ផ្លូវដែលមានប្រវែងសរុបជិត៥៣ គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាជាង២៦៧លានដុល្លារអាមេរិកមួយនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយទៀតសម្រាប់វិស័យដឹកជញ្ជូនកម្ពុជា ហើយវានឹងជួយកាត់បញ្ជៀសចរាចរណ៍កកស្ទះ ពិសេសសម្រាប់ការដឹកជញ្ជូនទំនិញរបស់រថយន្ដដឹកទំនិញធំៗជាដើម។
ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ បានប្រាប់ខេមបូណូមីសថា បើទោះបីជា មានការប៉ះពាល់តិចតួច ដោយសារតែមេរោគរាតត្បាតកូវីដ-១៩ ប៉ុន្ដែ វឌ្ឍភាពនៃការសាងសង់ ក្រវាត់ក្រុងទីបី នៅតែមានការដំណើរទៅមុខ ដោយសារតែក្រសួងសាធារណៈការ និង ដឹកជញ្ជូនមានយន្តការក្នុងការបង្កាតាមរយៈការចាក់វាក់សាំង និង ធ្វើតេស្តរហ័សចំពោះវិស្វករជំនាញ និងកម្មករសាងសង់ សំដៅធ្វើយ៉ាងណាឲ្យសកម្មភាពសាងសង់នៅតែបន្ដលឿនទៅមុខ។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងខ្សែទី ៣ នេះ មានការតភ្ជាប់ពីផ្លូវជាតិសំខាន់ៗជាច្រើនដូចជា ផ្លូវជាតិលេខ៦, លេខ៥, លេខ៤, លេខ៣ និងលេខ២ និងផ្លូវជាតិលេខ១ផងដែរ ដោយឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុបជិត ៥៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ នេះ គ្រោងចំណាយថវិកាសរុបប្រមាណជា ២៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន។
ក្រសួងសាធារណការ និងដឹកជញ្ជួនបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ នឹងក្លាយជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើដល់ការដឹកជញ្ជូនវាងរាជធានីភ្នំពេញ ដែលជាសរសៃឈាមគមនាគមន៍សំខាន់ៗរបស់កម្ពុជា ។ មិនតែប៉ុណ្ណោះ ផ្លូវក្រវាត់ក្រុងមួយនេះ ក៏នឹងអាចជាផ្នែកមួយក្នុងការទាក់ទាញការវិនិយោគរោងចក្រសហគ្រាសកាន់តែច្រើន អាចសម្លឹងមើលឱកាសពង្រីក ឬផ្លាស់ប្ដូរទីតាំងពីរាជធានីភ្នំពេញទៅកាន់តំបន់នោះផងដែរ៕
អត្ថបទ៖ សុខ សិទ្ធិការ្យ