ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃថា ការឃោសនារកសំឡេងឆ្នោតរបស់បក្សនយោបាយទាំង១៨ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនីតិកាលទី៧នៃរដ្ឋសភានៅក្នុងរយៈពេល២១ថ្ងៃកន្លងមកនេះមានដំណើរការល្អប្រសើរទាំងសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សនយោបាយនៅកម្ពុជាកាន់តែមានភាពចាស់ទុំក្នុងរឿងនយោបាយ។ ភាពល្អប្រសើរនៃដំណើរការឃោសនារកសំឡេងឆ្នោតនេះ ត្រូវបានប្រធាន គ.ជ.ប អះអាងថា គឺដោយសារមានការសហការគ្នាល្អរវាងមន្ត្រីរៀបចំការបោះឆ្នោតជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានបង្កបរិយាកាសល្អដល់បក្សនយោបាយ។ យ៉ាងណាមិញក្នុងរយៈពេលប្រមាណ២០ថ្ងៃកន្លងមកនេះ គ.ជ.ប ទទួលបណ្តឹងពីប្រជាពលរដ្ឋ និងបក្សនយោបាយប្រមាណ៣០បណ្តឹង ដែលភាគច្រើនពាក់ព័ន្ធការឃោសនាប្រព័ន្ធអេឡិចត្រូនិក។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប្រាជ្ញ ចន្ទ មកទល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញបណ្ណជូនអ្នកសង្កេតការអន្តរជាតិជាង៤០០នាក់មកប្រទេស តំបន់ និងស្ថាប័នប្រមាណ៦០ ដែលត្រូវចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភានៅឆ្នាំនេះ។ ជាមួយគ្នានេះ គ.ជ.ប ក៏បានចេញបណ្ណជូនអ្នកសង្កេតការជាតិបានជាងជិត៩ម៉ឺននាក់ផងដែរ។ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ក្រៅពីថ្នាក់ដឹកនាំស្ថាប័ន និងអង្គការ ក៏មាននាយករដ្ឋមន្ត្រី អតីតនាយករដ្ឋមន្ត្រី អតីតប្រធានាធិបតី ប្រធានរដ្ឋសភា និងអតីតប្រធានរដ្ឋសភាចូលរួមសង្កេតការដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ ត្រូវបានបិទបញ្ចប់ដំណើរការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្រោយដំណើរការអស់រយៈពេល ២១ថ្ងៃកន្លងមកនេះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង៕