ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ហ្វីលីពីនេះនាពេលនេះ គឺធ្វើឡើង នៅចំពេលដែល បញ្ហានៅតំបន់សមុទ្រចិនខាងត្បូង ពិសេសរវាងហ្វីលីពីន និងប្រទេសចិន នៅមួយរយៈចុងក្រោយនេះ ហាក់មានបញ្ហារសើបថ្មីៗមួយចំនួនបានកើនឡើងជាបន្ដបន្ទាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក Carlito Galvez រដ្ឋលេខាធិការនៃក្រសួងការពារជាតិហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីគោលជំហរចំពោះការអនុញ្ញាតផ្ដល់ឲ្យកងទ័ពអាមេរិកបង្កើនមូលដ្ឋានយោធានៅក្នុងទឹកដីហ្វីលីពីនថា «ស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែមានភាពមិនច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃ»។ លោកបានបន្ថែមថា «ហ្វីលីពីនមិនបានរៀបចំសម្រាប់សង្រ្គាមទេ ផ្ទុយទៅវិញប្រទេសនេះកំពុងមានគោលបំណងអភិវឌ្ឍសមត្ថភាពការពាររបស់ខ្លួនប្រឆាំងនឹងឧប្បត្តិហេតុ និងការគំរាមកំហែងដល់សន្តិសុខជាតិ ។
សេចក្តីថ្លែងការណ៍របស់លោក កាលីតូ បានកើតឡើងមួយថ្ងៃបន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយចំនួន និងអភិបាលខេត្តរបស់ហ្វីលីពីនមួយរូបបានលើកឡើងពីការព្រួយបារម្ភ និងប្រឆាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Ferdinand Marcos ក្នុងការផ្តល់ឱ្យសហរដ្ឋអាមេរិកចូលទៅកាន់ទីតាំងមូលដ្ឋានចំនួន ៤ កន្លែងបន្ថែមទៀត ក្នុងចំណោមទីតាំងចំនួន ៥ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៤ (EDCA)។
មែនទែនទៅ កិច្ចព្រមព្រៀងការពារជាតិនេះ នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធាហ្វីលីពីនសម្រាប់ការការហ្វឹកហ្វឺនរួមគ្នា ការកំណត់ទីតាំងជាមុននៃបរិក្ខារ និងការកសាងគ្រឿងបរិក្ខារដូចជាផ្លូវយន្តហោះសម្រាប់ចត កន្លែងផ្ទុកប្រេងឥន្ធនៈ និងលំនៅដ្ឋានយោធា ប៉ុន្តែមិនមែនជាវត្តមានអចិន្ត្រៃយ៍នោះទេ។ ការសម្រេចចិត្តរបស់លោក Marcos ដែលបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីខែមុនជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានកើតឡើងចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនូវការពង្រីកនូវវត្តមានយោធាចិននៅសមុទ្រចិនខាងត្បូង និងសមយុទ្ធយោធាជិតកោះតៃវ៉ាន់។
ទោះយ៉ាងណា អភិបាលក្រុង Cagayan លោក Manuel Mamba បានជំទាស់នឹងការបន្ថែមទីតាំងមូលដ្ឋានយោធថ្មីឱ្យកងទ័ពអាមេរិក ដោយលោកបានប្រាប់កិច្ចប្រជុំព្រឹទ្ធសភាហ្វីលីពីនថា លោកមិនចង់ឱ្យកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA)ជាមួយអាមេរិកនេះ មកបង្កើតបញ្ហាជាមួយប្រទេសចិនកាន់តែខ្លាំងនោះទេ។ លោក ម៉ាមបា បានលើកឡើងថា៖ «យើងមិនត្រូវក្លាយជាសត្រូវរបស់ចិនដោយសារតែសហរដ្ឋអាមេរិកនោះទេ»។
កាលពីពេលកន្លងទៅ ប្រទេសចិនបាននិយាយម្តងហើយម្តងទៀតថា ការចូលដៃកាន់តែជ្រៅរបស់សហរដ្ឋអាមេរិកទៅកាន់មូលដ្ឋានយោធាហ្វីលីពីននឹងធ្វើឱ្យខូចខាតដល់ស្ថិរភាពក្នុងតំបន់ និងបង្កើនភាពតានតឹងបន្ថែម។ តែយ៉ាងណា ហ្វីលីពីនដែលជាប្រទេសតូចជាងចិន ដូច្នេះ ចង់ ឬចង់ គ្មានជម្រើសណាក្រៅពីចាប់យកអាមេរិកដើម្បីការពារខ្លួន និងបង្កើនទម្ងន់យោធារបស់ខ្លួននៅចំពោះមុខនៃជម្លោះក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូងជាមួយមហាយក្សចិននោះឡើយ។