របាយការណ៍ពីធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា អត្រានៃភាពក្រីក្រចុងក្រោយរបស់ប្រទេសកម្ពុជា មានប្រជាជនប្រមាណ ១៤%ប៉ុណ្ណោះ កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ខណៈដែលកាលពី២០ឆ្នាំមុន អត្រានៃភាពក្រីក្រមានជាង ៥០% នៃចំនួនប្រជាជនសរុប។
លោក Sam Tukuafu នាយកប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ការថយចុះអត្រានៃភាពក្រីក្រនៅកម្ពុជា មានការចូលរួមមួយផ្នែកធំពីការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរ និងមានបរិយាប័ន្នជាងមុន ខណៈដែលវិស័យហិរញ្ញវត្ថុនេះ ត្រូវបានគេមើលឃើញថា បានចូលរួមចំណែកប្រមាណ៧០%នៃផលិតផលក្នុងស្រុកសរុប។
👉 គួរអាន ! ស្ថាប័នអន្តរជាតិធំៗបីបានវាយតម្លៃសេដ្ឋកិច្ចកម្ពុជាថា«នៅតែរឹងមាំ»
កំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជុំវិញ ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ២០ឆ្នាំ ត្រូវបានអ្នកតាមដានសង្គមសេដ្ឋកិច្ច ចោទជាសំណួរថា តើប្រជាជនកម្ពុជា ពិសេសប្រជាពលរដ្ឋដែលរស់នៅឯជនបទចំណេញអ្វីខ្លះពីកំណើនសេដ្ឋកិច្ច?
ពាក់ព័ន្ធទៅនឹងសំណួរចោទសួរខាងលើនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាអ្នកជំនាញរៀបចំគោលនយោបាយសេដ្ឋកិច្ចជាតិ បានធ្វើការបកស្រាយយ៉ាងខ្លីថា ផលសេដ្ឋកិច្ចដែលបានមកពីកំណើនសេដ្ឋកិច្ច ៧ភាគរយនេះ មិនមែនយកលុយទាំងដុំទៅចែកជូនដល់ប្រជាពលរដ្ឋកម្ពុជានោះទេ។
ប៉ុន្តែផលសេដ្ឋកិច្ចដែលបានមកពីកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកផលលាភតាមរយៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍នៅក្នុងវិស័យអប់រំ សុខាភិបាល ដំឡើងប្រាក់ខែដល់មន្ត្រីរាជការបម្រើសេវាកម្មសាធារណៈដោយឥតគិតថ្លៃដល់ប្រជាជនជាដើម។
👉 គួរអាន ! អ្នកសេដ្ឋកិច្ចប្រាប់ពីរូបមន្តក្នុងការចាត់ចែងលុយកាក់មានប្រសិទ្ធភាព
ឯកឧត្តម វស្សី វិស្សុត បានបន្តថា ការបែងចែកពីផលកំណើនសេដ្ឋកិច្ចគឺសំខាន់ត្រូវបង្កើតការងារ កាលណាមានការងារ មានប្រាក់ចំណូលហើយនោះ ប្រជាជននឹងទទួលបានផលចំណេញ។
យន្តការនៃការបែងចែករបស់រដ្ឋតាមរយៈថវិកាជាតិ ទី១ ខាងផ្នែកពន្ធដារ រដ្ឋអត់យកពន្ធលើប្រាក់ខែអ្នករកស៊ីតូចតាច ពន្ធភាស៊ី ថ្លៃសេវាសាធារណៈត្រូវបានលុបអស់។ ប៉ុន្តែជំនួសមកវិញនូវការយកពន្ធកាន់តែច្រើនពីអ្នកវិនិយោគធំៗ ពីព្រោះអ្នករកស៊ីធំៗទាំងអស់នោះចំណេញច្រើនពីផលសេដ្ឋកិច្ច។
និយាយជារួម ការបែងចែកផលលាភទៅដល់ប្រជាជនតាមរយៈកំណើនសេដ្ឋកិច្ច ៧%នេះ គឺរដ្ឋបានចំណាយនិងវិនិយោគអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យធ្វើយ៉ាងណាឲ្យជីវភាពប្រជាពលរដ្ឋរស់នៅបានសមរម្យ។
ដ្បិតថា អត្រានៃភាពក្រីក្រធ្លាក់ចុះមកនៅត្រឹមតែ១០%ក្ដី ប៉ុន្ដែ របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងថា ប្រជាជនកម្ពុជាភាគច្រើន គឺរស់នៅតាមតំបន់ជនបទ ដូច្នេះនេះគឺជាឱកាស ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុដល់ពួកគេ។
យ៉ាងណាមិញ ក្នុងចំណោមប្រជាជន ១៥លាននាក់ មានតែ ៣លាននាក់ប៉ុណ្ណោះ ដែលមានប្រើប្រាស់សេវាដាក់ប្រាក់ ឬសេវាកម្ចីបានពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ដូច្នេះ វិស័យហិរញ្ញវត្ថុក្រៅផ្លូវការនៅតែដើរតួនាទីដ៏ធំមួយ សម្រាប់ការផ្ដល់សេវាហិរញ្ញវត្ថុសម្រាប់ប្រជាជននៅតាមជនបទ៕