ហ្វីលីពីន

ហ្វីលីពីនបន្តកាត់បន្ថយពន្ធទៅលើអង្ករនាំចូល និងមុខទំនិញម្ហូបអាហារផ្សេងទៀតដើម្បីទប់ទល់នឹងអតិផរណា


ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានអនុម័តយល់ព្រមតាមការផ្ដល់យោបល់របស់ក្រសួងសេដ្ឋកិច្ច ដើម្បីបន្តរហូតដល់ចុងឆ្នាំក្រោយ នូវការបន្ធូរបន្ថយអត្រាពន្ធនៅលើអង្ករ និងម្ហូបអាហារនាំចូលផ្សេងៗទៀត ដើម្បីជួយទប់ទល់នឹងអតិផរណាចេះតែកើនខ្ពស់នៅប្រទេសនេះ។ នេះបើតាមការិយាល័យរបស់ប្រធានាធិបតីបានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែធ្នូ។
ហ្វីលីពីនបន្តកាត់បន្ថយពន្ធទៅលើអង្ករនាំចូល និងមុខទំនិញផ្សេងទៀតដើម្បីទប់ទល់នឹងអតិផរណា

ប្រទេសហ្វីលីពីនបានកែប្រែអត្រាពន្ធលើការនាំចូលអង្ករ និងបានអនុម័តវាជាផ្លូវការនៅក្នុងឆ្នាំ២០២១ ប៉ុន្តែអត្រាពន្ធនេះនឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណា ខណៈដែលអត្រាអតិផរណាកំពុងតែបន្តដំណើរការក្នុងកម្រិតខ្ពស់រយៈពេល ១៤ ឆ្នាំមកនេះ រដ្ឋាភិបាលហ្វីលីពីនក៏បានសម្រេចចិត្តបន្តពន្យារពេលនៃការដកពន្ធរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងបំណងជួយទប់ទល់នឹងអតិផរណាដែលចេះតែកើនឡើងឥតឈប់ឈរនាពេលសព្វថ្ងៃនេះ។

ការិយាល័យអ្នកនាំពាក្យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រាពន្ធសម្រាប់អង្ករនាំចូលនឹងបន្តស្ថិតនៅត្រឹម ៣៥% ខណៈដែលពន្ធនាំចូលលើផលិតផលពោតនឹងស្ថិតនៅត្រឹម ៥%-១៥% និងសាច់ជ្រូកស្ថិតនៅ ១៥%-២៥%។

ចំណែកពន្ធលើការនាំចូលធ្យូងថ្ម ដែលជាវត្ថុធាតុដើមដ៏សំខាន់មួយក្នុងការផលិតថាមពលនោះនឹងបន្តស្ថិតនៅត្រឹមសូន្យហួសរហូតដល់ចុងឆ្នាំក្រោយផងដែរ ក៏ប៉ុន្តែវានឹងត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ផងដែរ។

លេខាធិការផែនការសេដ្ឋកិច្ចលោក អាសេនីអូ បាលីសាខេន (Arsenio Balisacan) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តាមរយៈគោលនយោបាយនេះ ហ្វីលីពីននឹងបង្កើនការផ្គត់ផ្គង់ស្បៀងក្នុងស្រុករបស់ខ្លួន ធ្វើពិពិធកម្មប្រភពចំណីអាហារ និងបន្ថយសម្ពាធអតិផរណាដែលកើតចេញពីឧបសគ្គនៃការផ្គត់ផ្គង់ និងការកើនឡើងនូវតម្លៃទិន្នផលផលិតកម្មអន្តរជាតិផងដែរ។

អតិផរណាតម្លៃទំនិញប្រើប្រាស់នៅប្រទេសហ្វីលីពីន គឺស្ថិតនៅក្នុងកម្រិត ៨% នៅក្នុងខែវិច្ឆិកាដែលជាកម្រិតមួយលើសពីគោលដៅរបស់ធនាគារកណ្តាលហ្វីលីពីន ដែលបានកំណត់ត្រឹមតែចន្លោះពី ២%-៤% សម្រាប់ឆ្នាំនេះ និងរយៈពេលមធ្យមតែប៉ុណ្ណោះ។

ការកើនឡើងអតិផរណានេះបានជំរុញឱ្យធនាគារកណ្ដាលហ្វីលីពីន (BSP) ដំឡើងអត្រាការប្រាក់ចំនួន ៧ ដងនៅឆ្នាំនេះ ហើយទំនងជានឹងរឹតបន្តឹងបន្ថែមទៀតនៅឆ្នាំ២០២៣ដើម្បីធ្វើឲ្យអតិផរណាធ្លាក់មកនៅកម្រិតមួយស្របតាមគោលដៅកំណត់របស់ខ្លួន។

មន្ត្រីជាន់ខ្ពស់ហ្វីលីពីន បានគូសបញ្ជាក់ថា រដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការដឹកនាំសេដ្ឋកិច្ចហ្វីលីពីនឱ្យសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៦% ទៅ ៧% សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


កក់សំបុត្ររថយន្ត និងទូកជាមួយប្រព័ន្ធឌីជីថលរបស់ វិរៈប៊ុនថាំ ទទួលបានការបញ្ចុះតម្លៃពិសេស ដើម្បីអបអររដូវកាលឆ្លងឆ្នាំ

ខណៈដែលរដូវកាលបុណ្យឆ្លងឆ្នាំថ្មីកំពុងឈានជិតមកដល់នោះ លោកអ្នកប្រហែលជាកំពុងរៀបចំផែនការដើម្បីធ្វើដំណើរកម្សាន្តមិនថានៅក្នុងស្រុក ឬទៅប្រទេសជិតខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ