កម្តៅភាពតានតឹងនៅសមុទ្រចិនខាងត្បូងកើនឡើងជាថ្មីម្តងទៀតរវាងចិន និងហ្វីលីពីន!

ហ្វីលីពីនចោទចិនថាបានយាយីអ្នកនេសាទខ្លួន និងបានពង្រាយរបាំងបណ្តែតក្នុងដែនទឹកជម្លោះសមុទ្រចិនខាងត្បូង


ភាពតានតឹងនៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង រវាងចិន និងហ្វីលីពីនកើតឡើងជាថ្មីម្តងទៀត។ ហ្វីលីពីនកាលពីថ្ងៃអាទិត្យបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិនថា បានពង្រាយ«របាំងបណ្តែតទឹក» នៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដោយមានបំណងចង់រារាំងទូកហ្វីលីពីនមិនឱ្យធ្វើដំណើរចូល និងនេសាទនៅក្នុងតំបន់នោះ។
កម្តៅភាពតានតឹងនៅសមុទ្រចិនខាងត្បូងកើនឡើងជាថ្មីម្តងទៀតរវាងចិន និងហ្វីលីពីន!

កាលពីថ្ងៃសុក្រនោះ ឆ្មាំឆ្នេរសមុទ្រចិន ក៏បានយាយីអ្នកនេសាទហ្វីលីពីន និងបណ្តេញកប៉ាលមន្ត្រីធនធានជនផលហ្វីលីពីនពីសមុទ្រហ្វីលីពីនខាងលិច ដែលកំពុងមានជម្លោះជាមួយចិនដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
យោងតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំសមុទ្រហ្វីលីពីនកាលពីថ្ងៃសុក្រ លោក ចាយ ថារីឡា (Jay Tarriela) ដែលជាអ្នកនាំពាក្យបាននិយាយថា រណាំងបណ្តែតទឹកត្រូវបានប្រទះឃើញនៅលើផ្ទៃសមុទ្រភាគអាគ្នេយ៍នៃកោះ ប៉ាចូ ឌី ម៉ាសីនឡុក (Bajo de Masinloc) ដែលមានប្រវែងប្រហែល៣០០ម៉ែត្រអំឡុងពេលការល្បាតជាប្រចាំ។ ឆ្មាំហ្វលីពីន និងនាយកដ្ឋានធនធានជលផលបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ។ បើតាមលោក ចាយ ការពង្រាយពោងនេះគឺ ចិនចង់រារាំងទូកនេសាទហ្វីលីពីនចូលទៅនេសាទនៅតំបន់នោះ។
យ៉ាងណាក៏ដោយ មកទល់ពេលនេះមិនទាន់មានការប្រកាស ឬឆ្លើយតបណាមួយពីសំណាក់ចិននោះទេ។ គួរជម្រាបថា កោះ ប៉ាចូ ឌី ម៉ាសីនឡុក ដែលត្រូវបានហៅទូទៅថា ស្ក្រាបូរ៉ោក ស្សូល(Scarborough Shoal) គឺជាថ្មប៉ប្រះទឹកតូចមួយ ប៉ុន្តែសម្បូរទៅដោយធនធាននេសាទ។ វាមានចម្ងាយប្រមាណ២៤០គីឡូម៉ែត្រ ពីភាគខាងលិចនៃកោះ លូហ្សូន (Luzon) របស់ហ្វីលីពីន។

កោះនេះត្រូវបានចិនហៅ ហ័ងយ៉ាងដៅ ( Huangyandao) ហើយមែនទែនទៅវាស្ថិតនៅក្នុងប្រជុំកោះតូចមួយក្នុងចំណោមកោះតូចៗផ្សេងទៀត ដែលចិននិងហ្វីលីពីនមានជម្លោះរ៉ាំរ៉ៃក្នុងសមុទ្រចិនខាងត្បូង។ កោះ Scarborough Shoal មានចម្ងាយប្រមាណ៩០០គីឡូម៉ែត្រ ពីតំបន់ដីដែលនៅជិតបំផុតនៃខេត្តហៃណាន។
ទោះយ៉ាងណា នៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលមានចិននៅក្នុងនោះចែងថា បណ្តាប្រទេសមានសមត្ថកិច្ចគ្រប់គ្រងលើធនធានធម្មជាតិក្នុងសមុទ្រចម្ងាយប្រមាណ៣៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃប្រទេសនោះ។ ក៏ប៉ុន្តែទីក្រុងប៉េកាំងមិនគោរពតាមច្បាប់នេះទេ និងបានគ្រប់គ្រងសមុទ្រចិនខាងត្បូងស្ទើតែទាំងស្រុងរួមទាំងតំបន់ Scarborough Shoal នេះពីហ្វីលីពីនក្នុងឆ្នាំ២០១២។ ចាប់តាំងពីពេលនោះមក ចិនបានដាក់ពង្រាយឆ្មាំឆ្នេរសមុទ្រ និងនាវាផ្សេងទៀត ដើម្បីរារាំង ឬរឹតបន្តឹងការចូលទៅនេសាទពីសំណាក់ប្រជាជនហ្វីលីពីន។
កាលពីថ្ងៃសុក្រមុនការពង្រាយពោងនេះ ហេតុការណ៍មួយក៏បានកើតឡើង ដោយកងឆ្មាំសមុទ្រចិនបានដេញតាមទូកនេសាទហ្វីលីពីននៅក្បែរកោះ Scarborough Shoal។ ការដេញតាមកាលពីថ្ងៃសុក្រនេះ ត្រូវបានឃើញដោយអ្នកកាសែត AFP នៅលើកប៉ាល់នាយកដ្ឋានធនធានជលផលហ្វីលីពីន BRP ដាទូ បានកូ (Datu Bankaw) ដែលកំពុងដឹកជញ្ជូនអាហារ ទឹក និងប្រេងឥន្ធនៈដល់អ្នកនេសាទហ្វីលីពីន ដែលកំពុងនេសាទនៅតំបន់នោះ។
តាមការឱ្យដឹង មានកប៉ាល់នេសាទឈើជាង៥០គ្រឿង ដែលប្រជាជនហ្វីលីពីនកំពុងប្រតិបត្តិការនៅខាងក្រៅច្រាំងសមុទ្រ Scarborough Shoal នោះ។ ប្រជានេសាទនេសាទហ្វីលីពីនមួយចំនួន បាននៅទីនោះអស់រយៈពេលពីរសប្តាហ៍រួចមកហើយ ដោយប្រើសំណាញ់ ខ្សែ និងលំពែង ដើម្បីចាប់ត្រីធូណា ត្រីងៀត និងត្រីផ្សេងៗទៀត។ ដោយឡែក ក៏មានកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនចំនួន៤គ្រឿង កំពុងល្បាតនៅតំបន់នោះ ដោយឱ្យកប៉ាល់ BRP និងអ្នកនេសាទហ្វីលីពីនឱ្យនៅឆ្ងាយពីច្រាំងសមុទ្រ Scarborough Shoal។ ក្នុងនោះ កប៉ាលឆ្មាំសមុទ្រចិនមួយក៏ប្រកាសបញ្ជាឱ្យកប៉ាល់នាយកដ្ឋានធនធានជលផលហ្វីលីពីន BRP ចាកចេញពី«ទឹកដីចិនភ្លាមៗ»ដែរ។ តែកប៉ាលហ្វីលីពីននៅតែបន្តវត្តមាននៅទីនោះ ដើម្បីផ្គត់ផ្គង់ជំនួយដល់អ្នកនេសាទហ្វីលីពីន៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការប្រកាសឲ្យប្រើប្រាស់វចនានុក្រមខ្មែរ ឆ្នាំ២០២២ ជាផ្លូវការ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធ…

ជប៉ុនដែលកំពុងខ្វះកម្លាំងពលកម្ម គ្រោងបណ្តុះបណ្តាលកម្មករវ័យកណ្ដាលឱ្យជួយផ្នែកបច្ចេកវិទ្យា

ប្រទេសជប៉ុនកំពុងងាកទៅរកកម្មករវ័យកណ្តាល ដើម្បីជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងវិស័យបច្ចេកវិទ្យា តាមរយៈការដាក់ចេញកម្មវិធីហ្វឹកហាត់ការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ