ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងលិខិតឆ្លើយតបផ្ញើជូន UN ដោយបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលភាគីថៃបានរៀបចំជើងព្រួលប្រើប្រាស់វេទិកាពិភាក្សាទូទៅរបស់អង្គការសហប្រជាជាតិ ដើម្បីលើកឡើងសាជាថ្មីនូវវោហារសាស្ត្រនយោបាយដែលផ្ទុយពីការពិត បំភ្លៃកំណត់ត្រាប្រវត្តិសាស្ត្រ ក្លែងបន្លំ និងលុបចោលអង្គហេតុសំខាន់ៗជាច្រើន ដែលការណ៍នេះបានបង្ខំឱ្យកម្ពុជាត្រូវតែចេញមុខលាតត្រដាង និងបញ្ជាក់ពីកំណត់ត្រាពិតប្រាកដឡើងវិញ។
ឯកឧត្តមតំណាងអចិន្ត្រៃយ៍កម្ពុជាបានទម្លាយពីកំណត់ត្រាឈ្លានពានរបស់ថៃថា នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារមកលើកម្ពុជានៅតាមតំបន់បណ្តោយព្រំដែន។ លុះមកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ប្រតិបត្តិការយោធានេះបានរីករាលដាលទៅជាការឈ្លានពានទ្រង់ទ្រាយធំ ដោយមានការប្រើប្រាស់រថក្រោះ កាំភ្លើងធំធុនធ្ងន់ យន្តហោះចម្បាំង F-16, Gripen ដ្រូនវាយប្រហារ និងគ្រាប់បែកចង្កោម វាយប្រហារឆ្លងដែនចូលជ្រៅមកក្នុងខេត្តជាច្រើនរបស់កម្ពុជា។ រាល់ការរំលោភបំពានដោយអាវុធទាំងនេះ ត្រូវបានកម្ពុជាកត់ត្រាយ៉ាងលម្អិត ជាក់ស្តែង និងបានតវ៉ាតាមផ្លូវការទូតជាបន្តបន្ទាប់។
សេចក្តីថ្លែងការណ៍ដដែលបានចង្អុលបង្ហាញថា ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏យោធាថៃនៅតែបន្តរំលោភលើអធិបតេយ្យភាព និងដែនដីកម្ពុជាឥតឈប់ឈរ តាមរយៈការសាងសង់បន្ទាយ បន្តដាក់រាយលួសបន្លា និងដាក់កុងតឺន័ររារាំងនៅលើទឹកដីកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ថៃ ដែលថាគ្រាប់មីនក្នុងទឹកដីកម្ពុជាជាគ្រាប់មីនទើបកប់ថ្មី។
ឯកឧត្តម កែវ ឈា បានលើកឡើងពីវិបត្តិនយោបាយ និងមនុស្សធម៌ដោយគូសបញ្ជាក់ថា រហូតមកទល់ពេលនេះជនស៊ីវិលកម្ពុជាជាង២ម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងភូមិកររបស់ពួកគេវិញបាននៅឡើយ ដោយសារតែការបន្តកាន់កាប់ និងរារាំងដោយយោធាថៃ។ បញ្ហានេះវាស្របនឹងការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅក្នុងអំឡុងទស្សនកិច្ចនៅតំបន់ព្រំដែនក្នុងខែកក្កដា ដែលបានសង្កត់ធ្ងន់ថា ជនស៊ីវិលកម្ពុជាត្រូវតែទទួលបានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសំបែងវិញដោយសុវត្ថិភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពីជំហរជាថ្មីថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការដោះស្រាយរាល់វិវាទ ដែលនៅសេសសល់ ដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕