អ្នកឧកញ៉ា គួច ម៉េងលី

អ្នកឧកញ៉ា គួច ម៉េងលី៖ ការនាំយកក្រុមហ៊ុនឡើងទីផ្សារភាគហ៊ុននឹងជួយធ្វើឱ្យសេដ្ឋកិច្ចជាតិមានស្ថិរភាព


នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយជាមួយសារព័ត៌មានខេមបូណូមីស អ្នកឧកញ៉ា គួច ម៉េងលី ដែលជាអ្នកជំនួញលេចធ្លោរមួយរូបនៅក្នុងវិស័យអប់រំបានអះអាងថា មិនថានៅប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍នោះទេ ការនាំយកក្រុមហ៊ុនឡើងទីផ្សារភាគហ៊ុននេះដើម្បីបោះផ្សាយលក់មូលបត្រ គឺជាវិធីសាស្ត្រអាចជួយពង្រឹងសេដ្ឋកិច្ចជាតិឲ្យកាន់តែមានស្ថិរភាព។
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន

ការអះអាងរបស់អ្នកឧកញ៉ា គួច ម៉េងលី នេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា នឹងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជានៅឆ្នាំក្រោយ ដើម្បីកៀរគរទុនសម្រាប់ពង្រីកវិសាលភាពអប់រំដល់មូលដ្ឋានរាជធានីខេត្តទូទាំងប្រទេស។

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បានគូសបញ្ជាក់ថា ការនាំយកក្រុមហ៊ុនរបស់លោកឈានជើងចូលក្នុងទីផ្សារភាគហ៊ុននេះ មិនត្រឹមតែដើម្បីកៀរគរទុនសម្រាប់ពង្រីកវិសាលភាពអប់រំដល់មូលដ្ឋានរាជធានីខេត្តរបស់ប្រជាជន ក្នុងន័យជួយលើកកម្ពស់ការអប់រំនៅកម្ពុជានោះទេ ប៉ុន្តែការឡើងទីផ្សារភាគហ៊ុនជាវិធីតែមួយគត់ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិមានស្ថិរភាព ជាក់ស្តែងនៅប្រទេសណាក៏ដោយ ដើម្បីឱ្យប្រទេសមាននិរន្តភាព មានសេដ្ឋកិច្ចដើររលូននោះ គឺមានតែការឡើងទីផ្សារភាគហ៊ុនប៉ុណ្ណោះ។

អ្នកឧកញ៉ា គួច ម៉េងលី អះអាងថា ប្រាកដណាស់ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជាជាក់ជាមិនខាន។ អ្នកឧកញ៉ា អះអាងថា ដោយមើលឃើញ សេដ្ឋកិច្ចកម្ពុជាមានស្ថិរភាព ទីផ្សារភាគហ៊ុនរបស់កម្ពុជាកំពុងមានការរីកចម្រើនឡើងវិញ បន្ទាប់ពីធូស្បើយពីកូវីដ១៩ និងដើម្បីជំរុញ និងលើកស្ទួយក្នុងទីផ្សារភាគហ៊ុនកម្ពុជា អ្នកឧកញ៉ា មើលឃើញថា ការចូលរួមក្នុងទីផ្សារភាគហ៊ុនដំបូងរបស់ក្រុមហ៊ុនអ្នកឧកញ៉ា គឺបង្ហាញថា វិស័យអប់រំ គឺត្រូវការខ្លាំង នូវការពង្រឹងទាំងគុណភាព និងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងទាំងអស់ឡើងវិញ ដោយរាជរដ្ឋាភិបាលបានមានគោលដៅច្បាស់លាស់ក្នុងការជំរុញវិស័យអប់រំទាំងឯកជន និងរដ្ឋផងដែរ។

អ្នកឧកញ៉ា គួច ម៉េងលី បញ្ជាក់បន្ថែមទៀតថា តាមគម្រោងក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន អាចនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងរបស់ខ្លួននៅចុងត្រីមាសទី១ឆ្នាំ២០២៣ ខណៈចំនួនភាគហ៊ុនដែលគ្រោងបោះផ្សាយអាចចន្លោះពី៨%ទៅ ១០% នៃចំនួនភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ដែលត្រូវការថវិកាប្រមាណ ៨លាន ទៅ ១០លានដុល្លារ សម្រាប់ពង្រីកសាខាសាលារៀបន្ថែម។ បើតាម អ្នកឧកញ៉ា បន្ទាប់ពីចូលទីផ្សារភាគហ៊ុន ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន អាចនឹងពង្រីកសាខាសាលារៀនប្រមាណ ២០សាខាទៀត ដើម្បីរួមចំណែកជួយលើកកម្ពស់ការអប់រំនៅកម្ពុជា ដោយ អ្នកឧកញ៉ា ចង់ឲ្យប្រជាជននៅតាមខេត្តនានាទទួលបានប្រព័ន្ធអប់រំ ដែលមានគុណភាពខ្ពស់ ដូចសិស្សនៅរាជធានីភ្នំពេញដែរ។

សូមជម្រាបថា តាមការបញ្ជាក់របស់ អ្នកឧកញ៉ា គួច ម៉េងលី កម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍ ដូចនេះហើយវិស័យអប់រំកម្ពុជា នៅមានការខ្វះខាតច្រើននៅឡើយ ដែលត្រូវការការចូលរួមពីវីស័យឯកជន និងរដ្ឋ ដោយត្រូវសហការគ្នា ធ្វើការជាមួយគ្នាមិនថាសាលាឯកជន ឬសាលារដ្ឋនោះទេ ត្រូវតែមានលំនឹង មានគុណភាព មានសក្កានុពលស្មើគ្នា ដើម្បីពង្រឹង ការជំរុញវិស័យអប់រំកម្ពុជាឱ្យរីកចម្រើន ឱ្យទាន់សម័យកាលអន្តរកាល បើមិនដូច្នេះទេ វិស័យអប់រំនៅកម្ពុជានៅតែមានអាចប្រកួតប្រជែងទាន់ជាមួយប្រទេសដ៏ទៃបាននោះទេ៕




អត្ថបទបន្ទាប់


អ្វីខ្លះជាដំណោះស្រាយ ចំពោះបញ្ហាតម្លៃជ្រូកដែលកំពុងធ្លាក់ថ្លៃខ្លាំងនាពេលបច្ចុប្បន្ន?

ក្រោយមានការរអ៊ូរទាំជាបន្តបន្ទាប់ពីសំណាក់អ្នកចិញ្ចឹមជ្រូកអំពីបញ្ហាធ្លាក់ចុះនៃតម្លៃជ្រូករស់ក្នុងស្រុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឲ្យក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ