អង្គការសុខភាពពិភពលោកហាមតៃវ៉ាន់មិនឱ្យចូលរួមសន្និបាត!

ការតវ៉ាបានផ្ទុះឡើង ខណៈដែលអង្គការសុខភាពពិភពលោកហាមតៃវ៉ាន់មិនឱ្យចូលរួមសន្និបាត ដោយសារសម្ពាធពីចិន


សន្និបាតអង្គការសុខភាពពិភពលោកបានច្រានចោលម្តងទៀតនូវសំណើរបស់តៃវ៉ាន់ដែលសុំចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ក្រោយពីមានការជំទាស់ដូចសព្វមួយដងពីសំណាក់ប្រទេសចិន។ ប្រទេសមួយចំនួនដែលគាំទ្រតៃវ៉ាន់ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអូស្ត្រាលី បានតវ៉ានិងរិះគន់ការសម្រេចរបស់អង្គការសុខភាពពិភពលោកខ្លាំងៗផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Guardian។
អង្គការសុខភាពពិភពលោកហាមតៃវ៉ាន់មិនឱ្យចូលរួមសន្និបាត!
ដោយ

សន្និបាតរបស់អង្គការសុខភាពពិភាពលោកកាលពីថ្ងៃចន្ទ ២២ ឧសភា បានសម្រេច មិនអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែឧសភានៅទីក្រុងហ្សឺណែវក្នុងនាមជាអ្នកសង្កេតការណ៍ទេ។ ក្នុងនោះប្រទេសចិន និងប៉ាគីស្ថាន បានចេញមុខជំទាស់ទៅនឹងវត្តមានរបស់តៃវ៉ាន់នេះ ខណៈដែលប្រជុំកោះម៉ាសាល បេលីស ណៅរូ និងអេសវ៉ាទីនី ដែលមានទំនាក់ទំនងទូតផ្លូវការជាមួយតៃវ៉ាន់ ក្នុងចំណោមប្រទេស១៣ផ្សេងទៀត បានបង្ហាញការគាំទ្រទីក្រុងតៃប៉ិក។

ក្រសួងការបរទេសរបស់តៃវ៉ាន់បាននិយាយថា ការចូលរួមរបស់ខ្លួននៅក្នុងសន្និបាតអង្គការសុខភាពពិភពលោកជាបញ្ហាសុខភាពសាធារណៈពិភពលោក ហើយបញ្ហានយោបាយមិនគួរត្រូវបានយកមកលាយឡំគ្នានោះទេ។ ក្រសួងបានបន្ថែមថា វាក៏ជាការណ៍មិនត្រឹមត្រូវ និងអយុត្តិធម៌ ដែលមិនឱ្យតៃវ៉ាន់ចូលរួម ដោយសារតែសម្ពាធនយោបាយរបស់ចិននោះទេ ព្រោះការធ្វើនេះបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពពិភពលោក។

ការរារាំងរបស់ទីក្រុងប៉េកាំងចំពោះការចូលរួមរបស់តៃវ៉ាន់នៅក្នុងស្ថាប័នពិភពលោកគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាយូរណាស់មកហើយរបស់ទីក្រុងប៉េកាំង ដើម្បីកាត់ផ្តាច់តៃវ៉ាន់ចេញពីសហគមន៍អន្តរជាតិ។ រដ្ឋាភិបាលចិនអះអាងថា តៃវ៉ាន់ជាខេត្តមួយរបស់ចិនហើយជំទាស់នឹងការចូលរួមទ្វេភាគី ឬពហុភាគី ដែលអាចជំរុញអន្តរជាតិឱ្យទទួលស្គាល់អធិបតេយ្យភាពរបស់តៃវ៉ាន់។

ទន្ទឹមគ្នានេះ ក្រសួងការបរទេសចិនវិញបានស្វាគមន៍ចំពោះការសម្រេចរបស់អង្គការសុខភាពពិភពលោកនេះ ដោយថាមានប្រទេសជិត១០០បានគាំទ្រ«គោលការណ៍ចិនតែមួយ» ហើយបានប្រឆាំងនឹងការចង់បំបែកខ្លួនរបស់តៃវ៉ាន់។ ភាគីចិនបានបន្ថែមថាសំណើរបស់តៃវ៉ាន់គឺជាការប៉ុនប៉ងនយោបាយ ដើម្បីចូលរួមក្នុងសកម្មភាពបំបែកខ្លួន។

កាលពីសប្តាហ៍មុន ស្ថានតំណាងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង ជប៉ុន លីទុយអានី កាណាដា សាធារណរដ្ឋឆេក និងអាល្លឺម៉ង់ ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ គាំទ្រការបញ្ចូលតៃវ៉ាន់នៅក្នុងសន្និបាតអង្គការសុខភាពពិភពលោក។ សេចក្តីថ្លែងការណ៍នោះបានគូសបញ្ជាក់ថា ការអញ្ជើញតៃវ៉ាន់ជាអ្នកសង្កេតការណ៍នឹងបង្ហាញគំរូដ៏ល្អបំផុតពីការប្តេជ្ញាចិត្តរបស់អង្គការសុខភាពពិភពលោកចំពោះវិធីសាស្រ្ត«សុខភាពសម្រាប់ទាំងអស់គ្នា» ក៏ដូចជាកិច្ចសហប្រតិបត្តិការសុខភាពអន្តរជាតិ។

ជាមួយគ្នានេះ ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវបានសរសេរលើប្រព័ន្ធទ្វីតធើកាលពីថ្ងៃអាទិត្យថា ការដាក់តៃវ៉ាន់ឱ្យនៅឯកកោពីកិច្ចប្រជុំនឹងធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការសុខភាពសាធារណៈជាសកលដែលដឹកនាំដោយ WHO។

កាលពីបីឆ្នាំមុន មន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយថា លោកអគ្គនាយក Tedros Adhanom Ghebreyesus មិនអាចអញ្ជើញតៃវ៉ាន់ឱ្យចូលរួមប្រជុំសន្និបាតបានទេ ដោយសារមានទស្សនៈផ្សេងគ្នារវាងចិននិងតៃវ៉ាន់។ កាលនោះ ទីក្រុងប៉េកាំងបានដាក់សម្ពាធលើរដ្ឋអឺរ៉ុបឱ្យបដិសេធសំណើរបស់តៃវ៉ាន់ដែលសុំចូលរួមជាអ្នកសង្កេតការនៅក្នុងសន្និបាតនៃអង្គការសុខភាពពិភពលោក។ ចិនបានដាក់លក្ខខណ្ឌថាវត្តមានរបស់តៃវ៉ាន់អាចជាហេតុផលអនុញ្ញតបាន លុះត្រាតែកោះនេះទទួលស្គាល់ថាខ្លួនជាផ្នែកមួយនៃប្រទេសចិន ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់បាននិយាយថាមិនអាចទទួលយកលក្ខខណ្ឌនេះបានទេ៕




អត្ថបទបន្ទាប់


តើលោកចូបៃឌិន អាចរកដំណោះស្រាយចំពោះ បម្រាមលើបន្ទះឈីបក្រុមហ៊ុន Micron ក្នុងប្រទេសចិនបានដែរ ឬទេ?

សមាជិកគណបក្សប្រជាធិបតេយ្យកំពូលម្នាក់នៅព្រឹទ្ធសភាអាមេរិកបាននិយាយនៅថ្ងៃអង្គារទី២៣ឧសភាថា រូបលោក និងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិ…

IMF ថា អង់គ្លេសលែងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចទៀតហើយ នៅឆ្នាំ២០២៣នេះ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងនៅថ្ងៃទី២៣ ខែឧសភាថា ឱនភាពសេដ្ឋកិច្ចលែងមានទៀតហើយសម្រាប់ប្រទេសអង់គ្លេសនៅឆ្នាំ២០២៣នេះ។ ស្ថាប័នអន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ