ជុំវិញនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងប្រាប់ខេមបូណូមីសថា កន្លងមករាជរដ្ឋាភិបាលបានដាក់ការរឹតបន្ដឹងការនាំចូលជ្រូកពីក្រៅប្រទេស ប៉ុន្ដែ បញ្ហានៅត្រង់ថា នៅតែមានការលួចនាំចូលជ្រូកខុសច្បាប់មកកម្ពុជាដដែល បញ្ហានេះវាបានធ្វើឲ្យប៉ះពាល់ដល់ការចិញ្ចឹមជ្រូកនៅក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ។
ក្រុមអ្នកចិញ្ចឹមសត្វនៅកម្ពុជាអះអាងថា ការចិញ្ចឹមជ្រូកនៅក្នុងស្រុកនៅរយៈពេលចុងក្រោយនេះ មានលក្ខណៈល្អប្រសើរច្រើន ដែលអាចឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ដោយមិនចាំបាច់មានការនាំចូលពីក្រៅប្រទេសជនោះទេ។
ជុំវិញនឹងបញ្ហានេះ ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាមហាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា បានអះអាងថាប្រាប់ ខេមបូណូមីសថា ការចិញ្ចឹមជ្រូក នាពេលបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ សម្ទុះនៃអ្នកចិញ្ចឹមជ្រូកកើនឡើង ដើរទន្ទឹមនឹងកម្ពុជាកាន់តែមានលទ្ធភាពក្នុងការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារក្នុងស្រុក។ ត្រង់ចំណុចនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី យល់ថា វាមិនចាំទាល់តែសោះ ក្នុងការបើកឱ្យមានការនាំចូលជ្រូករស់ពីប្រទេសជិតខាងនោះ។
មានបទពិសោធន៍រាប់សិបឆ្នាំក្នុងវិស័យកសិកម្ម មហាសេដ្ឋីកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា ការអនុញ្ញាតឱ្យមានការនាំចូលជ្រូករស់ពីខាងក្រៅ មិនត្រឹមតែប៉ះពាល់ដល់ក្រុមអ្នកចិញ្ចឹមជ្រូកលក្ខណៈតូចតាច និង មធ្យមនោះទេ ថែមទាំងបង្កហានិភ័យឆ្លងជំងឺផ្សេងៗ ដល់ជ្រូកក្នុងស្រុកយើងថែមទៀតផងដែរ។
ជុំវិញនឹងបញ្ហានាំចូលជ្រូករស់នេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏យល់ស្របដូចគ្នាដែរថាកម្ពុជា មិនគួរអនុញ្ញាតឱ្យនាំចូលជ្រូករស់មកកម្ពុជាបន្តទៀតនោះទេ ព្រោះវាអាចប៉ះពាល់ ដល់វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា ពិសេសកសិករតូចតាច និង មធ្យម។ លោក ស្រ៊ុន ពៅ អះអាងថា បរិមាណដែលក្រសួងអនុញ្ញាតឱ្យនាំចូលជ្រូករស់ មកកម្ពុជា បច្ចុប្បន្ន ប្រមាណ ១ពាន់ក្បាល ក្នុងមួយថ្ងៃក៏ពិតមែន ក៏ប៉ុន្តែ សកម្មភាពនៃការនាំចូលជ្រូករស់ដែលនាំចូលខុសច្បាប់ក៏មានជាបន្តបន្ទាប់ដែរ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រូបនេះ យល់ថា បើសិនជាក្រសួងកសិកម្មអាចគ្រប់គ្រងការនាំចូលជ្រូកខុសច្បាប់ពីឈ្មួញខិលខូចបាន បរិមាណនាំចូលជ្រូករស់ ១ពាន់ក្បាលនេះ មិនបង្កហានិភ័យដល់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុកនោះទេ។ ផ្ទុយទៅវិញ សកម្មភាពនៃការនាំចូលជ្រូកខុសច្បាប់ នៅតែមាននាពេលបច្ចុប្បន្ននេះ ដែលក្រុមចិញ្ចឹមជ្រូកក្នុងស្រុក បន្តស្នើទៅក្រសួងពាក់ព័ន្ធចាត់វិធានការឱ្យមានប្រសិទ្ធិភាព លើឈ្មួញខិលខូចទាំងនេះ។
ជាការឆ្លើយតបបកស្រាយនូវការលើកឡើងពីូបញ្ហាទាំងអស់នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានលើកឡើងថា ក្រសួងកសិកម្ម បានធ្វើការច្រើនមកហើយលើបញ្ហាទាំងអស់នេះ។ កន្លងមក ក្រសួងកសិកម្ម ក៏បានរឹតបន្តឹង ការនាំចូលជ្រូករស់ពីខាងក្រៅ ប៉ុន្តែដោយសារមានឈ្មួញខិលខូច បាននាំចូលជ្រូករស់ខុសច្បាប់មកកម្ពុជា ទើបធ្វើឲ្យបញ្ហានេះ ប៉ះពាល់ដល់ការចិញ្ចឹមជ្រូកក្នុងស្រុក។ ពាក់ព័ន្ធ ការស្នើសុំពីក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ឱ្យបិទការនាំចូលជ្រូករស់ពីក្រៅប្រទេស ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម មិនបានឆ្លើយតបអ្វីនោះទេ ដោយឯកឧត្តមបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសដោយខ្លីថា អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងជួបពិភាក្សាគ្នា រកដំណោះស្រាយ និង ឈានដល់ការកាត់បន្ថយការនាំចូលជ្រូករស់ពីខាងក្រៅប្រទេសបន្ថែមទៀត។
យោងតាមលិខិតមួយរបស់ក្រសួងកសិកម្មផ្ញើជូនទៅកាន់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ១៦ ខែកក្កដាឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងកសិកម្មបានកាត់បន្ថយចំនួនជ្រូកនាំចូលពីបរទេសពីជាង២ម៉ឺនក្បាលក្នុងមួយថ្ងៃ មកនៅត្រឹម៦ពាន់៧រយក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ គិតត្រឹមថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២០ ការអនុញ្ញាតឲ្យនាំចូលជ្រូកក្នុងចំនួន៦ពាន់៧រយក្បាលក្នុងមួយថ្ងៃនេះ គឺដើម្បបង្កើនផលិតកម្មជ្រូកក្នុងស្រុក និងរកទីផ្សារជូនកសិករខ្មែរយើង ក្រុមហ៊ុនចិញ្ចឹមជ្រូក និង សមាគមចិញ្ចឹមសត្វកម្ពុជា ដើម្បីបំពេញនូវកង្វះខាត ១៨%តែប៉ុណ្ណោះ។
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មកទល់ពេលនេះ ការនាំចូលជ្រូកបានថយចុះពីជាង៦ពាន់ក្បាលក្នុងមួយថ្ងៃ មកនៅត្រឹមតែជាង១ពាន់ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្ដែ បញ្ហា គឺនៅត្រង់ថា មានអ្នកនាំចូលជ្រូកខុសច្បាប់។
សូមបញ្ជាក់ថា តម្លៃជ្រូករស់ ហាក់ធ្លាក់ចុះបន្តិចនៅរយៈពេល ១ខែចុងក្រោយនេះ។ សព្វថ្ងៃ តម្លៃជ្រូករស់ អាចលក់បាន ១៣.០០០រៀល ក្នុងមួយគីឡូក្រាម ខណៈកាលពីមុន តម្លៃជ្រូករស់ អាចលក់បានរហូត ១៥.០០០រៀល ក្នុងមួយគីឡូក្រាម។ ជាទូទៅ កម្ពុជា ត្រូវការជ្រូករស់ប្រមាណ ៨ពាន់ក្បាល ក្នុងមួយថ្ងៃ ខណៈការផ្គត់ផ្គង់ជ្រូករស់នៅក្នុងស្រុក បានប្រមាណ ៧ពាន់ក្បាល ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៕
អត្ថបទ៖ ខន ណារី