មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញដែលគ្រោងនឹងបង្កើតឡើងនេះ លាតសន្ធឹងលើផ្ទៃដីជិត ១០០ហិកតានៅម្តុំទំនប់កប់ស្រូវដែលពេលនេះស្ថិតនៅក្នុងដំណាក់កាលសិក្សា ផលប៉ះពាល់ដែលភារកិច្ចនេះក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងដោះស្រាយ និងបន្តស្អែងរកដៃគូរវិនិយោគ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងថ្លៃ និងសេវាកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជុំវិញនឹងគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះដែរ លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានអះអាងថា មជ្ឈមណ្ឌលនេះ ពិតជាសំខាន់និងចាំបាច់ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញកាន់តែងាយស្រួល និងឆាប់រហ័ស ខណៈនៅក្នុងមជ្ឈមណ្ឌលនេះមានការប្រមូលផ្តុំទាំងសេវាកម្មក្រុមហ៊ុន និងការបំពេញបែបបទរដ្ឋបាលផ្សេងៗក៏ស្ថិតនៅមួយកន្លែងតែម្តង៕