បន្ទាប់ពីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតមិនបានប៉ុន្មានម៉ោងស្រួលបួលផង រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងនាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនេះ គឺជាបើកផ្លូវសម្រាប់ការឈានទៅសិក្សាគម្រោងនេះលម្អិតជាផ្លូវការ ដែលគ្រោងចំណាយពេល១២ខែ។ ប៉ុន្តែ បើតាមការអះអាងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនអះអាងថា ពួកគេអាចត្រូវការពេលសិក្សាតែ៦ខែប៉ុណ្ណោះ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ការសិក្សាលើគម្រោងនេះធ្វើឡើងជាពីរដំណាក់កាល ដោយដំណាក់កាលពីទី១ពីភ្នំពេញទៅសៀមរាប និងដំណាក់កាលពីទីពីរពីសៀមរាបទៅប៉ោយប៉ែត។
បើតាមការវាយតម្លៃបឋមគម្រោងផ្លូវល្បឿនលឿនទី៣នេះ មានប្រវែងសរុប៤០០គីឡូម៉ែត្រ ដោយពីភ្នំពេញទៅសៀមរាបមានប្រវែង២៥០គីឡូម៉ែត្រ និងពីសៀមរាបទៅប៉ោយប៉ែតមានប្រវែង១៥០គីឡូម៉ែត្រ។ បើតាមអះអាងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាធម្មតាការស្ថាបនាផ្លូវល្បឿនលឿនជាមធ្យមចំណាយ១០លានដុល្លារក្នុង១គីឡូម៉ែត្រ បើដូច្នេះមែនគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត អាចចំណានប្រមាណ៤ពាន់លានដុល្លារអាមេរិក។ បើគ្មានបញ្ហារាំងស្ទះណាមួយនោះទេ គម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជានេះ អាចនឹងបើកការដ្ឋានសាងសង់យ៉ាងយូរបំផុតត្រឹមចុងឆ្នាំ២០២៤។
ជាមួយគ្នានេះ នាពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតកាលពីព្រឹកថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានគូសបញ្ជាក់ពីជុំវិញការចុះកិច្ចព្រមព្រៀងក្របខណ្ឌឈានទៅសិក្សាលើគម្រោងផ្លូវល្បឿនលឿនទី៣នេះដែរ។ បន្ថែមលើនេះសម្តេចតេជោ ក៏បានគូសបញ្ជាក់ពីសារសំខាន់របស់គម្រោងផ្លូវល្បឿនលឿនក្នុងការជួយជំរុញការធ្វើពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ប្រសិនបើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតបានបញ្ចប់ការសិក្សា ហើយឈានដល់ការកំណត់ពេលវេលាបើកការសាងសង់ វានឹងក្លាយជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីគម្រោងផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃជិត១ពាន់៤រយលានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣៕