ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អ្នកសារព័ត៌មានខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា «ទាក់ទងទៅនឹងដំឡូងមី សូមកុំមានការព្រួយបារម្ភ ព្រោះផលិតដំឡូងមីយើង រកតែទីផ្សារលក់រាល់ថ្ងៃហ្នឹង ព្រោះមួយឆ្នាំៗយើង ឆ្នាំទៅនេះផលិតបាន ជាង១៣លានតោនឯណោះដំឡូងមីស្រស់ ហើយតម្លៃវាមធ្យម ២៤០រៀល ទៅ៣០០រៀលទេ មួយគីឡូ ភាគច្រើនតម្លៃ២៦០ទេ ដំឡូងមីស្រស់បើដំឡូវមីក្រៀមវាអាចប្រសើរជាងនេះ។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម ផលិតផលដំឡូងមី ក៏ជាវត្ថុធាតុដើមសំខាន់មួយ សម្រាប់ការផលិតទៅជាទឹកអាល់កុលផងដែរ ហើយនៅកម្ពុជាក៏មានរោងចក្រខ្លះបានយកដំឡូងមីនេះផលិតទៅជាទឹកអាល់កុលផលដែរ ប៉ុន្ដែ ដោយសារតែ ចំនួនរោងចក្រដំឡូងមីនៅកម្ពុជាមានតិចតួចនៅឡើយ ដូច្នេះវាមិនអាចស្រូបយកដំឡូងមីរបស់ប្រជាជនទាំងអស់មកផលិតធ្វើជាអាល់កុលបានទេ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា «វាជាទំហំមួយធំណាស់ អញ្ចឹងទំហំ គ្រាន់តម្លៃដំឡូងមីហ្នឹងរាប់ពាន់លានដុល្លារ អញ្ចឹងគឺយកតែមួយចំណែកណាមួយ ដែលប្រជាជនបានសម្ងួតឲ្យ គឺយកមកធ្វើអាល់កុលតែប៉ុណ្ណោះ ឯការនាំដំឡូវមីស្រស់ក្រៀមរបស់យើងនៅតែបន្តនាំចេញ»។
បើទោះបីជា កាលពីពេលកន្លងទៅនេះ សម្តេច ហ៊ុន សែន ទើបតែបានប្រកាសហាមនាំចេញនាំផលិតផលកសិកម្មមួយចំនួន ដូចជា ស្រូវ និងអង្ករស និងត្រី យ៉ាងណាក្ដី ប៉ុន្ដែ ឯកឧត្តម វេង សាខុន បញ្ជាក់ថាចំពោះផលិតផលដំឡូងមី សូមកុំមានការព្រួយបារម្ភថា នឹងមានការទប់ស្កាត់ការចេញអី ពោលគឺកម្ពុជានៅតែបន្តនាំចេញដំឡូងមីដូចជាធម្មតា។
ឯកឧត្តម វេង សាខុន បន្ថែមទៀតថា សម្រាប់ឆ្នាំនេះតម្លៃល្អជាងឆ្នាំទៅ ដោយដំឡូងមីស្រស់ឡើងដល់ ២៦០រៀលក្នុងមួយគីឡូក្រាមនៅឆ្នាំនេះ ខណៈឆ្នាំទៅតម្លៃតែ ២០០រៀលក្នុងមួយគីឡូក្រាម។
លោក ចាន់ សាមឿន ជាកសិករដាំដំឡូងមីនៅភូមិបួនជួរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានឲ្យដឹងថា ដំឡូងមីឆ្នាំនេះ ពិតជាមានតម្លៃល្អជាងឆ្នាំទៅមែន។កសិកររូបនេះ បានបន្តថា «ថ្វីត្បិតតែតម្លៃល្អមែន តែវាក៏ស៊ីសងទៅទនិ្នផលដំឡូងហ្នឹងដែរ បើអាកាសធាតុមិនអំណោយផល ខ្វះខាតទឹកស្រោចស្រព ផលក៏បានតិចទៅតាមហ្នឹង ហើយបើជីឡើងថ្លៃទៀតក៏នៅតែមិនសូវចំណេញអីដែរ គឺថាចំណេញដែរ តែចំណេញតិច ម្យ៉ាងអ្នកភូមិខ្ញុំមិនសូវចាំលក់ដំឡូងមីក្រៀមទេ ភាគច្រើនលក់តែអាស្រស់ហ្នឹងឯង ព្រោះពេលខ្លះចាំហាលក្រៀម ជួនមានភ្លៀង ជួនដំឡូងធ្លាក់ថ្លៃទៅវិញភ្លាមក៏មាន»។
ចំណែកកសិករដាំដំឡូងមីមួយរូបទៀត គឺលោក វឿន កែវ បានឲ្យដឹងដែរថា «ដំឡូងមីឆ្នាំនេះ មានតម្លៃគ្រាន់បើបន្តិច ហើយក៏មានឈ្មួញមកទិញច្រើនដែរ មានទាំងថៃ និងវៀតណាម តែបើបានថ្លៃជាងនេះប្រហែល ៣៥០រៀលទៅ ៤០០រៀលមួយគីឡូ សម្រាប់ដំឡូងស្រស់ ហើយអាក្រៀមបាន ៥០០រៀលអី វានឹងកាន់តែល្អប្រសើរជាងហ្នឹង»។
បើតាមកសិករទាំងពីររូបនេះ សម្រាប់ដំណាំដំឡូងមី មួយឆ្នាំធ្វើបានតែម្តងទេ ដោយគេត្រូវចាប់ផ្តើមធ្វើនៅអំឡុងខែធ្លាក់ភ្លៀង អាចថា ខែឧសភា ឬមិថុនាទៅ នឹងអាចប្រមូលផលនៅអំឡុងខែមករា ឬកុម្ភៈ។ តែពេលវេលាការដាំនេះ ក៏អាស្រ័យទៅលើកសិករនីមួយៗ កត្តាអាកាសធាតុផងដែរ បើពុំដូច្នេះទេ ដំឡូងនឹងគ្មានមើមសម្រាប់ដកឡើយ៕