ឆ្មាំសមុទ្រហ្វីលីពីន និងឆ្មាំសមុទ្រចិន បានប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៧ ខែមិថុនា ដែលពេលនោះឆ្មាំឆ្នេរសមុទ្រចិន បានរំខានបេសកកម្មផ្គត់ផ្គង់បរិក្ខារតាមទម្លាប់ទៅឱ្យឆ្មាំសមុទ្រហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹក ថូមាសសូលទីពីរ ដោយប្រមុខយោធាហ្វីលីពីន លោក រ៉ូមីអូ ប្រននឺ (Romeo Brawner) បានប្រដូចទង្វើរបស់ក្រុងប៉េកាំងនៅពេលនោះថា ដូចជាសកម្មភាពចោរសមុទ្រ។
លោក ប្រននឺ បាននិយាយថា នៅក្នុងការប៉ះទង្គិចគ្នានោះ បុគ្គលិកឆ្មាំសមុទ្រចិន បានឡើងលើទូកកៅស៊ូរបស់ហ្វីលីពីន ប្រដាប់ដោយអាវុធមួយចំនួនដូចកាំបិត ពូថៅ និងលំពែងជាដើម ដែលបានបណ្តាលឱ្យទាហានជើងទឹកហ្វីលីពីនម្នាក់ដាច់មេដៃ។
ដូច្នេះហើយពេលនេះ លោក ប្រននឺ បានទាមទារឱ្យចិនបង់ប្រាក់ចំនួន១លានដុល្លារ ជាសំណងដល់ការខូចខាតទ្រព្យសម្បត្តិរបស់ហ្វីលីពីន ដែលរួមបញ្ចូលទាំងការខូចខាតទូករហូតដល់ឧបករណ៍ទំទាក់ទំនងផ្សេងទៀតផងដែរ ខណៈដែលមកដល់ពេលនេះមិនទាន់មានការប្រតិកម្មពីភាគីចិនជុំវិញការទាមទារសំណងនេះនៅឡើយទេ៕
អត្ថបទ៖ សុខ មង្គល