
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ផែនការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) របស់កម្ពុជា នៅឆ្នាំ២០២៩ ខាងមុខ ទំនងជាអាចមានការរាំងស្ទះមួយចំនួន ប្រសិនបើកម្ពុជា មិនទទួលបានលទ្ធផលល្អប្រសើរពីការចរចាបញ្ចុះពន្ធបដិការជាមួយសហរដ្ឋអាម៉េរិកទេនោះ។ មានការរាំងស្ទះ ក៏ដោយសារតែសក្តានុពលនៃការជំរុញការចាកចេញនេះ អាស្រ័យទៅលើភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលពឹងផ្អែកខ្លាំងទៅលើការនាំចេញ ពិសេសការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក តែម្តង។ សម្រាប់អ្នកជំនាញរូបនេះ បើទោះបីជាលទ្ធផលនៃការចរចាយ៉ាងណាក៏ដោយ កម្ពុជា គួរតែត្រៀមខ្លួនក្នុងការចាកចេញពីប្រទេស LDC នេះ តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្មនាំចេញ ដោយពុំត្រូវពឹងផ្អែកខ្លាំងតែលើទីផ្សារអាម៉េរិកនោះទេ។ ម្យ៉ាងទៀត ការពង្រឹងខ្សែច្រវាក់ផលិតកម្មផ្ទៃក្នុងរបស់កម្ពុជា ឱ្យកាន់តែប្រសើរ ការបង្កបរិយាកាសវិនិយោគឱ្យកាន់តែទាក់ទាញ និងការបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន ក៏ជាកត្តារួមផ្សំមួយចំនួនក្នុងការជំរុញសម្ទុះនៃការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចផងដែរ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ដើម្បីអាចដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ប្រទេសមានការអភិវឌ្ឍបាន កម្ពុជា ត្រូវពងឹ្រងខ្លួនឱ្យបានល្អទាំងទៅលើផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច។ តែយ៉ាងណា អ្នកជំនាញរូបនេះ វាយតម្លៃថា ស្របពេលដែលកម្ពុជា កំពុងទទួលរងឥទ្ធិពលនៃគំនាបពន្ធយ៉ាងលើសលប់ពីសហរដ្ឋអាម៉េរិក វាបានក្លាយជាកត្តារាំងស្ទះមួយសម្រាប់កម្ពុជា ក្នុងការសម្រេចគោលដៅរយៈពេលវែងរបស់ខ្លួន ដែលតម្រូវឱ្យកម្ពុជា ខិតខំធ្វើយ៉ាងណាដើម្បីសម្រេចឱ្យបាននូវលទ្ធផលល្អក្នុងចរចាជាមួយសហរដ្ឋអាម៉េរិក លើបញ្ហាពន្ធបដិការនេះ។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា មកទល់ពេលនេះដំណើរការនៃផែនការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា នៅឆ្នាំ២០២៩ គឺមិនមានការប្រែប្រួលនោះទេ។ តែយ៉ាងណា ស្របពេលដែលកម្ពុជា និងពិភពលោកកំពុងរងបញ្ហាសម្ពាធពន្ធពីសហរដ្ឋអាម៉េរិក វាបានក្រើនរំលឹកឱ្យកម្ពុជា ត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដោយមិនត្រូវពឹងផ្អែកតែទៅលើប្រទេស ឬវិស័យណាមួយនោះទេ ដើម្បីឱ្យផែនការនេះសម្រេចទៅបាន ពោលគឺកម្ពុជា ត្រូវពង្រឹងបន្ថែមទាំងទៅលើការប្រកួតប្រជែង ការធ្វើពិពិធកម្ម និងភាពធន់ផងដែរ។
គួរជម្រាថា សហរដ្ឋអាម៉េរិក បានកំណត់ដំឡើងអត្រាពន្ធនាំចូលទំនិញពីកម្ពុជា ចំនួន៤៩% ប៉ុន្តែបានពន្យារពេលអនុវត្តចំនួន៩០ថ្ងៃ ដើម្បីទុកពេលចរចាលើបញ្ហានេះ។ ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក គ្រោងទៅចរចាលើបញ្ហាពន្ធបដិការជាមួយអាម៉េរិក ដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីបានប្រជុំចរចាទ្វេភាគីតាមប្រព័ន្ធវីដេអូចំនួន២លើកកន្លងមកនេះ៕