នៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅរដ្ឋធានីហាណូយ កាលពីដើមសប្ដាហ៍នេះ ស្ដីអំពីសេចក្ដីព្រាងវិសោធនកម្មច្បាប់ការងារ ក្រុមការងារតំណាងឲ្យអាជីវកម្មជាច្រើនបានបង្ហាញពីក្ដីបារម្ភរបស់ពួកគេអំពីសំណើកាត់បន្ថយម៉ោងធ្វើការងារសម្រាប់កម្មករដោយកាត់ចោល ៤ម៉ោង ពោលគឺពីម៉ោង៤៨ម៉ោង ឲ្យមកនៅត្រឹមតែ៤៤ម៉ោងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍។
ការបង្ហាញពីការមិនយល់ស្របរបស់ក្រុមហ៊ុនឯកជនទាំងនេះ ធ្វើឡើងបន្ទាប់ពីក្រុមកម្មករចំនួន ៨១ ភាគរយ នៃចំនួនកម្មករដែលត្រូវបានស្ទង់មតិ កាលពីពេលថ្មីៗនេះ បានបោះឆ្នោតឲ្យមានការកាត់បន្ថយម៉ោងការងារពី ៤៨ ម៉ោង មកនៅត្រឹម៤៤ម៉ោងក្នុងមួយសប្ដាហ៍។ នេះបើយោងតាមការស្រង់មតិរបស់ សហព័ន្ធការងារទូទៅវៀតណាម។
លោកស្រី ផាន ធី ថាញ់ សៀន អនុប្រធានសមាគមស្បែក ស្បែកជើង និងកាបូបដៃវៀតណាម បាននិយាយថា ឧស្សាហកម្មផលិតផលិតស្បែក ស្បែកជើង និងកាបូប បច្ចុប្បន្ននេះ កំពុងមានកម្មករធ្វើការប្រមាណ ១លាន ៥សែននាក់ ហើយវាពិតជាមានការលំបាកណាស់ក្នុងការជ្រើសរើសកម្មករថ្មីឲ្យមកធ្វើការ។
មានន័យថា ប្រសិនបើម៉ោងធ្វើការងារ បច្ចុប្បន្ននេះ ត្រូវបានកាត់បន្ថយ នោះក្រុមហ៊ុននៅក្នុងវិស័យនេះ នឹងត្រូវជួលកម្មករថ្មីៗបន្ថែមទៀត ហើយប្រសិនបើពួកគេមិនអាចជួលបានទេ ពួកគេនឹងត្រូវវិនិយោគបន្ថែម ទៅលើឧបករណ៍សម្ភារ និងគ្រឿងម៉ាស៊ីន ដើម្បីធានា ចំនួននៃការផលិត ផលិតផលបានគ្រប់គ្រាន់តាមតម្រូវការ។ ប៉ុន្ដែ ការធ្វើបែបនេះ ក្រុមហ៊ុន នឹងទទួលរងនូវការចំណាយថ្លៃដើមផលិតកម្មកាន់តែខ្ពស់ជាងមុន។
បើតាមការគណនារបស់សមាគម ស្បែក ស្បែកជើង និងកាបូបដៃវៀតណាមបានឲ្យដឹងថា ការបន្ថយម៉ោងការងារមកនៅត្រឹម៤៤ម៉ោងក្នុងមួយសប្ដាហ៍នេះ ក្រុមហ៊ុនផលិតស្បែកជើងនឹងត្រូវបន្ថែមកម្លាំងពលកម្មថ្មី ប្រមាណ១០%ទៀត ដែលវាជារឿងលំបាកមួយក្នុងការរកបុគ្គលិកមកធ្វើការ។
ការស្វែងរកបុគ្គលិកថ្មីសម្រាប់ផ្នែកស្បែកជើងនិងស្បែកបានក្លាយជាបញ្ហាជាយូរមកហើយ។ តាមធម្មតា ដែលរោងចក្រផលិតស្បែកជើង និងកាបូបនៅវៀតណាម ឥលូវនេះ កំពុងប្រើកម្មករជាច្រើនដែលមានវ័យប្រមាណ ៥០ ឆ្នាំ។
លោកស្រីត្រាន់ ធី ឡាន អាញ ប្រធានការិយាល័យសម្រាប់សកម្មភាពនិយោជក ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានលើកឡើងថា ប្រទេសភាគច្រើនដែលមានម៉ោងធ្វើការងារពី៤០ ទៅ៤៤ ម៉ោងក្នុងមួយសប្ដាហ៍ គឺជាប្រទេសអភិវឌ្ឍន៍។
នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងការប្រកួតប្រជែងខ្លាំងក្លាជាមួយវៀតណាម មានដូចជាថៃ ឥណ្ឌា បង់ក្លាដេស ម៉ាឡេស៊ី និងហ្វីលីពីន និងឡាវ គឺមានម៉ោងធ្វើការងារ ៤៨ម៉ោង ក្នុងមួយសប្ដាហ៍ដូចៗគ្នា។
តាមការស្ទង់មតិ របស់ ការិយាល័យសម្រាប់សកម្មភាពនិយោជក ដែលបានសិក្សាលើប្រជាជាតិចំនួន ១៨ ក្នុងនោះ រួមមាន ប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន១០ និងអាស៊ីផងដែរ ដែលមានលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គមស្រដៀងគ្នា នឹងប្រទេសវៀតណាម បានរកឃើញថា មានប្រជាជាតិចំនួន ៦ មានម៉ោងធ្វើការងារ តិចជាង៤៨ម៉ោងក្នុងមួយសប្ដាហ៍ និងប្រជាជាតិ១១ផ្សេងទៀត ធ្វើការងារ ៤៨ម៉ោង និងប្រទេសកូរ៉េខាងត្បូង មាន៥២ម៉ោង ក្នុងមួយសប្ដាហ៍។
បើតាមអ្នកជំនាញ បានលើកឡើងថា ថ្វីដ្បិតតែច្បាប់ការងារបច្ចុប្បន្នមានម៉ោងធ្វើការងារ ៤៨ម៉ោង ក្នុងមួយសប្ដាហ៍ក៏ពិតមែន ក៏នៅមានក្រុមហ៊ុនជាច្រើនបានស្នើឲ្យបុគ្គលិករបស់ពួកគេធ្វើការងារថែមម៉ោង ដើម្បីអាចបំពេញតម្រូវការទីផ្សារ។
ដូច្នេះហើយ បើពេលវេលាធ្វើការ ត្រូវបានកាត់បន្ថយមែន នោះអាជីវកម្ម នឹងមិនអាចផ្គត់ផ្គង់ផលិតផលបានគ្រប់តាមតម្រូវការរបស់អ្នកបញ្ជាទិញបានទេ ដែលវានឹងធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ និងយីហោរបស់ពួកគេ ហើយផលិតផលនាំចេញនឹងត្រូវរងផលប៉ះពាល់ជាក់ជាមិនខាន។
តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន នៅវៀតណាម បានលើកឡើងថា ប្រទេសនៅជុំវិញវៀតណាម បានអនុញ្ញាតឲ្យកម្មករធ្វើការងារថែមម៉ោង៦០០ ម៉ោងក្នុងមួយឆ្នាំ ជប៉ុន អនុញ្ញាតឲ្យមាន ៧០០ ម៉ោង និងម៉ាឡេស៊ី គឺមិនមានកំណត់នោះឡើយ។ ប៉ុន្ដែ វៀតណាម បានកំណត់ម៉ោងធ្វើការថែមម៉ោងតិចជាង៣០០ ម៉ោងក្នុងមួយឆ្នាំ។
គួរជម្រាបថា តាមការស្ទង់មតិ របស់សហព័ន្ធការងារ ទូទៅវៀតណាម បានឲ្យដឹងថា កម្មករវៀតណាម គឺស្ថិតនៅក្នុងចំណោមកម្មករដែលធ្វើការងារច្រើនម៉ោងបំផុត នៅក្នុងពិភពលោក និងមានចំនួនថ្ងៃឈប់សម្រាកតិចថ្ងៃបំផុតក្នុងចំណោមប្រទេសជិតខាង៕