យ៉ាងណាមិញ នៅសប្ដាហ៍មុននេះ ដោយសារតែកូវីដ-១៩ រាតត្បាតជាថ្មីទៀត រដ្ឋាភិបាលប្រទេសហ្វីលីពីន ក៏បានប្រកាសហាមប្រាមជនបរទេសចូលក្នុងប្រទេសខ្លួនជាថ្មីទៀតហើយ។
តើហ្វីលីពីនបានជួបបញ្ហាអ្វីខ្លះ នៅអំឡុងពេលនៃការបិទចាក់សោរបិទប្រទេសក្នុងរយៈពេលវែង?
សារព័ត៌មានហ្វីលីពីន Rapple បានផ្សាយថ្មីៗនេះថា រយៈពេលផុតទៅ១ឆ្នាំហើយ ដែលប្រទេសហ្វីលីពីន សម្ងំខ្លួនពួនអាត្មាទប់ទល់នឹងការរាលដាលកូវីដ-១៩ ហើយមកទល់នឹងពេលនេះ ប្រទេសនេះ នៅតែកំពុងជួបនឹងបញ្ហាក្នុងការឈានទៅបើកប្រទេសឲ្យមានសកម្មភាពសេដ្ឋកិច្ចដូចធម្មតាវិញ។ ក្នុងអំឡុងពេលនៃការបិទប្រទេស មានប្រជាជនហ្វីលីពីនរាប់លាននាក់ បានបាត់បង់ការងារ ខណៈដែលតម្លៃ ម្ហូបអាហារមានការកើនឡើង រីឯបំណុលរដ្ឋាភិបាលក៏កំពុងប៉ោងឡើងកាន់តែធំផងដែរ។
បើយើងមានមើលទៅលើផលិតផលក្នុងស្រុករបស់ហ្វីលីពីន កាលពីឆ្នាំ២០២០ គឺបានដាំក្បាលចុះដល់ទៅ ៩,៥% ដែលជាតួលេខអាក្រក់បំផុតមិនធ្លាប់មានឡើយតាំងតែពីសង្គ្រាមលោកលើទី២មកម្ល៉េះ។ GDP របស់ហ្វីលីពីនបានធ្លាក់ចុះ ទាបខ្លាំងនៅត្រីមាសទី២នៃឆ្នាំ២០២០ ដល់ទៅ-១៧% នៅគ្រាដែលមានការរឹតត្បឹតខ្លាំងក្រោយពីមានការចាក់សោរបិទប្រទេស។ សម្រាប់ត្រីមាសទី១ នៅឆ្នាំ២០២១នេះ GDP របស់ហ្វីលីពីន នៅតែរំពឹងថា នឹងមានតួលេខអវិជ្ជមាន។ ទោះយ៉ាងណា រដ្ឋាភិបាលលោក ដុតទ័រតេ បានប៉ាន់ស្មានថា កំណើន GDP នៅឆ្នាំ២០២១ អាចនឹងមានចន្លោះពី ៦,៥ ទៅ៧,៥ ភាគរយ និងឈានដល់ ៨ ទៅ១០ ភាគរយនៅឆ្នាំ២០២២។
ចំពោះវិស័យការងារវិញ រដ្ឋាភិបាលហ្វីលីពីនមានក្ដីរំពឹងខ្ពស់ថា ចំនួនអ្នកមានការងារអាចនឹងត្រឡប់មកប្រសើរឡើង ខណៈដែលនៅឆ្នាំ២០២០ អ្នកគ្មានការងារធ្វើបានកើនឡើងដល់ទៅជាង១០% ស្មើនឹងប្រមាណ ៤លាន៥សែននាក់។ នេះបើតាមតួលេខពីអាជ្ញាធរស្ថិតិហ្វីលីពីន។ អត្រាអ្នកគ្មានការងារធ្វើនៅឆ្នាំ២០២០ គឺមានខ្ពស់បំផុតគិតតាំងពីខែមេសាឆ្នាំ២០០៥មក។
ប្រទេសហ្វីលីពីនត្រូវបានគេស្គាល់ថា ជាប្រទេសមានពលករចំណាកស្រុកច្រើនជាងគេ និងបានផ្ញើប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកក្នុងប្រទេស ដោយវិស័យនេះ បានរួមចណែកប្រហែលជាង៩% នៃ GDP របស់ប្រទេសនេះ។ នៅឆ្នាំ២០២០ ការផ្ញើប្រាក់មកស្រុកកំណើតពីពលករចំណាកស្រុក របស់ហ្វីលីពីនបានធ្លាក់ចុះបន្តិច ត្រឹមតែជិត ១% ប៉ុណ្ណោះ ដោយមានទំហំទឹកប្រាក់សរុបជាង៣៣ពាន់លានដុល្លារ។ ប៉ុន្ដែ ការធ្លាក់ចុះ ត្រូវបានរំពឹងថាអាចនឹងបន្ដមានច្រើនទៀតនៅឆ្នាំនេះ។
ចំពោះអត្រាអតិផរណាវិញ នៅហ្វីលីពីនមានការកើនឡើង៥ខែជាប់គ្នាមកហើយ ដោយគិតមកទល់នឹងខែកុម្ភៈកន្លងទៅនេះ អត្រាអតិផរណាមានដល់ទៅ ៤,៧% ដែលវាជាក្ដីបារម្ភមួយចំពោះសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ានមួយនេះ។
ដោយឡែក ការវិនិយោគពីក្រៅប្រទេសរបស់ហ្វីលីពីនវិញ នៅឆ្នាំ២០២០ ធ្លាក់ចុះជិត២៥% មានតម្លៃទុនវិនិយោគតែ ៦ពាន់៥រយលានដុល្លារប៉ុណ្ណោះ ខណៈដែលពីឆ្នាំ២០១៩ មានដល់ទៅជាង៨ពាន់៧រយលានដុល្លារ។
ស្របពេលដែលសេដ្ឋកិច្ចកំពុងជួបបញ្ហាដាំក្បាលចុះ គេក្រឡេកទៅមើលស្ថានភាពបំណុលរបស់រដ្ឋាភិបាលហ្វីលីពីនវិញគឺមានការកើនឡើងក្រឺតៗតែម្ដង។ ជាក់ស្ដែង នៅឆ្នាំ២០២០ បំណុលមិនទាន់សងរបស់ហ្វីលីពីនបានកើនឡើងជិត២៧% ដែលមានដល់ទៅប្រមាណ ២០០ពាន់លានដុល្លារអាមេរិក ខណៈដែលរដ្ឋាភិបាលកំពុងតែត្រូវការថែមទៀតដើម្បីដោះស្រាយបញ្ហាវិបត្តិកូវីដ-១៩។ ហើយគិតមកដល់ បំណាច់ខែមករាឆ្នាំ២០២១ បំណុលមិនទាន់សងនេះ បានកើនឡើងប្រមាណ១០ពាន់លានដុល្លារបន្ថែមទៀត។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ នៅហ្វីលីពីនមានចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ជាង១ម៉ឺនាក់ហើយ ខណៈដែលចំនួនអ្នកឆ្លងសរុបមានដល់ទៅជាង៦០ម៉ឺននាក់ ក្នុងនោះ អ្នកជាសះស្បើយមានជាង៥៦ម៉ឺននាក់៕