អាជ្ញាធរខេត្តឈួងទ្រី (Quang Tri) ប្រទេសវៀតណាម បានអនុម័តគម្រោងបង្កើតខ្សែក្រវាត់ផ្លូវប្រហែល៦គីឡូម៉ែត្រ ដែលនឹងលាតសន្ធឹងពីព្រំដែនឡាវ-វៀតណាម ទៅកាន់ឃ្លាំងមួយនៅក្នុងស្រុកដាក្រុង (Dakrong) ក្នុងខេត្តឈួងទ្រី ដែលមានផ្ទៃដីសរុបជិត២៤ហិកតា ដោយគ្រោងនឹងចំណាយថវិកាជាង៥៨លានដុល្លារអាម៉េរិក។
គម្រោងនេះមានបំណងកែលម្អការដឹកជញ្ជូនធ្យូងថ្មរវាងវៀតណាម និងឡាវ ព្រមទាំងដោះស្រាយបញ្ហាផ្លូវថ្នល់ក្នុងស្រុកតូចចង្អៀត និងខូចគុណភាពមួយចំនួនដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ហើយក៏ដើម្បីស្វែងរកការធានាសន្តិសុខថាមពលរបស់វៀតណាម រហូតដល់ឆ្នាំ២០៣០ បំពេញតម្រូវការធ្យូងថ្មក្នុងស្រុក និងកាត់បន្ថយសម្ពាធគយនៅច្រកទ្វារព្រំដែនអន្តរជាតិ ឡាឡាយ (La Lay) និងផ្លូវហាយវេក្នុងស្រុកផងដែរ។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសឡាវ បានបង្កើនការនាំចេញធ្យូងថ្មទៅវៀតណាម ភាគច្រើនតាមរយៈព្រំដែនខេត្តឈួងទ្រីជាប់ខេត្តសាឡាវ៉ានរបស់ប្រទេសឡាវ ជាពិសេសនៅច្រកទ្វារព្រំដែនអន្តរជាតិ ឡាឡាយ ដោយមានការដឹកជញ្ជូនធ្យូងថ្មជិត៤ពាន់តោនក្នុងមួយថ្ងៃ ហើយបន្តកើនឡើងដល់កម្រិតជាង១ម៉ឺន២ពាន់តោនក្នុងមួយថ្ងៃ។
គ្រាន់តែក្នុងឆ្នាំ២០២៣ មួយប៉ុណ្ណោះ ខេត្តឈួងទ្រីរបស់វៀតណាម បាននាំចូលធ្យូងថ្មជាង២លានតោនមកពីប្រទេសឡាវ ដែលនាំឱ្យមានការកកស្ទះកាន់តែខ្លាំងនៅតាមច្រកទ្វារព្រំដែន និងធ្វើឱ្យខូចផ្លូវថ្នល់ និងផ្លូវហាយវ៉េ ក្នុងស្រុកផងដែរ៕