លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម បានលើកឡើងថា កសិករអ្នកបង្កបង្កើនទិន្នផលស្រូវមួយចំនួនហាក់មានបំណងចង់បោះបង់ការផលិតរបស់ពួកគេ ដោយសារការវិបត្តិប្រេងឥន្ធនៈសកលបានជំរុញថ្លៃដើមផលិតឱ្យហក់ឡើងខ្ពស់ តែកសិផលលក់បានក្នុងតម្លៃទាប។ ។ យ៉ាងណាមិញ លោកស្នើឱ្យរដ្ឋាភិបាលជួយទម្លាក់កញ្ចប់ថវិការឧបតម្ភធនដល់កសិករក្នុងគ្រាដ៏លំបាកនេះ ដើម្បីជំរុញលើកទឹកចិត្តពួកគេឱ្យបន្តបង្កបង្កើនទិន្នផលស្រូវនារដូវក្រោយនេះ។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវឱ្យកសិករកុំបោះបង់ការផលិតស្រូវ ដែលអាចធ្វើឱ្យប្រឈមអសន្តិសុខស្បៀង ជាពិសេសត្រូវតាមដានបញ្ហាអាកាសធាតុឱ្យបានដិតដល់ ព្រោះវាអាចជួយសម្រួលដល់ការផលិតរបស់ពួកគេ។
មិនខុសគ្នានោះទេ លោក ហួ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្ម នៃក្រុមហ៊ុនអង្គរហ្គ្រីន បានផ្តល់ជាគំនិតថា ជាជាងការបោះបង់ចោលការផលិត កសិករគួរតែងាកមកអនុវត្តវិធីសាស្ត្រកាត់បន្ថយបរិមាណ តែបង្កើនគុណភាព។ លោកបានពន្យល់ថា ការកាត់បន្ថយផ្ទៃដីដាំដុះឱ្យល្មមនឹងលទ្ធភាពគ្រប់គ្រង ប៉ុន្តែពង្រឹងបច្ចេកទេសឱ្យទទួលបានទិន្នផលខ្ពស់ និងគុណភាពល្អ គឺជាគន្លឹះក្នុងការរក្សាប្រាក់ចំណេញក្នុងស្ថានភាពថ្លៃដើមខ្ពស់បែបនេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ដើម្បីអាចជួយជួយឱ្យកសិករផលិតស្រូវទទួលបានជោគជ័យ ទាមទារឱ្យរោងម៉ាស៊ីនកិនស្រូវជួយប្រមូលទិញផលស្រូវពីកសិករ គួបផ្សំរដ្ឋាភិបាលជួយផ្ដល់នូវបច្ចេកទេសដាំដុះបន្ថែម។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្ទាន់ ដោយសម្រេចចាត់ទុកអាករលើតម្លៃបន្ថែម (VAT) ១០% លើការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG ជាបន្ទុករបស់រដ្ឋទាំងស្រុង។ ការដាក់ចេញវិធានការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ថ្លៃដើមផលិតកម្មក្នុងស្រុក។ ជាមួយគ្នានេះ កាលពីកន្លងទៅរាជរដ្ឋាភិបាលបានទម្លាក់ថវិកា ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវដល់កសិករជាលើកទី៥ មានចំនួន៤០លានដុល្លារក្នុងការប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦៕
អត្ថបទ៖ ជា ម៉ារ៉ា