ទីផ្សារអង្ករ

រដ្ឋាភិបាលហ្វីលីពីន បញ្ចេញស្តុកអង្ករចូលទៅក្នុងទីផ្សារ ដើម្បីដោះស្រាយបញ្ហាអតិផរណា


ប្រទេសហ្វីលីពីន ដែលជាអ្នកនាំចូលអង្ករដ៏ធំមួយនៅលើពិភពលោកកំពុងជួបបញ្ហាអតិផរណាតម្លៃអង្ករ ដែលបានជំរុញឱ្យរដ្ឋាភិបាលប្រទេសនេះបានប្រកាសពីភាពអាសន្នពាក់ព័ន្ធនឹងបញ្ហាសន្តិសុខស្បៀង។ កត្តានេះបានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានមួយនេះត្រូវបញ្ចេញអង្ករក្នុងស្តុកចូលទៅក្នុងទីផ្សារ ដើម្បីដោះស្រាយបញ្ហានេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងអតិផរណាតម្លៃអង្ករ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ទីផ្សារអង្ករ
ដោយ

អតិផរណាតម្លៃទំនិញប្រើប្រាស់ស្នូលនៅប្រទេសហ្វីលីពីន បានធ្លាក់ចុះមកត្រឹម៣,២% នៅក្នុងឆ្នាំ២០២៤ បើធៀបនឹងអត្រា៦% នៅក្នុងឆ្នាំ២០២៣។ ប៉ុន្តែតម្លៃអង្ករនៅប្រទេសនេះ នៅតែស្ថិតក្នុងកម្រិតខ្ពស់ បើទោះជារដ្ឋាភិបាលហ្វីលីពីន បានព្យាយាមកាត់បន្ថយពន្ធលើការនាំចូលអង្ករពី៣៥% មកនៅត្រឹម១៥% នៅឆ្នាំ២០២៤ យ៉ាងណាក៏ដោយ។

បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីន អង្ករលក់រាយនៅហ្វីលីពីនបច្ចុប្បន្នមានតម្លៃចន្លោះពី០,៧២ដុល្លារ ដល់០,៩៣ដុល្លារក្នុង១គីឡូក្រាម អាស្រ័យលើគុណភាពអង្ករ ដែលមានកម្រិតប្រហាក់ប្រហែលនឹងឆ្នាំ២០២៤។ អាជ្ញាធរបានបន្ទោសអ្នកនាំចូល និងអ្នកលក់ដុំអង្ករចំពោះការកេងចំណេញលើការបន្ទាបពន្ធនាំចូលរបស់ខ្លួន។

ទោះជាយ៉ាងណា រដ្ឋាភិបាលហ្វីលីពីន នៅដើមសប្តាហ៍នេះ បានប្រកាសពីស្ថានភាពអាសន្នសម្រាប់សន្តិសុខស្បៀងរបស់ខ្លួន ដែលជំរុញឱ្យរដ្ឋាភិបាលត្រូវបង្ខំចិត្តបញ្ចេញអង្ករពីក្នុងស្តុក ដើម្បីបំពេញតម្រូវការក្នុងទីផ្សារ ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួន និងពេលវេលាច្បាស់លាស់នោះទេ។

លោក សូនី អាហ្វ្រ៊ីខា (Sonny Africa) នាយកប្រតិបត្តិនៃមូលនិធិ IBON មិនរកប្រាក់ចំណេញក្នុងស្រុកមួយបានប្រាប់នីកេអេស៊ាថា តម្លៃអង្ករអាចធូរស្រាលជាងមុនដោយសារតែវិធានការនេះ ព្រោះវានឹងជួយជំរុញកំណើនផ្គត់ផ្គង់អង្ករនៅក្នុងទីផ្សារ ប៉ុន្តែថា វិធានការសង្គ្រោះបន្ទាន់នេះទំនងជាមិនអាចដោះស្រាយបញ្ហាផលិតភាពកសិកម្មជាទូទៅបានឡើយ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ជាអ្នកនាំចូលអង្ករលំដាប់កំពូលមួយរបស់ពិភពលោក ដោយប្រទេសនេះបាននាំចូលអង្ករជិត៥លានតោន កាលពីឆ្នាំមុន ខណៈដែលផលិតកម្មក្នុងស្រុកជួបការលំបាកដោយសារព្យុះទីហ្វុងបំផ្លិចបំផ្លាញ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អង្គការនៃប្រទេសនាំចេញប្រេង OPEC+ នៅតែរក្សាផែនការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ទោះបីលោក ដូណាល់ ត្រាំ អំពាវនាវឱ្យខ្លួនបញ្ចុះតម្លៃប្រេងយ៉ាងណាក្ដី

អង្គការនៃប្រទេសនាំចេញប្រេង OPEC+ មិនបានផ្លាស់ប្តូរផែនការផលិត និងផ្គត់ផ្គង់ប្រេងដែលមានស្រាប់របស់ខ្លួននោះឡើយ ទោះបីជាប្រធានាធិបតីសហរដ្ឋអាម៉…

តើកិច្ចព្រមព្រៀងពន្ធសាជីវកម្មសកលអាចដំណើរការបានទេ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញ?

អនាគតនៃការអនុវត្តកិច្ចព្រមព្រៀងការយកពន្ធសាជីវកម្មជាសកលកំពុងស្ថិតក្នុងភាពមន្ទិល ក្រោយការប្រកាសដកខ្លួនចេញរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ