ភ្លាមៗបន្ទាប់ពីក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក បានស្នើឲ្យក្រសួងមានវិធានការទប់ស្កាត់ ចំពោះការនាំចូលជ្រូកពីក្រៅប្រទេសចូលមកកាន់ប្រទេសកម្ពុជាដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការចិញ្ចឹមជ្រូកក្នុងស្រុកនោះ ក្រសួងកសិកម្មបានចេញមកពន្យល់ដល់សាធាណជនក៏ដូចជាអ្នកសារព័ត៌មានជុំវិញបញ្ហានេះដែរ។
ក្រសួងកសិកម្មបានលើកឡើងថា តាមការស្រាវជ្រាវតម្លៃជ្រូកបានធ្លាក់ចុះខ្លាំងជាងឆ្នាំមុនៗ។
ការធ្លាក់ថ្លៃនេះមិនមែនមានតែនៅកម្ពុជានោះទេ សូម្បីតែនៅវៀតណាមនិងប្រទេសថៃក៏មាន ការធ្លាក់ចុះដែរ។ ម្យ៉ាងទៀត ប៉ុន្មានខែចុងក្រោយនេះ ជ្រូកកសិករមិនមែនត្រឹមតែចុះថ្លៃនោះទេ ថែមទាំងគ្មានអ្នកចុះប្រមូលទិញថែមទៀតដែលនេះបណ្តាលមកពីការប្រកួតប្រជែងពីជ្រូក នាំចូលដែលមានលក្ខខណ្ឌផ្គត់ផ្គង់ល្អជាង។
ជាលទ្ធផល ក្រសួងកសិកម្មថា កសិករមួយចំនួនបានកាត់បន្ថយចំនួនសត្វចិញ្ចឹមរបស់ខ្លួន ដើម្បីចៀសវាងការខាតបង់។ ចំពោះដំណោះស្រាយជុំវិញបញ្ហាជ្រូកក្នុងស្រុកធ្លាក់ថ្លៃនេះ ក្រសួងកសិកម្មបានអះអាងនៅ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រសួងបានទទួលសំណូមពរពីវិស័យឯកជននិងសមាគមអ្នកចិញ្ចឹមសត្វតាមរយ:វេទិកាសាធារណៈដែលក្រសួងបានរៀបចំនិងបានដាក់សំណើទៅក្រសួងមហាផ្ទៃដើម្បីជួយអន្តរាគមន៍ទៅរដ្ឋបាលរាជធានីខេត្តទាំងអស់ជួយមានវិធានការទប់ស្កាត់ការនាំចូលនិងចរាចរសាច់សត្វសម្រាប់តម្រូវការទីផ្សារ។
ទន្ទឹមនឹងនោះ ក្រសួងថា បានចាត់វិធានការមួយចំនួនរួចហើយដោយបានរឹតបន្តឹងការគ្រប់គ្រងនិងការត្រួតពិនិត្យចលនាសត្វនិងផលិតផលសត្វដោយបានបង្កើតគណៈកម្មការគ្រប់គ្រងនិងវាយតម្លៃហានិភ័យសុខភាពសត្វនិងផលិតកម្មសត្វ និងចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្តីពីលក្ខខណ្ឌតម្រូវនៃការនាំចូលសត្វរស់ សាច់សត្វនិង ផលិតផលសត្វពីបរទេស។
ក្រសួងកសិកម្មបានអះអាងទៀតថា ដើម្បីធានាស្ថិរភាពថ្លៃនិងតម្រូវការផ្គត់ផ្គង់ជ្រូកសាច់ ទូទាំងប្រទេសក៏ដូចជាធានាដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងបានអនុញ្ញាតឲ្យនាំចូលជ្រូកសាច់រស់ជាបណ្តោះអាសន្នប្រមានជា ១២៥០ក្បាលក្នុងមួយថ្ងៃប៉ុណ្ណោះ មិនមែន៥ពាន់ក្បាលក្នុងមួយថ្ងៃដូចការលើកឡើងនោះឡើយ៕