បញ្ហាកូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជនណាយកបញ្ហាកូវីដ១៩ ទៅលេងសើច ឬបំភ្លៃការពិត


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមានដល់ជនណាដែលយកបញ្ហាកូវីដ១៩ ទៅលេងសើច ឬបំភ្លៃខុសពីការពិត ឬបំពុលបរិយាកាសសង្គម ត្រូវចាប់ខ្លួនមកទទួលទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញព្រលែងកូនត្រី ក្នុងទិវាមច្ឆជាតិ១កក្កដា នៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ
ដោយ

សម្តេចតេជោ ធ្វើការព្រមានដូចនេះ ក្រោយមានករណីបុរសម្នាក់បានបំភ្លៃព័ត៌មានបំពុលសង្គម តាមរយៈបណ្តាសង្គម «តិចតុក» ដោយបានបង្ហោះរូបភាពករណីមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកោះកុង ដែលជាក់ស្តែង​គ្មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ តាំងពីខែមេសា​មកម្លេះ។ បញ្ហានេះ សម្តេចតេជោ អះអាងថា មិនមែនជារឿងត្រូវយកមកលេងសើចបាននោះទេ ហើយការបំភ័យដល់សាធារណៈជន​ឲ្យមានភាពចលាចល គឺមិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិនោះទេ។

ថ្លែងក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានខ្លាំងៗថា នរណាក៏ដោយដែលយកបញ្ហាកូវីដ១៩ មកលេងសើច បំពុលបរិយាកាសសង្គម បំផ្លាញសេចក្តីសុខរបស់ប្រជាជន នឹងត្រូវចាប់ខ្លួនឲ្យមកទទួលទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ដោយសម្តេច សង្កត់ធ្ងន់ថា បញ្ហានេះមិនមែនជាបញ្ហាត្រូវយកមកលេងសើចនោះទេ។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ពេលច្ចុប្បន្ន​នៅលើពិភពលោកកំពុងនាំគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ហេតុអ្វីកម្ពុជាត្រូវអនុញ្ញាតឲ្យមានព័ត៌មិនពិត បំពុលសង្គមបែបនេះ ដូច្នេះកម្ពុជាត្រូវអនុវត្តតាមច្បាប់ក្នុងករណីនេះ ហើយការផ្សព្វផ្សាយនូវព័ត៌មានមិនពិតាំងនេះ វាមិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិទេ គឺជាការផ្សាយបំភ័យដល់សាធារណៈជន ឲ្យមានភាពចលាចលក្នុងសង្គម។

ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ នាពេលបច្ចុប្បន្នអាចនៅត្រួតត្រាបាន ក៏ប៉ុន្តែប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នខ្ពស់​ពីការ​ឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយបន្តអនុវត្តន៍វិធានការសុខាភិបាល ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតឲ្យបានខ្ចប់ខ្ចួន។

សម្តេច តេជោ បន្ថែមថា ជាការពិតណាស់ កាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែងក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលអាចនឹងពិចារណាដាក់ជាកាតព្វកិច្ចពាក់ម៉ាសឡើងវិញ ក្នុងករណីមានការឆ្លងរាលដាលកូវីដ១៩ទ្រងទ្រាយធំក្នុងប្រទេសឡើងវិញផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នូវតែទទូចឲ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងកូវីដ១៩ ឲ្យបានទាន់ពេលវេលា ដើម្បីធានាថាប្រជាពលរដ្ឋទទួលបាននូវសុវត្ថិភាព បើទោះបីឆ្លងកូវីដក៏មិននាំដល់ករណីធ្ងន់ធ្ងរ ឬស្លាប់ឡើយ។

បច្ចុប្បន្នកម្ពុជានៅសល់វ៉ាក់សាំងកូវីដ១៩ នៅក្នុងឃ្លាំមានចំនួន១០លាន៤សែនដូស និងនៅសល់ជាង២០លានដូសទៀត ដែលមិនទាន់ដឹកមកមកម្ពុជា ហើយកម្ពុជាបានចុះហត្ថលេខា ដើម្បីទិញវ៉ាក់សាំងដើម្បីវេចខ្ចប់ក្នុងប្រទេសកម្ពុជាជាង១០៤លានដូសបន្ថែម សម្រាប់ចាក់ជូនប្រជាពលរដ្ឋរយៈពេល ៣ឆ្នាំ គឺចាប់ពី ឆ្នាំ២០២៤-២០២៦ផងដែរ។ នេះបើតាម​ការគូសបញ្ជាក់​របស់​សម្តេចតេជោ ហ៊ុន សែន។

ស្របពេលដែល​ស្ថានភាពឆ្លងកូវីដ១៩ក្នុងសហគមន៍​ចាប់ផ្ដើម​កម្រើកឡើងវិញ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៩ ខែមិថុនា បានជំរុញឱ្យមន្ត្រី និងអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងតាមព្រំដែន ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលដែលនៅជាធរមានឲ្យបានម៉ត់ចត់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសឲ្យបាន​ត្រឹមត្រូវផងដែរ ព្រោះអ្នកដំណើរចេញ-ចូលប្រទេសកាន់តែច្រើនឡើងៗ ក៏ជាឱកាសដែលនាំឱ្យមានការចម្លងនូវវីរុសបំប្លែងខ្លួនថ្មីៗ ដែលបច្ចុប្បន្ន វីរុសប្រភេទអូមីក្រុង BA.4, BA.5 កំពុងគ្របដណ្តប់ការចម្លងករណីថ្មីនៅប្រទេសមួយចំនួន ដូច្នេះ ទោះបីជាការរាតត្បាត និងហានិភ័យសុខភាពសាធារណៈ ត្រូវគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាពក្ដី តែឱកាសនៃការផ្ទុះឆ្លងរាតត្បាតឡើងវិញ នៅតែអាចកើតមានជាយថាហេតុ៕

None



អត្ថបទបន្ទាប់


បុរសខ្លាំងចិនលោកស៊ី ជីនពីង ធ្វើដំណើរទស្សនកិច្ចទីក្រុងហុងកុង ខណៈលោកខាងលិចបានផ្ញើសារឲ្យចិនគោរពគោលការណ៍ «ប្រទេសមួយប្រព័ន្ធពីរ»

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទីក្រុងហុងកុងបានឆ្លងកាត់ព្យុះភ្លៀងនិងបាន "ងើបឡើងពីគំនរផេះផង់" ទ…

តើកម្ពុជាអាចឈានដល់ការខ្វះប្រេង និងហ្គាស ដូចប្រទេសឡាវ និងស្រីលង្កាដែរ ឬយ៉ាងណា?

បញ្ហាការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈជាសាកល បាននិងកំពុងក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ពិភពលោក នាពេលបច្ចុប្បន្ននេះ ដែលវាបានកើតឡើង ដោយសារតែបញ្ហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ