វិស័យ​សេដ្ឋកិច្ច

តើកម្ពុជា គួរធ្វើកំណែទម្រង់ប្រព័ន្ធពន្ធគយបែបណាខ្លះ ដើម្បីធានាតម្លាភាព និងទប់ស្កាត់ការបាត់បង់ចំណូលថវិកាជាតិ?


​​ក្រោយប្រតិបត្តិការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឈានដល់ការឃាត់ខ្លួនអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង រួមនឹងបក្ខពួករឹបអូសប្រាក់ពុករលួយរហូតដល់ជាង១លានដុល្លារ ក្រុមអ្នកជំនាញ និងអ្នកតាមដានសង្គម បានស្នើឱ្យរដ្ឋាភិបាលគួរធ្វើកំណែទម្រង់ស្ថាប័ន និងប្រព័ន្ធពន្ធគយ ដើម្បីកុំឱ្យធ្លុះធ្លាយថវិកាជាតិ។
វិស័យ​សេដ្ឋកិច្ច
ដោយ

ក្រុមអ្នកជំនាញជឿជាក់ថា ប្រសិនបើការប្រមូលចំណូលពន្ធគយមានតម្លាភាព នោះកម្ពុជានឹងមានកញ្ចប់ថវិកាជាតិកាន់តែច្រើន ដើម្បីអភិវឌ្ឍវិស័យអាទិភាព ជាពិសេសពង្រឹងវិស័យការពារជាតិ ខណៈសភាពការណ៍ព្រំដែនកំពុងមានភាពតានតឹង។

លោក ឱក សេរីសោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អបានលើកឡើងថា ល្មមដល់ពេលហើយ ដែលរដ្ឋាភិបាលគួរធ្វើកំណែទម្រង់ប្រព័ន្ធប្រមូលពន្ធគយសារឡើងវិញ តាមរយៈជម្រុះចោលនូវមន្រ្តីគយណាដែលអសកម្ម ជំនួសដោយមន្រ្តីគយសកម្ម និងធ្វើការច្បាស់លាស់ប្រកបដោយតម្លាភាព និងគណនេយ្យភាព។ លោកបានសង្កត់ធ្ងន់ថា ថវិកាដែលបានមកពីការប្រមូលចំណូលពន្ធគយត្រឹមត្រូវ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ចាក់បញ្ចូលទៅក្នុងវិស័យការពារជាតិ សុខាភិបាល និងវិស័យអប់រំ។ លោក ឱក សេរីសោភក្តិ៍ បានរំលឹកថា យោងតាមរបាយការណ៍អន្តរជាតិ កម្ពុជា បានបាត់បង់ចំណូលជាតិជិត ៥០០លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារតែការកិបកេង និង ការបន្លំពីសំណាក់មន្ត្រីខិលខូចមួយចំនួន។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានចាត់ទុកការចាត់វិធានការលើមន្ត្រីសាខាគយនៅខេត្តកោះកុង ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ គឺវាជាសញ្ញាវិជ្ជមានមួយ នៃការអនុវត្តច្បាប់ ប៉ុន្តែវាក៏ជាសញ្ញាអាសន្ន ដែលបង្ហាញពីរន្ធហូរចេញ នៃថវិកាជាតិ ផងដែរ។ អ្នកជំនាញរូបនេះយល់ថា ដើម្បីកាត់បន្ថយឱកាសនៃការប្រព្រឹត្តអំពើពុករលួយ និងបង្កើនប្រសិទ្ធភាព រដ្ឋាភិបាលគួរពិចារណាលើ សសរស្ដម្ភ៣ រួមមាន ការធ្វើបរិវត្តន៍កម្មឌីជីថលពេញលេញ ការពង្រឹងសវនកម្មក្រោយការបញ្ចេញទំនិញ របបលើកទឹកចិត្ត និង ទណ្ឌកម្ម។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើការប្រមូលពន្ធគយត្រូវបានធ្វើឡើងដោយតម្លាភាព និងពេញលេញ វានឹងក្លាយជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចជាតិយ៉ាងខ្លាំងក្លា សំដៅជួយពង្រីកវិនិយោគសាធារណៈ សមធម៌ក្នុងការប្រកួតប្រជែង ឯករាជ្យភាព នៃថវិកាជាតិ ក៏ដូចជាទទួលបានទំនុកចិត្តពីវិនិយោគិនបរទេស។

ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានសង្កេតឃើញថា ការចុះបង្ក្រាបមន្រ្តីសាខាគយនៅខេត្តកោះកុង ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយនេះ គឺជាពន្លឺ និងសកម្មភាពមួយឈានទៅលុបបំបាត់អំពើពុករលួយ។ តែយ៉ាងណាដើម្បីឱ្យការប្រមូលចំណូលពន្ធគយធ្វើឡើងប្រកបដោយតម្លាភាព រដ្ឋគួរតែដាក់ចេញនូវគោលនយោបាយឱ្យបង់ពន្ធតាមប្រពន្ធអនឡាញ ឬក៏បង់ពន្ធតែមួយច្រកប៉ុណ្ណោះ មិនគួរឆ្លងកាត់នីតិវីធីច្រើនពេកនោះទេ។ ជាមួយគ្នានេះ លោក យង់ គិមអេង ចង់ឱ្យមានការអនុវត្តទោសធ្ងន់ធ្ងរចំពោះបុគ្គលនៅក្នុងវិស័យរដ្ឋណាដែលបានប្រព្រឹត្តកំហុស ដើម្បីធ្វើឱ្យពលរដ្ឋមានទំនុកចិត្តលើអធិការកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសគួរមានភាគីខាងក្រៅ ក៏ដូចជាពីប្រជាពលរដ្ឋចូលរួមតាមដានត្រួតពិនិត្យលើបញ្ហាអំពើពុករលួយនេះ។

ដោយឡែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ យល់ឃើញថា ប្រភពចំណូលបានពីពន្ធគយ គឺជាចំណូលដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ដែលទាមទារឱ្យមានការប្រមូលពន្ធគយប្រកបដោយតម្លាភាព។ សម្រាប់អ្នកជំនាញរូបនេះ រដ្ឋាភិបាលចាំបាច់ធ្វើកំណែទម្រង់ ដោយធ្វើយ៉ាងណាបែងចែកថវិកាជាតិឱ្យមានតម្លាភាព ដើម្បីអាចអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនបន្ថែមទៀត។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើការប្រមូលចំណូលពន្ធគយធ្វើឡើងមិនមានប្រក្រតីភាពទេ នោះកម្ពុជា ក៏មិនមានលទ្ធភាពកសាងប្រទេសឱ្យខ្លាំងបាននោះដែរ។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេត និងឈានដល់ការចាប់ខ្លួនលោក ម៉ៅ សាន់សូនា អនុប្រធានសាខាគយខេត្តកោះកុង និងបក្ខពួក ក្រោយស្រាវជ្រាវរកឃើញលុយពុករលួយជាង១លានដុល្លារក្នុងគណនី៤១ នៅធនាគារចំនួន៦ ដោយប្រើឈ្មោះសាច់ញាតិ បងប្អូន និងក្រុមគ្រួសារខ្លួន។ លទ្ធផលស្រាវជ្រាវរបស់ ACU ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែមីនា បានរកឃើញថា បុគ្គលរូបនេះបានប្រព្រឹត្តិអំពើពុករលួយជាច្រើនករណីក្រោមរូបភាពបើកដៃឱ្យនាំចូលទូរសព្ទដៃ និងកំព្យូទ័រដោយខុសច្បាប់ ការទារប្រាក់ពីអ្នកបើកបររថយន្ត និងម្ចាស់ឡានដឹកទំនិញ ៨២៩គ្រឿង ស្មើនឹង៣,០០០ក្បាលឡាន, ការក្លែងបន្លំគណនីធនាគារ ដោយប្រើប្រាស់គណនីរបស់កូនប្រុស គណនីរបស់កូនស្រីបង្កើត និងគូដណ្តឹង គណនីរបស់ប្រពន្ធក្រៅច្បាប់ទី៧ ដើម្បីទារប្រាក់ខុសច្បាប់ពីអ្នកបើកបររថយន្ត និងម្ចាស់ទំនិញ ជាដើម៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


បំណុលឯកជននៅកម្ពុជា ហក់ឡើងដល់ជាង៦២ពាន់លានដុល្លារ តើជាសញ្ញាគ្រោះថ្នាក់ ឬជាកម្លាំងចលករសេដ្ឋកិច្ច?

គិតត្រឹមឆ្នាំ២០២៥ ពលរដ្ឋកម្ពុជា ប្រមាណ​៥លាននាក់ កំពុងប្រើប្រាស់ឥណទានពីគ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់សរុបរហូតដល់ជាង៦២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ