យោងតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ បានរួមចំណែកបង្កើនតម្លៃស្ករត្នោតកំពង់ស្ពឺ បង្កើតការងារ លើកកម្ពស់ជីវភាព និងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមអភិរក្សដើមត្នោតដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា។ ហើយក្រៅពីការអភិរក្សធនធានដើមត្នោត ប្រជាពលរដ្ឋបានបន្តថែរក្សាកេរដំណែលចំណេះដឹងជាប្រពៃណី និងឧបករណ៍បុរាណពាក់ព័ន្ធនឹងការផលិតស្ករត្នោត ដែលជាសម្បត្តិវប្បធម៌សម្រាប់ការពារអត្តសញ្ញាណជាតិ និងជាគោលដៅទាក់ទាញទេសចរផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដោយសារការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឱ្យមានកំណើនវិស័យឧស្សាហកម្ម និងសេវាកម្ម បានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន និងបានផ្តល់ប្រាក់ឈ្នួលខ្ពស់ ព្រមទាំងការឡើងថ្លៃអចលនទ្រព្យ បានធ្វើឱ្យប្រជាពលរដ្ឋបោះបង់មុខរបរផលិតស្ករត្នោត។ ការណ៍នេះ បានធ្វើឱ្យ សម្តេចតេជោ មានការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃផលិតផលស្ករត្នោត និងការបាត់បង់ដើមត្នោតដែលជាអត្តសញ្ញាណជាតិ។ ទន្ទឹមនេះ សម្តេចក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះដើមត្នោតបន្ថែមទៀត ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីដើមត្នោតផងដែរ។
បើតាម សម្តេចតេជោ ហ៊ុន សែន ស្ករត្នោតកំពង់ស្ពឺ បានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១០ និងបន្ទាប់មកបានចុះបញ្ជីការពារនៅបណ្តាប្រទេសចំនួន២៩ផ្សេងទៀត ហើយម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ធ្វើឱ្យមានការកើនឡើងតម្រូវការទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលបាននាំចេញទៅកាន់ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន និងថៃជាដើម។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ បានកំណត់យកតំបន់ភូមិសាស្ត្រចំនួន៣ រួមមាន ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គស្នូល ដែលមានដើមត្នោតសរុបប្រមាណ ៣ម៉ឺនដើម ប៉ុន្តែបច្ចុប្បន្ន មានតែ ចំនួនប្រមាណជាង ៣ពាន់៦រយដើមប៉ុណ្ណោះ ដែលអាចផលិតស្ករត្នោតបានបរិមាណ ២៥០តោន ដោយបាននិងកំពុងអាស្រ័យផលដោយគ្រួសារចំនួន១៥៣ គ្រួសារ ជាសមាជិកសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ។
គួរដែរជម្រាបថា តាមការបញ្ជាក់ពីមន្ត្រីជំនួយការនៃសមាគមស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ការបញ្ជាទិញផលិតផលស្ករត្នោតកំពង់ស្ពឺ ដែលជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) ពីទីផ្សារក្រៅប្រទេសនៅឆ្នាំនេះ មានការធ្លាក់ចុះប្រមាណ៣០តោន បើធៀបនឹងការបញ្ជាទិញកាលពីឆ្នាំ២០២២ កន្លងទៅ៕