អ្នកជំនាញទេសចរ គូសបញ្ជាក់ថាចរន្ដទេសចរណ៍ផ្ទៃក្នុងកម្រើកឡើងវិញនៅរយៈពេលចុងក្រោយនេះ គឺជាការបង្ហាញឲ្យឃើញពីភាពវិជ្ជមានកាន់តែច្រើនក្នុងការឈានទៅបើកទទួលទេសចរអន្តរជាតិឡើងវិញនៅពេលខាងមុខនេះ។
ចរន្ដទេសរណ៍ផ្ទៃក្នុងរបស់កម្ពុជា ចាប់ផ្ដើមរើបខ្លួនឡើងវិញជាបណ្ដើរៗហើយនៅមួយរយៈចុងក្រោយនេះ នៅចំពេលដែល កម្ពុជាមានការសម្រេចបានការចាក់វ៉ាក់សាំងជូនពលរដ្ឋបានកាន់តែច្រើន គឺសម្រេចបានប្រមាណ ជាង៧០% នៃចំនួនប្រជាជនសរុប១៦លាននាក់។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា គ្រាន់តែនៅរយៈពេលមួយសប្ដាហ៍ដំបូង ក្នុងខែកញ្ញាប៉ុណ្ណោះ កម្ពុជា មានភ្ញៀវទេសចរផ្ទៃក្នុង សរុបជាង ៥ម៉ឺននាក់ បានដើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋាននានា ទូទាំងប្រទេស។
ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានកត់សម្គាល់ឃើញថា បើទោះបីជា នៅពេលថ្មីៗនេះ ការធ្វើដំណើរកម្សាន្ដចាប់ផ្ដើមមានសកម្មភាពឡើងវិញក៏ដោយ ប៉ុន្ដែ បើមើលជារួមនៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ វិស័យទេសចរណ៍ ហាក់មានការថយចុះ បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
ពាក់ព័ន្ធផែនការបើកទេសចរឡើងវិញរបស់រដ្ឋាភិបាល នៅចុងឆ្នាំ២០២១ ខាងមុខ ត្រូវអ្នកជំនាញរូបនេះ យល់ថា ការងើបឡើងនូវទេសចរផ្ទៃក្នុងជារឿងល្អសម្រាប់វិស័យទេសចរណ៍។ ដោយឡែក កត្តាចម្បងដែលជំរុញឱ្យផែនការរបស់រដ្ឋាភិបាលសម្រេចជោគជ័យ ក្នុងការបើកទេសចរណ៍ឡើងវិញ គឺអាស្រ័យលើយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា។
បើទោះបី រយៈពេលចុងក្រោយនេះ សកម្មភាពនៃទេសចរផ្ទៃក្នុង ហាក់កំរើកឡើងវិញ ប៉ុណ្ណោះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា វិស័យទេសចរណ៍ ហាក់នៅតែមានសភាពទ្រឹងនៅឡើយ។
ដោយឡែក ជុំវិញផែនការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបើកទទួលទេសចរឡើងវិញ លោក ធួន ស៊ីណាន បានសង្កត់ធ្ងន់ថា ការសម្រេចផែនការបើកទទួលទេសចរ ឬក៏អត់ គឺវាអាស្រ័យលើស្ថានភាពរបស់វីរុសកូវីដ-១៩ ពិសេសវីរុសប្រភេទដែលតា ដែលកំពុងបន្តរាតត្បាតស្ទើរទូទាំងពិភពលោក។
ដោយឡែក ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា ស្ថានភាពវិស័យទេសចរណ៍ នារយៈពេលចុងក្រោយនេះ ហាក់មានភាពប្រសើរបន្តិច ក្រោយរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា ជិតសម្រេចនូវផែនការដែលបានគ្រោងទុក។ បើទោះបី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់វិស័យទេសចរណ៍ ក៏ដោយចុះ តែអ្នកនាំពាក្យរូបនេះ បានមើលឃើញពីភាពវិជ្ជមានឡើងវិញ បន្ទាប់ពីសង្កេតឃើញថា នៅតាមតំបន់រមណីយដ្ឋាននានា មានចលនាដើរកម្សាន្តនៃទេសចរក្នុងស្រុក ឡើងវិញ
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆមាសទី១ ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ១០ម៉ឺននាក់ ថយចុះ ៩១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ទេសចរផ្ទៃក្នុងវិញ មានចំនួនសរុបជិត ២លាននាក់ បានថយចុះ៣៧%៕