ពិធីចុះអនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាព របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក ព្រមទាំងថ្នាក់គ្រប់គ្រង និងសហការីរបស់អគ្គលេខាធិការដ្ឋាន អ.ស.ហ និងធនាគារ អេស៊ីលីដា ព្រមទាំងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បងក្នុងការជួយជំរុញអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការធ្វើបរិវត្តកម្មឌីជីថល តាមរយៈសកម្មភាពសំខាន់ៗដូចជា៖
- ការធ្វើសមាហរណកម្មបច្ចេកវិទ្យា៖ តភ្ជាប់ Mini App រវាងផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ អ.ស.ហ. ជាមួយកម្មវិធីអេស៊ីលីដា ស៊ូភើអេប (ACLEDA Super App) និងការជំរុញការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា (ACLEDA Payment Gateway)
- ការចែករំលែកចំណេះដឹង និងបទពិសោធន៍៖ ការរៀបចំសិក្ខាសាលា សន្និសីទ និងការផ្តល់វាគ្មិនជំនាញ ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល រួមបញ្ចូលទាំងបរិយាបន្នហិរញ្ញវត្ថុ អក្ខរកម្មឌីជីថល និងអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និង
- ការស្រាវជ្រាវ និងនវានុវត្តន៍៖ គាំទ្រនិងផ្តល់យោបល់លើការបង្កើត ការស្រាវជាវ ពាក់ព័ន្ធនឹងផលិតផល និងសេវាឌីជីថលថ្មីៗ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
កិច្ចសហប្រតិបត្តិការត្រីភាគីនេះ គឺជាការចុះអនុស្សរណៈនៃការយោគយល់គ្នាលើកដំបូង រវាងអគ្គលេខាធិការដ្ឋាន អ.ស.ហ ធនាគារ អេស៊ីលីដា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ហើយកិច្ចសហការនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបង្កើតនវានុវត្តន៍ថ្មីៗ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។