កាលពីថ្ងៃទី៣ វិច្ឆិកា លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបានជួបជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងនឹងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ហើយបន្ទាប់មកមួយថ្ងៃ គឺថ្ងៃទី៤ វិច្ឆិកា លោករដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះ ត្រូវបានរាយការណ៍ថា មានវិជ្ជមានកូវីដ-១៩ ។ នេះបើតាម ការរាយការណ៍ដោយសារព័ត៌មាន Reuters ។
នៅថ្ងៃទី៤ វិច្ឆិកា ក្រសួងសុខាភិបាលបានប្រកាសថា មន្ត្រីកម្ពុជាដែលបានពាក់ព័ន្ធនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី បានត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ ហើយលទ្ធផលនៃការធ្វើតេស្តលើកទីមួយ បង្ហាញថា អវិជ្ជមាន ។
សម្ដេចតេជោ បានសរសេរថា សម្ដេច រួមទាំងភរិយា និងអ្នកពាក់ព័ន្ធនៅក្នុងគេហដ្ឋាន នឹងត្រូវយកសំណាកធ្វើតេស្តរហូតដល់ទៅ ៤ ដង ។ លើកទី១ បានធ្វើរួចហើយ គឺនៅថ្ងៃទី៤ វិច្ឆិកា លើកទី២ នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣ នឹងត្រូវធ្វើនៅថ្ងៃ១៤ វិច្ឆិកា និងលើកទី៤ ដែលជាលើកចុងក្រោយ គឺនឹងត្រូវធ្វើនៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០ ។
នៅក្នុងសំណេរដដែល សម្ដេចតេជោបានបញ្ជាក់ថា បទពិសោធន៍ទប់ស្កាត់កូវីដ១៩ មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង ១០ខែ កន្លងមក មួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័ក ក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តដ៏ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័ក "ដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀត រាប់ទាំងរូបខ្ញុំ និងភរិយាផងដែរ ៕"