ពាក់ព័ន្ធតម្លៃស្ករត្នោតកំពង់ស្ពឺឆ្នាំនេះ គឺមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ បើធៀបនឹងឆ្នាំមុន ហើយទីផ្សារនាំចេញទៅក្រៅប្រទេស ក៏មិនមានការប្រែប្រួលផងដែរ។
លោក វី វាសនា ជំនួយការទូទៅនៃសមាគមស្ករត្នោតកំពង់ស្ពឺបានបញ្ជាក់ប្រាប់ខេមបូណូមីសថា បញ្ហាភ្ញៀងធ្លាក់ច្រើននៅដើមឆ្នាំ កំពុងបង្កជាក្តីបារម្ភដល់កសិករក្នុងការផលិតស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ បញ្ហាអាកាសធាតុភ្លៀងធ្លាក់មិនទៀងទាត់នេះ បានធ្វើឲ្យកសិករមួយចំនួនត្រូវផ្អាក ឬឈប់ឡើងត្នោតរយៈពេលខ្លីជាបណ្តោះអាសន្ន ដែលអាចធ្វើឲ្យ ទិន្នផលស្ករត្នោតកំពង់ស្ពឺប្រឈមនឹងធ្លាក់ចុះនៅឆ្នាំនេះ។
ទោះបីយ៉ាងនេះក្តី លោក វី វាសនា នៅតែជឿជាក់ថា ការផលិតស្ករត្នោតកំពង់ស្ពឺរបស់ប្រជាកសិករឆ្នាំនេះនឹងទទួលបានទិន្នផលមិនចាញ់ឆ្នាំមុននោះឡើយ ដោយលោកវាយតម្លៃថា ឆ្នាំនេះនឹងទទួលបានទិន្នផលចន្លោះពី១៥០តោនទៅ១៧០តោន ខណៈកាលពីឆ្នាំមុនផលិតបាន១៥៧តោន។
ពាក់ព័ន្ធតម្លៃ និងទីផ្សារស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ ជំនួយការទូទៅ នៃសមាគមស្ករត្នោតកំពង់ស្ពឺខាងលើអះអាងថា គឺមិនការប្រែប្រួលគួរឲ្យកត់ស្គាល់នោះទេ ពោលគឺមានការកើនឡើងតិចតួចបើធៀបនឹងឆ្នាំមុន។ ស្ករត្នោតកំពង់ស្ពឺមាន៤ប្រភេទរួមមានស្ករសាច់ ស្ករម្សៅ ស្ករផែន និងស្ករស៊ីរ៉ូ។ ក្នុងនោះស្ករសាច់ឈ្មួយទិញពីកសិករក្នុងតម្លៃ៦,៥០០រៀលក្នុង១គីឡូក្រាម កើនឡើង៥០០រៀលបើធៀបនឹងឆ្នាំមុន, ស្ករម្សៅលក់ចេញ៧,១០០រៀលក្នុង១គីឡូក្រាមកើនឡើង១រៀល, ស្ករផែនលក់ចេញ៦,៨០០រៀលកើនឡើង៣០០រៀល និងស្ករស៊ីរ៉ូលក់ចេញចន្លោះពី៥,៥០០រៀងទៅ៦,០០០រៀលក្នុង១គីឡូក្រាម។
ប៉ុន្តែតម្លៃស្ករត្នោតកំពង់ស្ពឺ ដែលក្រុមហ៊ុននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ គឺមានតម្លៃខ្ពស់ជាងនេះ វាអាស្រ័យលើទីផ្សារនៃប្រទេសនីមួយៗ។ ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)ត្រូវបាននាំចេញទៅទីផ្សារបារាំង អាល្លឺម៉ង់ ចិន ម៉ាឡេស៊ី និងឥណ្ឌាជាដើម៕