អ្នកជំនាញផ្នែកអចលនទ្រព្យ បានក្រើនរំឭកថា អ្នកទិញដីនៅតំបន់នោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យមែនទែន បើមិនចង់មានការស្ដាយក្រោយ ឬលង់ខ្លួនទៅថ្ងៃក្រោយ។
វាជារឿងមួយទូទៅទៅហើយ ដែលពេលមានការប្រកាសសាងសង់គម្រោងអភិវឌ្ឍន៍ធំៗម្ដងៗ នឹងធ្វើឲ្យតម្លៃដីធ្លីនៅក្បែរៗនោះ ឆាប់ហក់កើនឡើងតម្លៃជាលំដាប់ ឬពេលខ្លះ មានខ្ពស់ជាងតម្លៃទីផ្សារ ២ ទៅ ៣ដងក៏មាន។
ទោះយ៉ាងណា បើតាមប្រសាសន៍របស់លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ដែលជាអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យធំៗជាច្រើននៅកម្ពុជា បានគូសបញ្ជាក់ថា ជាការពិតណាស់ វត្តមានរបស់គម្រោងព្រលានយន្ដហោះថ្មីនេះ នឹងធ្វើឲ្យមានកំណើនប្រជាជនទៅរស់នៅតំបន់នោះកាន់តែច្រើន ដែលញ៉ាំងឲ្យតម្រូវការដីធ្លីសម្រាប់ការសាងសង់លំនៅដ្ឋានរស់នៅនិងការប្រកបរបរ នឹងមានការកើនឡើងដែរ។
ដូច្នេះ ចង់ ឬមិនចង់ តម្រូវការដីធ្លីនៅតំបន់នោះ នឹងមានការកើនឡើងតម្លៃជាក់ជាមិនខាន ប៉ុន្ដែ សម្រាប់អ្នកទិញដីធ្លីនៅតំបន់នោះ ដើម្បីធ្វើការអភិវឌ្ឍ ឬទិញដើម្បីរង់ចាំលក់ទៅវិញយកចំណេញនោះ ក៏ត្រូវមានការសិក្សាឲ្យបានម៉ត់ចត់ជាមុនផងដែរ បើមិនចង់មានការស្ដាយក្រោយ ព្រោះថា តម្លៃដីនៅតំបន់ក្បែរព្រលានយន្ដហោះ នឹងមិនអាចមានតម្លៃកើនឡើងខ្ពស់ ដូចនៅតំបន់ក្នុងក្រុងនោះទេ។ ដោយសារតែ កាលណាទីតាំងដីនោះ កាន់តែកៀកនឹងព្រលានយន្ដហោះ នោះលក្ខខណ្ឌតម្រូវសម្រាប់អភិវឌ្ឍសាងសង់ក៏មានកាន់តែច្រើនផងដែរ តួយ៉ាង ការមិនអនុញ្ញាតឲ្យសាងសង់អគារខ្ពស់ជាដើម។
លោកឧកញ៉ា សៀ ឫទ្ធី បានក្រើនរំឭកថា កាលណា តម្លៃដីប៉ោងឡើងហើយ នោះអ្នកដែលរត់មិនទាន់សភាពការណ៍ នឹងងាយក្នុងការបរាជ័យណាស់។ ទោះយ៉ាងណា សម្រាប់ក្រុមហ៊ុនធំៗ ដែលមានដើមទុនហិរញ្ញវត្ថុគ្រប់គ្រាន់ ពួកគេនឹងមិនងាយជួបនឹងបញ្ហានោះទេ នៅពេលដែលពួកគេទិញដីទុក ព្រោះគេមានទុនបង្វិលគ្រប់គ្រាន់។ ប៉ុន្ដែ សម្រាប់អ្នកដែលធ្វើការទិញដីធ្លីតាមគ្នា ដោយភ្លេចគិតពីប្រភពហិរញ្ញវត្ថុរបស់ខ្លួន និងសិក្សាពីទីផ្សារឲ្យបានម៉ត់ចត់ នោះច្បាស់ណាស់នឹងត្រូវប្រឈមមុខនឹងបញ្ហានៅពេលក្រោយមិនខានឡើយ។
លោកឧកញ៉ាបន្ថែមថា ជាក់ស្ដែង បច្ចុប្បន្ននេះ គ្រាន់តែឮព័ត៌មានគម្រោងព្រលានយន្ដហោះថ្មីភ្លាម មានអ្នករកស៊ីដីធ្លីមួយចំនួន បានសម្រុកទៅទិញដីនៅតំបន់នោះ ទាំងមិនដឹងថាគម្រោងនោះ នឹងសាងសង់នៅទីតាំងណាជាក់លាក់នៅឡើយ។ ម្យ៉ាងទៀត ទុនដែលពួកគេយកទៅទិញដីធ្លីនោះទៀតសោត គឺជាទុនដែលខ្ចីពីធនាគារ ដោយសង្ឃឹមថា ទិញហើយនឹងលក់មកវិញបានចំណេញ។ ប៉ុន្ដែ បើទិញហើយ តែលក់មិនចេញទេនោះ ទើបជាបញ្ហាប្រឈមខ្លាំង ព្រោះពួកគេត្រូវបង់ការប្រាក់ទៅឲ្យធនាគាររាល់ខែ ខណៈដីទិញនោះមិនអាចរកចំណូលបាននៅឡើយ។
លោកឧកញ៉ាបានគូសបញ្ជាក់ទៀតថា បើសិនជាអ្នកមានលុយគ្រប់គ្រាន់ខ្លួនឯង ដោយមិនមានខ្ចីពីធនាគារ នោះការទិញដីទុកសម្រាប់លក់យកចំណេញ គឺមិនចេះខាតនោះទេ! កុំឲ្យតែទៅទិញដីដែលមានបញ្ហា។ ប៉ុន្ដែ បើខ្ចីលុយពីធនាគារទៅទិញដី ដើម្បីរង់ចាំលក់យកផលចំណេញ ដោយមិនបានសិក្សាពីទីផ្សារឲ្យបានម៉ត់ចត់ ឬទិញតាមតែគេតាមឯងទេ នោះទើបបញ្ហា។
ជុំវិញដំណឹងសាងសង់ព្រលានយន្ដហោះថ្មីនេះដែរ លោក ច្រឹក សុខនីម នាយកក្រុមហ៊ុន Century 21 Mekong បានលើកឡើងថា តម្លៃដីធ្លីក្បែរតំបន់នោះចាប់ផ្តើមឡើងថ្លៃគួរឲ្យកត់សម្គាល់ ពិសេស នៅតាមបណ្ដោយផ្លូវជាតិលេខ២ ដែលតម្លៃកាលពីមុនជាមធ្យមមានតែ ៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែ ឥឡូវបានកើនឡើងរហូតដល់ ៣០ ទៅ ៤០ភាគរយហើយ។ រីឯដី្លធ្លីស្ថិតក្នុងតំបន់អភិវឌ្ឍន៍វិញ ក៏បានកើនឡើងតម្លៃពី ២ ទៅ ៣ដងផងដែរ។
តម្លៃនេះគឺត្រូវដំឡើងថ្លៃតាមគ្នាប៉ុណ្ណោះ ដែលធ្វើឲ្យតម្លៃនៃការទិញលក់ ក៏នៅមិនទាន់ច្បាស់លាស់នៅឡើយដែរ ខណៈដែលភាគច្រើន ដីធ្លីមួយចំនួនធំនៅតំបន់នោះ ត្រូវបានទិញអស់ហើយ តាំងពីមុនគម្រោងបានប្រកាសម្ល៉េះ។
សូមជម្រាបថា បើតាមខ្លឹមសារនៃឯកសារស្តីពីការស្នើសុំបង្កើតព្រលានយន្ដហោះថ្មីនៅខេត្តកណ្ដាល ដែលត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើនចុះផ្សាយព្រោងព្រាតនោះ បានឲ្យដឹងថា គម្រោងនេះ នឹងសាងសង់ឡើងនៅក្នុងទីក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គ្របដណ្ដប់លើទំហំផ្ទៃដីចំនួន២ពាន់៦០០ហិកតា ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១ពាន់ ៥០០លានដុល្លារអាមេរិក ដែលក្នុងនោះ ជាប្រាក់កម្ចីពីធនាគារបរទេស មាន ១ពាន់១០០លានដុល្លារ កម្ចីពីភាគទុនក្រុមហ៊ុន OCIC មាន ២៨០លានដុល្លារ និងដើមទុនចុះបញ្ជីមាន ១២០លានដុល្លារ។
បើតាមការបញ្ជាក់ពីឯកសារនោះបានឲ្យដឹងថា ក្រុមហ៊ុន OCIC មានភាគហ៊ុន ៩០% និងរដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិលតំណាងរាជរដ្ឋាភិបាលមាន ១០%។ យ៉ាងណាក៏ដោយចុះ គម្រោងព្រលានយន្ដហោះថ្មីនេះ នៅមិនទាន់ដឹងប្រាកដនៅឡើយថា នឹងត្រូវសាងសង់ឡើងនៅទីតាំងណាមួយជាក់លាក់ និងសាងសង់ឡើងនៅពេលណានៅឡើយទេ៕