
ស្ថាបនិករមណីយដ្ឋានភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធ បានប្រាប់ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍រមណីយដ្ឋាននេះ បានចាប់ផ្ដើមសាងសង់អស់រយៈរយៈពេលជាង៦ខែហើយ ដោយបានអភិវឌ្ឍក្នុងផ្ទៃដី ១០ហិចតា នៅលើផ្ទៃដីសរុបជាង ៦០ហិចតា។ ក្នុងផ្ទៃដី១០នេះដែរ លោកបានរៀចំជាបឹងធម្មតា និងពុះជាដីឡូត៌សម្រាប់លក់ប្រមាណជា ១៧០ឡូត៌ តែពេលនេះលក់ជិតអស់ហើយ ពោលគឺនៅសល់ប្រមាណជិត ១០ឡូត៌ទៀតប៉ុណ្ណោះ។
ជាប្រធានសមាគមសណ្ឋាគារ និងជាស្ថាបត្យករផងនោះ លោក ឌិន សុមេធារិទ្ធ ចង់អភិវឌ្ឍភូមិផ្កាត្រកួននេះ ឲ្យក្លាយទៅជាភូមិបុរាណមួយដូចទៅនឹងសម័យលង្វែក ទើបភាគច្រើនផ្ទះ ដែលត្រូវសាងសង់នៅក្នុងភូមិនេះ គឺជាផ្ទះលំហែកាយបែបបុរាណខ្មែរ ដោយមិនមានការចម្លងម៉ូតពីប្រទេសជិតខាងឡើយ។

ម្យ៉ាងវិញទៀត ដោយលោកគិតថា ពលរដ្ឋរស់នៅទីក្រុងភាគច្រើនធ្លាប់រស់នៅផ្ទះថ្ម ឬវីឡាហើយ ដូចនេះហើយលោកចង់ឲ្យអតិថិជនផ្លាស់ប្តូរបរិយាកាស មករស់នៅផ្ទះឈើបុរាណវិញម្តង។ តែយ៉ាងមិញក៏មិនបានហាមឃាត់ដាច់ខាត មិនឲ្យសាងសង់ផ្ទះម៉ូតសម័យថ្មីនោះទេ គ្រាន់តែការសាងសង់ផ្ទះនោះ ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមការងារលោកជាមុនសិន។
ចំណុចសំខាន់២របស់រមណីយដ្ឋានភូមិផ្កាត្រកួនគឺ ទី១ជាសួនកម្សាន្ដបែបធម្មជាតិដ៏ធំដោយមានបឹងធម្មជាតិ ទី២ ជាលំនៅដ្ឋានលំហែកាយ បែបបុរាណប្រកបដោយផាសុកភាពផងដែរ។ ស្ថាបត្យករ ឌិន សុមេធារិទ្ធ ប្តេជ្ញាថា នឹងធ្វើឲ្យរមណីយដ្ឋានផ្កាត្រកួននេះ ក្លាយជាជម្រើសដំបូង និងមានតែមួយគត់សម្រាប់អ្នកទីក្រុងមកកម្សាន្ដលេងជាលក្ខណៈក្រុមគ្រួសារ។

រមណីយដ្ឋានភូមិផ្កាត្រកួន មានទីតាំងស្ថិតនៅក្នុង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ ២១A ពីទួលក្រសាំងមក រមណីយដ្ឋាននេះ មានចំងាយប្រមាណ ២០គីឡូម៉ែត តែបើសិនជាធ្វើដំណើរតាមផ្លូវជាតិលេខ ២១ រមណីយដ្ឋាននេះមានចំងាយ ២៧គីឡូម៉ែត ដោយត្រូវវាងកោះអន្លុងចិន នឹងជិះកាត់តាមកោះក្របី។
លោកស្រី ដា រ៉ាវី និងស្វាមីបានទិញដីឡូត៌មួយកន្លែងនៅក្នុងភូមិផ្កាត្រកួននេះ ដោយត្រៀមនឹងធ្វើការសាងសង់ផ្ទះបុរាណមួយនាពេលខាងមុខនេះហើយ។ លោកស្រីបានប្រាប់ឲ្យដឹងថា មូលហេតុដែលលោកស្រីនិងស្វាមីសម្រេចចិត្តទិញដីឡូត៌សម្រាប់សាងសង់ផ្ទះនៅទីនេះ ព្រោះតែបរិយាកាសនៅតំបន់នេះ មានភាពអំណោយផលច្រើន ទាំងទេសភាព ភាពស្ងប់ស្ងាត់ ហើយថែមទាំងមិនចាំបាច់ត្រូវធ្វើដំណើរឆ្ងាយទៀតផង ពោលគឺ វាជាកន្លែងកម្សាន្ដដ៏មនោរម្យបំផុតសម្រាប់ថ្ងៃចុងសប្តាហ៍។ មួយវិញទៀត លោកស្រី ចង់ឲ្យកូនៗរបស់លោកស្រី បានឃើញនូវអ្វីដែលអាចនាំឲ្យពួកគេមានការរីកចម្រើនផ្នែកខួរក្បាល និងបញ្ញាស្មារតីផងដែរ។

បើតាមលោក ឌិន សុមេធារិទ្ធ ក្រុមការងារសាងសង់របស់លោកកំពុងតែមមាញឹកក្នុងការត្រៀមរៀបចំឲ្យហើយខ្លះៗ ដើម្បីទទួលការស្វាគមន៍អតិថិជន ដែលមានគម្រោងមកឆ្លងឆ្នាំនៅរមណីយដ្ឋាននេះ ទោះបីជា មិនទាន់ហើយរួចរាល់១០០ភាគរយក៏ដោយ។ ប្រហែលមួយឆ្នាំទៀត រមណីយដ្ឋាននេះ នឹងសាងសង់រួច ក្នុងរូបរាងជាផ្ទះលំហែកាយបែបបុរាណខ្មែរ អមដោយសួនកម្សាន្ដធម្មជាតិ ដ៏ធំមួយក្នុងទឹកដីខេត្តកណ្តាល ខណៈដែលសព្វថ្ងៃទើបតែសាងសង់ផ្ទះបុរាណបានប្រជាង ១០ផ្ទះ។

ដោយសារតែផ្ទៃដីមានទំហំដល់ទៅជាង ៦០ហិកតា ហើយនៅជាប់ទន្លេទៀតនោះ ស្ថាបនិកភូមិផ្កាត្រកួនមានគម្រោងនឹងពង្រីកជាបន្តបន្ទាប់ទៀត ដោយបច្ចុប្បន្នបានពង្រីកគម្រោងពុះដីឡូត៌ថែមជាង ១០០ឡូត៌ទៀត។ នៅក្នុងថ្ងៃអនាគតលោកគ្រោងនឹងអភិវឌ្ឍតំបន់នេះ ឲ្យស្រដៀងទៅនឹងផ្ទះបណ្តែតទឹកនៅភូមិកំពង់ផ្លុក នាខេត្តសៀមរាប ដើម្បីអាចផ្តល់ជម្រើសឲ្យបានច្រើន ក្នុងការស្នាក់នៅបែបលំហែកាយដល់ ពលរដ្ឋកម្ពុជា។

គួរជម្រាបថា វិស័យទេសចរណ៍ គឺជាសរសរស្ដម្ភដ៏សំខាន់មួយ ដើម្បីទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ខណៈដែលវិស័យនេះ ក៏ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា គឺជាមាសបៃតង របស់កម្ពុជា និងកំពុងត្រូវបានជ្រោមជ្រែងយ៉ាងខ្លាំងផងដែរ។ ក្នុងនោះ ការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗដូចជា តំបន់កម្សាន្ដ កន្លែងសម្រាកលំហែកាយនានា ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកថា គឺជាអាទិភាពចម្បងមួយ ក្នុងការជំរុញដល់កំណើនទេសចរចូលមកកម្សាន្ដនៅកម្ពុជាកាន់តែច្រើនឡើង៕