សកម្មភាព​ទេសចរណ៍

ខេត្តសៀមរាប ស្រូបទាញបានទេសចរច្រើនជាងគេបង្អស់ នៅអំឡុងថ្ងៃឈប់សម្រាកបុណ្យអុំទូក


អំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក រយៈពេល ៤ថ្ងៃ ចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត ទូទាំងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ៦៤ម៉ឺននាក់ ដោយក្នុងនោះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដល់ទៅ ១៦ម៉ឺននាក់។ នេះបើយោងតាម របាយការណ៍ជាផ្លូវការ ចេញផ្សាយដោយ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃនេះ។
សកម្មភាពភ្ញៀវទេសចរ ចូលទស្សនាភូមិវប្បធម៌ខេត្ត​សៀមរាប (រូបភាព៖ ហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្ត​សៀមរាប)
ដោយ

ឯកឧត្តម​ ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា បានបញ្ជាក់​ឲ្យដឹងថា នាឱកាស​ថ្ងៃឈប់​សម្រាករយៈពេល ៤ថ្ងៃនៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ គិតចាប់ពី​ថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ ចំនួនភ្ញៀវ​ទេសចរ​ទាំងជាតិ និងអន្តរជាតិ ដែលចេញ​ដើរកម្សាន្ត​ទូទាំង​ប្រទេស​កម្ពុជា មានជាង ៦៤ម៉ឺននាក់ ក៏ប៉ុន្តែការ​ចំណាយ​មាន​ការថមថយ​ចុះជាងមុន។

ក្នុងនោះ ខេត្តសៀមរាប នៅតែទាក់ទាញ​ជាងគេ ទទួលបាន​ភ្ញៀវទេសចរ​ជាង ១៦ម៉ឺន ដែលភ្ញៀវ​ភាគច្រើន ចេញទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន និងសហគមន៍​នានា តែយ៉ាងណា​បើតាម​របាយការណ៍ពី គ្រឹះស្ថាន​អង្គរ​អំឡុងពេល​នៃវិបត្តិ​កូវីដ១៩ រយៈពេល ១០ខែ ដើមឆ្នាំ ២០២០នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែលទិញ​សំបុត្រ​ចូលទស្សនា​រមណីយដ្ឋាន​អង្គរ មានជិត ៤០ម៉ឺននាក់ រកចំណូល​បានជាង ១៨លាន​ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ ៧៧% បើធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

រីឯនៅតំបន់​ជាប់មាត់​សមុទ្រវិញ ខេត្តកំពត ឈរនៅ​លេខ​រៀងទី ២ បន្ទាប់ពី​ខេត្តសៀមរាប ដែល​ទទួល​បានភ្ញៀវ​ទេសចរ​បានជាង ៧ម៉ឺននាក់ ទោះយ៉ាងណា តំបន់ឆ្នេរសមុទ្រ ដែលធ្លាប់តែ​មានភ្ញៀវទេសចរ​ទៅកម្សាន្ត​ច្រើន ទទួលបាន​ភ្ញៀវសរុប​ត្រឹមតែ ១៩ម៉ឺន​នាក់​ប៉ុណ្ណោះ។

ចំពោះ​តំបន់​ទេសចរ​នៅភាគពាយព្យ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់ ក៏មាន​ការធ្លាក់ចុះ​នូវចំនួន​ភ្ញៀវទេសចរ ដោយទទួល​បាន​ត្រឹមតែ ៤ម៉ឺននាក់ ដោយសារតែ បញ្ហាគ្រោះទឹកជំនន់ បានបង្ក​ការលំបាក​ដល់​ដំណើរកម្សាន្ត។

ដោយឡែក នៅតំបន់ប៉ែក ឦ​សាន្ដ​​នៃប្រទេស​កម្ពុជាវិញ​ក៏ទទួល​បានភ្ញៀវ​ទេសចរ ទៅធ្វើដំណើរ​កម្សាន្តច្រើន គួរឲ្យ​កត់សម្គាល់​ផងដែរ ដោយក្នុងនោះ ខេត្តមណ្ឌលគិរី ទទួលភ្ញៀវ​ទេសចរ​ច្រើនជាងគេ ពោលគឺជាង ២ម៉ឺន ២ពាន់នាក់ ហើយ​ខេត្តរតនគិរី មានជាង ៨ពាន់នាក់ និងខេត្តក្រចេះ មានជាង ២ពាន់នាក់។

ជាចុងក្រោយ នៅឯ រាជធានី​ភ្នំពេញវិញ បើតាមការ​វាយតម្លៃ​របស់ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រៅពី​ភ្ញៀវទេសចរ​ជាង ៦៤ម៉ឺននាក់ ដូចរៀប​រាប់ខាងលើ ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ ៤០ម៉ឺននាក់​ផ្សេងទៀត​ ដែលបាន​ដើរកម្សាន្ត​តាមគោលដៅ​សំខាន់ៗ រួមមាន តំបន់​កោះពេជ្រ មាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង តំបន់​កម្សាន្ត​ជ្រោយចង្វារ និងតំបន់​វិមាន​ឈ្នះឈ្នះ​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម នៅតែបំបែកកំណត់ត្រាថ្មី សម្រេចបានអតិរេកពាណិជ្ជកម្មជិត ១៩ពាន់លានដុល្លារ នៅ១០ខែឆ្នាំនេះ ទោះបីមានកូវីដ-១៩

ព័ត៌មាន
អតិរេកពាណិជ្ជកម្មរបស់វៀតណាម នៅរយៈពេល ១០ខែ ដំបូងឆ្នាំ២០២០នេះ នៅតែអាចបំបែកកំណត់ត្រាថ្មី ដោយបានកើនឡើងដល់ទៅជិត ១៩ពាន់លានដុល្លារអាមេរិក…

វិស័យឯកជន ស្នើឲ្យការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ សម្រេចទៅឲ្យបានលឿន

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា បង្ហាញពីការគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល លើគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ