
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ភាពតាងតឹងដែលបង្កឡើងដោយកងទ័ពថៃ បានធ្វើឱ្យការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរត្រូវបានរាំងស្ទះ និងមានការធ្លាក់ចុះ តែប្រទេសថៃ អាចមានការខាតបង់ច្រើនជាងកម្ពុជា។ អ្នកជំនាញរូបនេះ ជឿជាក់ថា តាមរយៈភាពតានតឹងនេះ អាចធ្វើឱ្យរដ្ឋាភិបាលកម្ពុជា បង្កើនខ្ទង់ចំណាយលើវិស័យការជាតិ និងសេវាសាធារណៈមួយចំនួនទៀត ហើយបើភាពតានតឹងនៅតែបន្តអូសបន្លាយនោះ វាអាចនឹងធ្វើឱ្យមានការបង្អាក់ដល់សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងកម្រិតណាមួយ។ បើតាមលោកបណ្ឌិត ហុង វណ្ណៈ ការប្រែប្រួលនៃវិបត្តិនយោបាយរបស់ពិភពលោក និងតំបន់ ព្រមទាំងវិបត្តិទ្វេភាគី អាចធ្វើឱ្យក្ដីរំពឹងរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ អាចមានភាពរអាក់រអួល។
ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា វិវាទរវាងកម្ពុជា និងថៃ បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលកត្តានេះវាអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋនៅតាមបណ្ដាខេត្តជាប់ព្រំដែន និងប្រាក់ចំណូលរបស់រដ្ឋាភិបាល។ ក្រៅពីបញ្ហានេះ ការប្រឈមជាមួយវិបត្តិជាសកល ក៏អាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យ នៃការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច និងផែនការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រសិនបើភាពតានតឹង និងវិបត្តិនានា នៅតែបន្តអូសបន្លាយពេលយូរបន្ថែមទៀត។ ប៉ុន្តែលោកយល់ថា ប្រសិនបើជម្លោះរវាងកម្ពុជា និងថៃ អាចមានដំណោះស្រាយឆាប់ៗនោះចរន្តសេដ្ឋកិច្ច នឹងមានដំណើរការជាប្រក្រតីឡើងវិញ ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាចនឹងមានដំណើរការជាធម្មតា។
សូមបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេ កម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយបន្ទាប់មកនឹងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្រោយកម្ពុជា ចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច នោះកម្ពុជា អាចនឹងបាត់បង់ការអនុគ្រោះពីប្រទេស និងស្ថាប័នដៃគូ និងជំនួយមួយចំនួន៕
អត្ថបទ៖ បូ ដូឡា