គេនៅចាំបានថាកាលពីឆ្នាំ២០១៨ បុរសខ្លាំងហ្វីលីពីនរូបនេះ បានប្រកាសហាមឃាត់ការសាងសង់ និងការធ្វើអាជីវកម្មកាស៊ីណូទាំងអស់នៅក្នុងប្រទេស ក្នុងយុទ្ធនាការសម្អាតគ្រឿងញៀនទ្រង់ទ្រាយធំរបស់លោក។ យុទ្ធនាការសម្អាតគ្រឿងញៀនដែលរួមបញ្ចូលទាំងការសម្អាតអំពើឧក្រិដ្ឋកម្ម ជួញដូរមនុស្ស និងការលាងលុយកខ្វក់ផងដែរ។
យ៉ាងណាមិញ កាលពីសប្តាហ៍មុននេះ លោក ឌូទែតេ បានចេញមុខមកសារភាពថា ក្នុងកាលទេសៈនេះ លោកពិតជាត្រូវការថវិកាសម្រាប់រដ្ឋាភិបាលយកមកប្រើប្រាស់សម្រាប់ចំណាយទប់ទល់នឹងកូវីដ១៩ដែលមានកំណើនករណីឆ្លងថ្មីៗជារៀងរាល់ថ្ងៃ ក៏ដូចជាស្រោចស្រង់សេដ្ឋកិច្ចដែលប៉ះទង្គិចខ្លាំងដោយសារជំងឺរាតត្បាតនេះ។
ត្រូវបានស្រង់សម្តីដើមទាំងស្រុងដោយ Nikkei លោកឌូទែតេ បាននិយាយថា៖ «ឲ្យខ្ញុំសុំទោសដែលខ្ញុំក្រឡាសសម្តី ពេលនេះពួកយើងមិនមានលុយគ្រប់គ្រាន់ទេ»។ លោកបញ្ជាក់បន្ថែមថា លោកនឹងទទួលយកថវិកាពីគ្រប់ប្រភពទាំងអស់ដែលមាន ទោះបីវាជាប្រាក់ដែលបានពីវិស័យបនល្បែងក៏ដោយ។
សូមជម្រាបថា ក្រុមហ៊ុនដែលនឹងទទួលបានការអនុញ្ញាតឲ្យដំណើរការអាជីវកម្មកាស៊ីណូឡើងវិញមានឈ្មោះថា Macao’s Galaxy Entertainment Group ដែលមានប្រភពមកពីកោះម៉ាកាវ។ មែនទែនទៅក្រុមហ៊ុនមួយនេះ មានអាជីវកម្មជាច្រើនរួចទៅហើយ ដូចជារីសត និងសណ្ឋាគារជាច្រើននៅលើកោះ បូរ៉ាខេ ដែលជាដែនកោះសក្តានុពលទេសចរណ៍របស់ហ្វីលីពីន។ រដ្ឋាភិបាលហ្វីលីពីន រំពឹងបានចំណូលបន្ថែមពីវិស័យល្បែងស៊ីសងនិយាយជារួម និងទទួលបានពីក្រុមហ៊ុនម៉ាកាវដ៏ធំមួយនេះ និយាយដោយឡែក ដើម្បីយកមកទប់ទល់នឹងវិបត្តិកូវីដ១៩៕