ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនធំមួយនៅខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ការដាំដុះដំណាំទុរេនកំពត របស់ប្រជាកសិករនៅឆ្នាំនេះ ហាក់ជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជាការកើតមាននូវជំងឺផ្សេងៗ ដែលត្រូវការថែទាំឱ្យបានដិតដល់ និងជាពិសេស គឺផលប៉ះពាល់ដោយសារការគំរាមកំហែងពីបាតុភូតអែលនីណូ បានធ្វើឱ្យអាកាសធាតុក្តៅខ្លាំង និងខ្វះខាតទឹកសម្រាប់ស្រោចស្រព ដែលធ្វើឱ្យផ្លែទុរេនមិនអាចរីកធំធាត់បានល្អ និងមានការប្រេះ ឬជ្រុះមុនពេលប្រមូលផលជាដើម។ បើតាមអ្នកជំនាញរូបនេះ បញ្ហាទាំងនេះ កំពុងជះឥទ្ធិពលដល់គ្រប់ប្រជាកសិករដាំទុរេនទាំងអស់នៅក្នុងខេត្តកំពត ហើយវានឹងអាចទាញទម្លាក់ទិន្នផលទុរេនរបស់ពួកគាត់នៅឆ្នាំនេះឱ្យធ្លាក់ចុះយ៉ាងគំហុកផងដែរ បើទោះបីជាមានការបង្កើនការដាំដុះបន្ថែមយ៉ាងណាក្តី។
ជាមួយគ្នានេះ ឧកញ៉ា ចាន់ ស៊ីថា បានឱ្យដឹងដែរថា មកទល់ពេលនេះដំណាំទុរេនរបស់ប្រជាកសិករនៅខេត្តកំពត បានប្រមូលផលជាបណ្តើរៗហើយ ប៉ុន្តែសម្រាប់តម្លៃទុរេនកំពត នៅដើមរដូវ ដែលតែងតែមានតម្លៃខ្ពស់នាពេលកន្លងមកនោះ នៅឆ្នាំនេះហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺបច្ចុប្បន្នអាចលក់បានក្នុងរង្វង់ជាង១ម៉ឺនរៀល ទៅជិត២ម៉ឺនរៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ទៅតាមគុណភាព និងប្រភេទនីមួយៗ ខណៈកាលពីឆ្នាំមុន គឺអាចលក់បានក្នុងតម្លៃជាង២ម៉ឺនរៀល ក្នុង១គីឡូក្រាមឯណោះ។ ការធ្លាក់ថ្លៃនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺដោយសារតែឥទ្ធិពលនៃទុរេននាំចូលពីខាងក្រៅច្រើន ដែលមានតម្លៃទាបជាងទុរេនក្នុងស្រុក។
មិនខុសគ្នានោះទេ លោក អ៊ួន ជាងម៉េង ប្រធានសហគមន៍ដំណាំទុរេនទឹកឈូ បានអះអាងថា ការដាំដុះទុរេនកំពតរបស់ប្រជាកសិករនៅឆ្នាំនេះ ពិតជាបានជួបប្រទះនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរប្រាកដមែន ដែលបានធ្វើឱ្យទិន្នផលទុរេនឆ្នាំនេះធ្លាក់ចុះយ៉ាងគំហុកបើធៀបនឹងឆ្នាំមុន ហើយដើមទុរេនខ្លះ ក៏បានងាប់ទៅវិញផងដែរ ដោយសារមានភាពរាំងស្ងួតរយៈពេលវែង។
សូមបញ្ជាក់ថា តាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តកំពត បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ ផ្ទៃដីដាំដុះទុរេននៅក្នុងខេត្តកំពត មានចំនួនប្រមាណជាង១ពាន់៧រយហិចតា ដែលជាមធ្យមអាចប្រមូលផលបានប្រមាណ១៥តោនក្នុងមួយហិចតា៕