លោក អាសេនីញ៉ូ បាលីសាខេន (Arsenio Balisacan) ប្រធានអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិហ្វីលីពីន បាននិយាយថា ហ្វីលីពីននឹងកាត់បន្ថយពន្ធនាំចូលចំណីអាហារសំខាន់ៗពី ៣៥% មកនៅត្រឹមតែ ១៥% វិញដើម្បីបន្ធូរបន្ថយបញ្ហាអតិផរណារបស់ប្រទេសនេះព្រោះវិធានការនេះនឹងធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះថោក។
លោកប្រធានាធិបតីហ្វីលីពីន នឹងចេញបទបញ្ជាអនុវត្តលើការកាត់បន្ថយពន្ធគយនេះ ប៉ុន្តែមិនទាន់កំណត់ច្បាស់នៅឡើយទេ។ ហ្វីលីពីនបានប្រកាសថា ពន្ធលើពោត សាច់ជ្រូក និងសាច់សុទ្ធដទៃទៀតនឹងត្រូវរក្សាពន្ធឱ្យនៅដដែលរហូតដល់ឆ្នាំ២០២៨។
លោក មីហ្កែល ឆានខូ (Miguel Chanco) ប្រធានសេដ្ឋវិទូអាស៊ីនៅក្រុមហ៊ុនមួយក្នុងប្រទេសអង់គ្លេសបានកត់សម្គាល់ថា វិធានការនេះនឹងជួយទាញអតិផរណាឱ្យធ្លាក់ដាំក្បាលចុះក្រោម និងជួយបង្កើនអំណាចទិញរបស់ប្រជាជនហ្វីលីពីន ប៉ុន្តែវាក៏នឹងធ្វើឱ្យអង្ករនាំចូលមានតម្លៃថោកជាងផលិតផលក្នុងស្រុកដែលពិតជានឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់កសិករហ្វីលីពីនផងដែរ។
លោកបានបន្ថែមថា ការផ្លាស់ប្តូរនេះនឹងក្លាយជា«អត្ថប្រយោជន៍ដ៏ធំធេង»សម្រាប់អ្នកនាំចេញអង្ករនៅអាស៊ីដូចជាប្រទេសវៀតណាម និងថៃជាដើម ប៉ុន្តែថាប្រទេសឥណ្ឌានឹងបន្តបាត់បង់ ឱកាសបែបនេះជាបន្តទៀតដោយសារតែការទប់ស្កាត់ការនាំចេញរបស់ខ្លួន៕
អត្ថបទ៖ សុខ មង្គល