គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ១,៧០០លានដុល្លារអាម៉េរិក។
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវបានប្រាប់សម្តេចតេជោថា លោកគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រព័ន្ធដឹកជញ្ជូនផ្លូវដ៏សំខាន់របស់កម្ពុជា ដែលតភ្ជាប់ពីទន្លេទៅកាន់សមុត្រខេត្តកែប។ ការបង្ហាញការគាំទ្រនេះធ្វើឡើងបន្ទាប់ពីលោកបានស្តាប់ការពន្យល់ និងបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលអះអាងថាគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹករបស់ទន្លេមេគង្គនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា។
ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គម្រោងនេះ បានអនុវត្តតាមច្បាប់អន្តរជាតិត្រឹមត្រូវ ក្នុងនោះកម្ពុជាបានជូនដំណឹងអំពីព័ត៌មានលម្អិតរបស់ព្រែកជីកនេះទៅគណៈកម្មការទន្លេមេគង្គរួចហើយ។ បើតាមការគូសបញ្ជាក់របស់សម្ដេចតេជោ យន្តហោះចម្បាំងមិនអាចធ្វើដំណើរតាមព្រែកជីកនេះបាននោះទេ ព្រោះជម្រៅផ្លូវទឹកជាក់ស្តែងមានតែ៤,៥ម៉ែត្រប៉ុណ្ណោះ ខណៈនាវាចម្បាំងមានខ្នាតធំ និងមានទម្ងន់រាប់ម៉ឺនតោន ហើយខ្លះដឹកយន្តហោះចម្បាំងថែមទៀត ដូចនេះ គឺមិនអាចធ្វើដំណើរតាមព្រែកជីកបានទេ។ ទន្ទឹមនេះ កម្ពុជាគ្មានគំនិត និងភាពក្លាហានប្រឆាំងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះដែរ តែគម្រោងនេះ មានសម្រាប់តែនាវាដឹកទំនិញ ទេសចរ និងការបើកឱ្យដំណើរការរោងចក្រនានានៅតាមផ្លូវអមសងខាងព្រែកជីកតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ ដែលមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ វិនិយោគក្រោមទម្រង់ វិនិយោគ ធ្វើប្រតិបត្តិការ និងផ្ទេរ (BOT) ដោយគ្រោងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤ ដោយប្រើរយៈពេល៤ឆ្នាំ និងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ។គម្រោងនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរំពឹងថា នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ