
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរីន ឡាក់សាណា វិសិត បានថ្លែង នាអំឡុងទស្សនកិច្ចនៅឯប្រទេសចិន កាលពីពេលថ្មីៗនេះថា ប្រទេសថៃ និងចិន បានសម្រេចចុះកិច្ចព្រមព្រៀងមួយ ក្នុងការនាំចេញផលិតផលដំឡូងមី ពីថៃ ទៅចិន ឲ្យបានដល់ ៦០០ លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំនេះ។
កិច្ចព្រមព្រៀងនាំចេញដំឡូងមីនេះ ត្រូវបានចុះហត្ថលេខាដោយ ក្រុមហ៊ុនធំៗចំនួន៤របស់ចិន ដែលនាំចូលទាំងប្រភេទចំណិតដំឡូងមី និងម្ស៉ៅដំឡូងមី ទៅកាន់ខេត្តគង់ស៊ីប្រទេសចិន ដែលជាទីផ្សារថ្មីមួយសម្រាប់ឧស្សាហកម្មនាំចេញដំឡូងមីរបស់ថៃ។
តាមធម្មតា ប្រទេសចិននាំចូលមើមដំឡូងមី ប្រមាណ៧លានតោនដែលមានតម្លៃ ២០ពាន់លានបាត ឬស្មើនឹងប្រមាណ ជាង៦៥០ លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ។
ទោះយ៉ាងណា កាលពីឆ្នាំមុន ប្រទេសចិន បាននាំចូលមើមដំឡូងមីតែ៣លានតោនប៉ុណ្ណោះ ពីប្រទេសថៃ ហើយឥឡូវនេះ ថៃកំពុងតែទទូចឲ្យចិនបន្តកូតានាំចូលដំឡូងមីពីមុន គឺនាំចូលចំណិតដំឡូងមី ២លាន៦សែនតោន និងម្ស៉ៅដំឡូងមី៨ម៉ឺនតោន ដែលមានតម្លៃជាទឹកប្រាក់សរុប ៦០០ លានដុល្លារអាមេរិក។
ក្រៅពីអនុញ្ញាតឲ្យថៃនាំដំឡូងមីចូល ប្រទេសចិនក៏មាននាំចូលអង្ករពីថៃរាប់សែនតោនផងដែរ។ បច្ចុប្បន្ន ចិនបាននាំចូលអង្ករពីប្រទេសថៃ ប្រមាណ ៧០ម៉ឺនតោន ប៉ុន្ដែវានៅខ្វះ១លាន៣សែនតោនទៀត ដែលមិនទាន់បំពេញគ្រប់កូតានៅឡើយ។
ដោយមានការពិភាក្សាគ្នា ភាគីចិន និងថៃ ក៏បានចុះកិច្ចព្រមព្រៀងមួយផ្សេងទៀត អនុញ្ញាតឲ្យថៃ នាំចេញកៅស៊ូចំនួន២០ម៉ឺនតោនទៅកាន់ប្រទេសចិនផងដែរ។
មកទល់ពេលនេះ ថៃបាននាំចេញកៅស៊ូទៅចិនក្នុងចំនួន ជិត១៧ពាន់តោន ក្រោមកិច្ចព្រមព្រៀងនេះ ប៉ុន្ដែ បញ្ហាដែលការនាំចូលមិនគ្រប់គោលដៅនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។សូមជម្រាបដែរថា កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ រាជរដ្ឋាភិបាលថៃ ទើបតែដោះស្រាយសំណងជាទឹកប្រាក់ចំនួន ៣ពាន់បាត ប្រហែលជា១០០ ដុល្លារអាមេរិក សម្រាប់ដីដាំដុះដំឡូងមីក្នុងមួយរៃ របស់កសិករ ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ជាមួយនឹងចំនួនកសិករ ជាង៤៥០០ នាក់ ក្នុងខេត្តចំនួន១១៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។