ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពពិភពលោកនាពេលបច្ចុប្បន្នបានកំពុងឈានទៅដំណាក់កាលមួយថ្មី ដែលត្រូវបានធ្វើការវាយតម្លៃជាច្រើនពីអ្នកសេដ្ឋកិច្ចសកលថា ពិភពលោកកំពុងឈានជើងទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ ដែលផ្ដើមចេញពីអាមេរិក និងអឺរ៉ុប។ បើតាមសម្តេច ហ៊ុន សែន បានបញ្ជាក់ថា វាជាការពិតបញ្ហាលើសកលលោកបច្ចុប្បន្ននេះ វាផ្តើមចេញពីបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែមូលហេតុដែលនាំឲ្យសេដ្ឋកិច្ចនាពេលនេះ ជួបការលំបាក មិនមែនបណ្តាលមកពីមូលហេតុតែមួយគត់ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះទេ។ ដោយសម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា វិបត្តិសេដ្ឋកិច្ចសាកលដែលអាចកើតឡើង គឺដោយសារទង្វើនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុបទៅលើរុស្ស៊ី ហើយការដាក់ទណ្ឌកម្មនេះមិនត្រឹមប៉ះពាល់ដល់រុស្ស៊ីតែម្នាក់ឯងនោះឡើយ ប៉ុន្តែវាបានប៉ះពាល់ដល់អឺរ៉ុបខ្លួនឯងផង និងបានរាលដាលដល់ប្រទេសតូចៗដែលមិនពាក់ព័ន្ធ រួមទាំងកម្ពុជាផងដែរ។
យ៉ាងណាក៏ដោយចុះ បើតាមសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បញ្ហាវិបត្តិសេដ្ឋកិច្ចសកលនឹងអាចឈានចូលមកដល់ ដែលនេះជាបញ្ហាមួយដែលកម្ពុជាគួរតែទប់ទល់នឹងសភាពការណ៍មួយនេះ ហើយបច្ចុប្បន្នវាបានបង្ហាញនូវសញ្ញាដូចទៅនឹងអំឡុងឆ្នាំ ២០០៨-២០០៩កន្លងទៅដូច្នោះដែរ ដោយពេលនោះគឺពិភពលោកជួបនូវវិបត្តិហិរញ្ញវត្ថុសកល។ សម្តេច ហ៊ុន សែន បានបន្ថែមថា នាអំឡុងវិបត្តិហិរញ្ញវត្ថុសាកល កម្ពុជាបានបិទនូវរងចក្រមួយចំនួនដោយសារតែ ដោយសារតែឥទ្ធិពលនៅអឺរ៉ុប ប្រាក់ចំណូលរបស់ពលរដ្ឋនៅអឺរ៉ុបធ្លាក់ចុះ ធ្វើឲ្យការបញ្ជាទិញផលិតផលកាត់ដេរសម្លៀកបំពាក់ពីកម្ពុជាធ្លាក់ផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន មានក្តីសង្ឃឹមជឿជាក់ថា ពិភពលោកនឹងរកការស្រុះស្រួលគ្នា ដើម្បីបញ្ជៀសនូវវិបត្តិសេដ្ឋកិច្ចនាពេលនេះ។ បើទោះបីជាវិបត្តិសេដ្ឋកិច្ចនេះ អាចកើតឡើងនូវអាមេរិក និងអឺរ៉ុបក្តី តែវាច្បាស់ណាស់នឹងជះឥទ្ធិពលមកប្រទេសទូទៅទាំងសកលលោក បូករួមទាំងកម្ពុជាផង ពីព្រោះទាំងប្រទេសអាមេរិក និងអឺរ៉ុបគឺសុទ្ធតែជាទីផ្សារដ៏ធំរបស់កម្ពុជាផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាត្រូវធ្វើនាពេលបច្ចុប្បន្ន គឺត្រូវរក្សារស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អ៕