ក្រុមអ្នកឃ្លាំមើលរកឃើញភាពមិនប្រក្រតីរហូតដល់ជាង៥,០០០ករណីបានកើតឡើងនៅក្នុងការបោះឆ្នោតសកលនៅថៃ កាលពីថ្ងៃទី៨ ខែកុម្ភៈ ដែលធ្វើឱ្យគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងដ៏ធំនៅថៃ ទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌលបោះឆ្នោតចំនួន១៨មណ្ឌល។
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ កំពុងរងសម្ពាធយ៉ាងខ្លាំងជុំវិញការខ្វះតម្លាភាពក្នុងការរាប់សន្លឹកឆ្នោតនៅទូទាំងមណ្ឌលបោះឆ្នោតជាង១០កន្លែង បន្ទាប់ពីបញ្ចប់ការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ ភាពចម្រូងចម្រាសនេះបានកើតឡើងបន្ទាប់ពីលទ្ធផលបង្ហាញថា គណបក្សភូមិចៃថៃ របស់លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោត។
គណបក្សប្រជាជន ដែលនាំមុខគេក្នុងការស្ទង់មតិមុនការបោះឆ្នោត បែជាធ្លាក់មកឈរនៅលំដាប់លេខរៀងទី២ នៅពីក្រោយគណបក្សភូមិចៃថៃ របស់លោក អានុទីន។ ទោះបីប្រធានគណបក្សនេះបានប្រកាសទទួលស្គាល់ពីលទ្ធផលក៏ពិតមែន តែគណបក្សបានដាក់ញត្តិទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌលបោះឆ្នោតចំនួន១៨។ ស្របពេលជាមួយគ្នានេះ គណបក្សភឿថៃ ដែលជាប់លេខ៣ ក៏បានគាំទ្រឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញផងដែរ ខណៈគណបក្សរួបរួមជាតិថៃ ដែលមាននិន្នាការគាំទ្រយោធា អំពាវនាវឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងប្រទេសតែម្តង។
បច្ចុប្បន្នពលរដ្ឋថៃ កំពុងបាត់ទំនុកចិត្ត និងមានមន្ទិលសង្ស័យយ៉ាងខ្លាំងក្រោយលទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា គណបក្សភូមិចៃថៃ របស់លោក អានុទីន ទទួលបានអាសនៈរហូតដល់១៩៣អាសនៈក្នុងចំណោមអាសនៈសរុប៥០០ ស្របពេលក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនេះបានអះអាងថា មានភាពមិនប្រក្រតីជាង៥ពាន់ករណីបានកើតឡើងនៅក្នុងការបោះឆ្នោតនេះ។
ឆ្លើយតបនឹងការរិះគន់នេះ លោក ផាសាខន ស៊ីរីផាកាយ៉ាផន (Phasakorn Siriphakayaporn) អគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានបញ្ជាក់ថា ប្រសិនបើមានឧប្បត្តិហេតុមិនប្រក្រតីកើតឡើងនៅការិយាល័យបោះឆ្នោតណាមួយ ភាគីពាក់ព័ន្ធមានសិទ្ធិប្តឹងតាមនីតិវិធីច្បាប់។ គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ គណៈកម្មាធិការនេះទទួលបានពាក្យបណ្តឹងផ្លូវការចំនួន១១៣ករណីហើយ ដែលកំពុងស្ថិតក្នុងការស៊ើបអង្កេត។
គួរបញ្ជាក់ថា លទ្ធផលដែលកំពុងផ្សព្វផ្សាយនាពេលនេះ គ្រាន់តែជាលទ្ធផលបឋមប៉ុណ្ណោះ ហើយតាមច្បាប់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ មានរយៈពេល៦០ថ្ងៃ ដើម្បីផ្ទៀងផ្ទាត់ និងប្រកាសលទ្ធផលជាផ្លូវការ៕
ដោយៈ សរ សុជាតិ