អ្នកចិញ្ចឹមជ្រូក

ហេតុអ្វីកសិករចិញ្ចឹមជ្រូកមួយចំនួនត្អូញត្អែររឿងប្រាក់ចំណេញ ទាំងដែលទីផ្សារជ្រូករស់ និងសាច់ជ្រូកនៅតែមានតម្លៃខ្ពស់?


កសិករចិញ្ចឹមជ្រូកមួយចំនួនបានត្អូញត្អែរអំពីការមិនទទួលបានផលចំណេញពីមុខរបរនេះ ទាំងដែលក្រុមអ្នកជំនាញ និងតំណាងសមាគមចិញ្ចឹមសត្វ បានអះអាងថា តម្លៃទីផ្សារជ្រូករស់ និងសាច់ជ្រូកនៅតែមានស្ថិរភាព និងរក្សាបានថ្លៃល្អនាពេលបច្ចុប្បន្ន។ ជាក់ស្តែងទីផ្សារជ្រូករស់បច្ចុប្បន្នមានតម្លៃប្រមាណ ១០,៥០០រៀលក្នុងមួយគីឡូក្រាម ខណៈសាច់ជ្រូកនៅតាមទីផ្សារលក់រាយមានតម្លៃចន្លោះពី១៧,០០០ រៀលដល់៣៥,០០០ រៀលក្នុងមួយគីឡូក្រាម។ ហេតុអ្វីកសិករចិញ្ចឹមជ្រូកមួយចំនួនត្អូញត្អែរមិនសូវទទួលបានប្រាក់ចំណេញ​ទាំងដែលទីផ្សារជ្រូករស់ និងសាច់ជ្រូក​មានតម្លៃខ្ពស់?
អ្នកចិញ្ចឹមជ្រូក
ដោយ

លោក លី ឡាវីល អ្នកគ្រប់គ្រងទូទៅផ្នែកចិញ្ចឹមជ្រូក នៃក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានគូសបញ្ជាក់ថា មកទល់ពេលនេះតម្លៃជ្រូករស់បន្តមានស្ថិរភាពល្អ និងពុំទាន់មានការធ្លាក់ថ្លៃធ្វើឱ្យកសិករ ឬម្ចាស់កសិដ្ឋានមានការខាតបង់ប្រាក់នោះទេ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ស្ថិរភាពតម្លៃជ្រូករស់នៅក្នុងទីផ្សារនាពេលនេះអាចផ្ដល់លទ្ធភាពឱ្យកសិករទទួលបានប្រាក់ចំណេញមួយចំនួន។ ទោះជាបែបនេះលោក លី ឡាវីល បានសង្កត់ធ្ងន់ថា ជ្រូកចិញ្ចឹមបែបគ្រួសារនៅតែមានតម្លៃទាបជាងជ្រូកចិញ្ចឹមនៅតាមកសិដ្ឋាន ខណៈការចិញ្ចឹមបែបគ្រួសារត្រូវចំណាយថ្លៃដើមខ្ពស់ជាងការចិញ្ចឹមតាមកសិដ្ឋានធំៗ។

ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កត់សម្គាល់ឃើញថា កសិករចិញ្ចឹមជ្រូកមួយចំនួននៅតែប្រឈមនឹងការចំណាយថ្លៃដើមខ្ពស់ តែលក់បានតម្លៃថោក។ បើតាមអ្នកជំនាញរូបនេះមកទល់ពេលនេះ កសិករខ្នាតតូចមានការប្រឈមនឹងការឡើងថ្លៃលើការចំណាយផ្សេងៗដែលបង្កឡើងពីវិបត្តិសកល ខណៈតម្លៃជ្រូករស់របស់កសិករខ្នាតតូចមានតម្លៃទាបជាងជ្រូកចិញ្ចឹមតាមកសិដ្ឋានប្រមាណ១ពាន់រៀលក្នុង១គីឡូក្រាម ខណៈជ្រូកសាច់ក្នុងផ្សារនៅតែមានតម្លៃខ្ពស់ ព្រោះអាស្រ័យតាមតម្រូវការ។ បើតាមលោក ស្រ៊ុន ពៅ ប្រសិនបើតម្លៃជ្រូករស់នៅសល់៩ពាន់រៀលក្នុង១គីឡូក្រាមនោះនឹងបង្កផលប៉ះពាល់ដល់កសិករ។ ទន្ទឹមនឹងនេះ លោកអំពាវនាវដល់កសិករខ្នាតតូចឱ្យរួមគ្នាចងក្រងជាសហគមន៍ ទើបអាចធ្វើឱ្យតម្លៃមានស្ថិរភាពបានយូរ។

បើតាមការគូសបញ្ជាក់របស់លោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជា ត្រូវការជ្រូករស់ប្រមាណ៩ពាន់ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាមសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ ខណៈតម្លៃលក់នៅតាមទីផ្សារអាចមានការប្រែប្រួលដោយសារការដំឡើងថ្លៃពីអាជីវករឆ្លៀតឱកាសមួយចំនួន។ គួរបញ្ជាក់ថា ជ្រូករស់បច្ចុប្បន្នអាចលក់បានក្នុងតម្លៃប្រមាណ១០,៥០០រៀលក្នុងមួយគីឡូក្រាម ខណៈសាច់ជ្រូកនៅតាមទីផ្សារលក់រាយមានតម្លៃចន្លោះពី១៧,០០០រៀលដល់៣៥,០០០ រៀលក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


UN ផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់កម្ពុជាឆ្លើយតបនឹងការបំភ្លៃការពិតរបស់ថៃលើបញ្ហាជម្លោះព្រំដែន

អង្គការសហប្រជាជាតិ (UN) បានចេញផ្សាយសេចក្តីថ្លែងការណ៍ឆ្លើយតបរបស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ផ្ញើជូនអ…

តើការសម្ញែងទ្រព្យសម្បត្តិនៅលើបណ្ដាញសង្គមអាចប៉ះពាល់សង្គមសេដ្ឋកិច្ច និងផ្លូវចិត្តរបស់ពលរដ្ឋយ៉ាងណាដែរ?

អ្នកជំនាញផ្នែកសង្គម និងវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ការសម្ញែងទ្រព្យសម្បត្តិ និងភាពហ៊ឺហានៅលើបណ្តាញសង្គម អាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ