កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ម៉ាកាវ ជាគោលដៅទេសចរណ៍កាស៊ីណូលំដាប់កំពូលរបស់អាស៊ី អាចស្ថិតនៅក្រោមការគំរាមកំហែង ខណៈដែលឧស្សាហកម្មកាស៊ីណូកំពុងរីកចម្រើនយ៉ាងខ្លាំងហើយរដ្ឋាភិបាលនានានៅក្នុងតំបន់នេះកំពុងច្បាមដណ្តើមយកកិត្តិនាមនេះ។
បើយោងតាមទស្សនាវដ្តី The Economist បានឱ្យដឹងថា នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននេះមានកាស៊ីណូប្រមាណជាង៣០០កន្លែង ដោយក្នុងនោះនៅកម្ពុជា មានច្រើនជាងគេ ក្រៅពីនោះ គឺមាននៅហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ហើយថៃ នៅពេលនេះ ក៏កំពុងត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលកាស៊ីណូថ្មីមួយនៅអាស៊ីអាគ្នេយ៍ផងដែរ។
ជាមួយគ្នានេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The ASEAN Post ឧស្សាហកម្មនិងសេវាកម្មកាស៊ីណូនៅអាស៊ីអាគ្នេយ៍មានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយទសវត្សរ៍កន្លងមកនេះ។ កាស៊ីណូកំពុងរីកដុះដាលពាសពេញតំបន់ ហើយប្រទេសដែលមិនមានកាស៊ីណូ ក៏កំពុងតែរៀបចំខ្លួនទាក់ទាញឧស្សាហកម្មនេះផងដែរ។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជា ជាប្រទេសដែលមានកាស៊ីណូច្រើនជាងគេ។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជាបានផ្តល់អាជ្ញាបណ្ណដល់កាស៊ីណូប្រមាណជា១៩៥កន្លែង។ អ្នកវិភាគបានអះអាងថា កាស៊ីណូនៅកម្ពុជា មានចំនួនច្រើនក៏ពិតមែន ប៉ុន្តែទំហំការស៊ីណូទាំងនេះនៅតូចៗនៅឡើយ។ ចំនួននេះគឺគ្រាន់តែរាយប៉ាយនៅតាមតំបន់ព្រំដែន និងខេត្តព្រះសីហនុ ក៏ដូចជាកោះកុងប៉ុណ្ណោះ ប៉ុន្តែមិនអាចប្រៀបធៀបនឹងឧស្សាហកម្ម ក៏ដូចជាសេវាកម្មកាស៊ីណូនៅហ្វីលីពីន និងសិង្ហបុរី បានឡើយ។ ចំណូលពីកាស៊ីណូទាំងអស់ដែលកម្ពុជា អាចប្រមូលបានគឺមានប្រមាណជាង ៦០លានដុល្លារប៉ុណ្ណោះ កាលពីឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងឧស្សាហកម្មកាស៊ីណូនេះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា បច្ចុប្បន្នមជ្ឈមណ្ឌលកាស៊ីណូដ៏ល្បីបំផុតនៅអាស៊ីអាគ្នេយ៍ទំនងជានៅសិង្ហបុរី។ មជ្ឈមណ្ឌលកម្សាន្ត Marina Bay Sands នៅពេលនេះកំពុងស្វះស្វែងរកទុនបន្ថែមរហូតដល់ទៅ៩ពាន់លានដុល្លារ ដើម្បីបំពាក់ ក៏ដូចជាកែលម្អសេវាកម្សាន្ត និងកាស៊ីណូដ៏ធំបន្ថែមទៀត។
ដោយឡែក ហ្វីលីពីនបច្ចុប្បន្នស្ថិតក្នុងចំណោមមជ្ឈមណ្ឌលកាស៊ីណូ ដែលមានកំណើនលឿនបំផុតនៅអាស៊ី។ ឧស្សាហកម្មកាស៊ីណូរបស់ហ្វីលីពីន អាចរកចំណូលបានចម្លោះពី២ទៅ៣ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ។ ចំណែកនៅប្រទេសវៀតណាម ឯណោះវិញ បច្ចុប្បន្នកាស៊ីណូជាច្រើនកន្លែងមានទីតាំងស្ថិតនៅកោះត្រល់ ឬភូគុក។ ទោះបីជាកាស៊ីណូនៅទីនោះមានសេចក្តីរាយការណ៍ថា បានរងការខាតបង់ក៏ដោយ ប៉ុន្តែសន្ទុះនៃការមកដល់របស់អ្នកទេសចរនឹងរុញច្រានឲ្យបណ្តាកាស៊ីណូនៅទីនោះកម្រើកឡើងវិញជាក់ជាមិនខាននៅពេលអនាគតដ៏ខ្លីខាងមុខនេះ។
សម្រាប់ប្រទេសថៃវិញ នៅពេលនេះមិនទាន់មានកាស៊ីណូនឹងគេនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងជំរុញឧស្សាហកម្មមួយនេះ ទោះបីជាពលរដ្ឋ និងសកម្មជននយោបាយមួយចំនួនប្រឆាំងនឹងផែនការនេះក៏ដោយចុះ។ ទូរទស្សន៍ CNBC បានរាយការណ៍ថា រដ្ឋាភិបាលថៃ បច្ចុប្បន្នរំពឹងថា ឧស្សាហកម្មកាស៊ីណូដែលខ្លួនកំពុងផ្តួចផ្តើម និងត្រួសត្រាយផ្លូវនេះ នឹងជួយឱ្យថៃ ស្រូបទាញចំណូលបានប្រមាណ៥ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ឫប្រមាណ១% នៃអត្រាផលិតផលក្នុងស្រុកសរុបរបស់ខ្លូន៕
ដោយៈ សរ សុជាតិ