗ​ចំនួន​៣ ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​គ្រាប់ស្វាយចន្ទី​ធ្លាក់​ចុះ ដូច​ជា អាកាសធាតុ​ប្រែប្រួល​, ការ​ប្រើប្រាស់​ជី​ថ្នាំកសិកម្ម​មិន​ត្រឹមត្រូវ និង​ខ្វះ​រោងចក្រ​កែ​ច្នៃ​ធ្វើ​ឲ្យ​ឈ្មួញ​បរទេស ក្រឡុក​តម្លៃ ជាដើម​។ ដ្បិតថា ក្រុម​ឈ្មួញ​នៅ​តែ​ចុះ​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​កសិករ តែ​លោក អួន ស៊ី​ឡុ​ត បាន​បន្ថែម​ថា តម្លៃ​គ្រាប់​ចន្ទី​ទៅ​តាមតែ​មាត់​ឈ្មួញ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ មិនមែន​តែ​តម្លៃ​គ្រាប់ស្វាយចន្ទី នោះ​ទេ​ដែល​បង្ក​ជា​ការ​ព្រួយបារម្ភ​ខ្លាំង​ដល់​ក្រុម​កសិករ ប្រធាន​សមាគម​ស្វាយចន្ទី​បាន​អះអាង​ថា រហូត​មក​ពេល​នេះ សមាគម​បាន​សន្និដ្ឋាន​ថា បញ្ហា​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​ទិន្នផល​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា ថយ​ចុះ​ពី​១០​ភាគរយ ទៅ​៣០​ភាគរយ ដែល​វា​កាន់តែ​ក្លាយជា​បន្ទុក​បន្ថែម​សម្រាប់​កសិករ​។

ក្រៅ​តែ​ពី​បញ្ហា​អាកាសធាតុ បើ​តាម​លោក អួន ស៊ី​ឡុ​ត បាន​ឲ្យ​ដឹង​ទៀត​ថា កសិករ​ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា តម្លៃ ថ្នាំ​,​ជី​កសិកម្ម និង​ប្រេង ឡើងថ្លៃ ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​កសិករ​ប្រឈម​ការ​ខាតបង់​។

លោក វ៉ា រ៉ុ​ត​សាន ជា​អ្នក​ម្ចាស់​ចម្ការ​ស្វាយចន្ទី ក្នុង​ខេត្តកំពង់ធំ និង​ជា​អ្នកជំនាញ​លើ​ការ​បង្កាត់​ពូជ និង​ដាំ​ដំណាំ​ស្វាយចន្ទី​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី តម្លៃ និង​ទិន្នផល​ស្វាយចន្ទី​នា​ឆ្នាំ​នេះ​ផង​ដែរ​។ បើ​តាម​លោក រ៉ុ​ត​សាន ជា​ទូទៅ​អំឡុង​ខែកុម្ភៈ និង​ខែមីនា គ្រាប់ស្វាយចន្ទី​ធម្មតា មាន​តម្លៃ​រហូត ៦​ពាន់​រៀល ទៅ​៦​ពាន់​៥​រយ​រៀល ក្នុង​១​គីឡូក្រាម ក៏​ប៉ុន្តែ ឆ្នាំ​នេះ​គ្រាប់ស្វាយចន្ទី​បាន​ធ្លាក់​រហូត​តម្លៃ ៤​ពាន់​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម ហើយ​អាច​ធ្លាក់​ដល់ ៣​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ក៏​មាន​។ អ្នកជំនាញ​រូប​នេះ បាន​បន្ត​ទៀត​ថា មិន​ត្រឹមតែ​តម្លៃ​ទេ ដែល​ធ្លាក់​ចុះ សូ​ម្បី​ទិន្នផល​ស្វាយចន្ទី ក៏​ថយ​ចុះ​ដែរ ដោយសារ​តែ​មានការ​រំខាន​ពី​អាកាសធាតុ​។ ម្យ៉ាងវិញទៀត នា​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​មិនសូវ​ឃើញ​ក្រុម​ឈ្មួញ​វៀតណាម ចុះ​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី ដូច​កាលពីមុន​នោះ​ទេ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​សរុប ប្រមាណ ៨០​ម៉ឺន​ហិ​កតា ខណៈ​នៅ​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី ប្រមាណ ៩៣​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​សំខាន់​ៗ ដូច​ជា ប្រទេស​វៀតណាម​,​ចិន​,​ថៃ​,​ឥណ្ឌា​,​ជប៉ុន និង​កូរ៉េ ជាដើម​។ ក្នុង​នោះ ប្រទេស​វៀតណាម ជាទី​ផ្សារ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី ធំ​ជាងគេ​របស់​កម្ពុជា ខណៈ​គ្រាប់ស្វាយចន្ទី​ប្រមាណ​៩០​ភាគរយ​ទៅ​ហើយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​វៀតណាម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជនភៀសខ្លួនអ៊ុយក្រែនចាប់ផ្ដើមថយចុះ ខណៈប្រទេសជិតខាងនៅបន្តផ្តល់ទីជំរក

ព័ត៌មាន
ជនភៀសខ្លួនអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងបានធ្លាក់ចុះបន្ដិចវិញហើយនៅចុងសប្ដាហ៍នេះ ខណៈរដ្ឋាភិបាល និងប្រទេសក្បែរខាងទាំងនោះ បានព្យាយាមស្វែងរកទី…

វៀតណាមកំណត់គោលដៅនាំចេញឈើក្នុងតម្លៃជិត ២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥

ព័ត៌មាន
បើតាមគម្រោងដែលទើបតែអនុម័តថ្មីៗដោយឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh បានឲ្យដឹងថាការនាំចេញឈើ និងផលិតផលឈើរបស់វៀតណាមត្រូវបានគេរំពឹងថា ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ