កម្មវិធីនេះ បានប្រព្រឹត្ដទៅ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។ កម្មវិធីនេះ មានគោលបំណងផ្តល់ថវិការជូនសហគ្រាសធុនតូចនិងមធ្យម ដែលទទួលផលប៉ះពាល់ពីកូវីដ១៩ ក្នុងការរក្សាលំនឹងនិងចាប់យកឱកាសថ្មីក្នុងការពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។
នៅក្នុងពិធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសហគ្រិនខ្មែរ បានយកចិត្តទុកដាក់នៅក្នុងកិច្ចការអភិវឌ្ឍ សហគ្រិនភាពដែលជាសកម្មភាពអាទិភាពសម្រាប់ផ្ដល់ឱកាសជូនសហគ្រិន ក្នុងការលូតលាស់អាជីវកម្ម បង្កើន គុណតម្លៃបន្ថែម ការងារ នវានុវត្តន៍ និងបន្តប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានបង្ហាញនូវសក្ដានុពល និងការរួមចំណែកយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចរបស់វិស័យឯកជន ផងដែរ។ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសស្ថិតក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកបាននិងកំពុងរងឥទ្ធិពលនៃវិបត្តិសាកលនានា តែសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបាននូវកំណើនយ៉ាងរឹងមាំ ព្រោះតែមានការចូលរួមពីវិស័យឯកជន ជាពិសេសវិស័យសហគ្រាសធុនតូច និងមធ្យម តែម្ដង។
សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏ រស់រវើកនៅកម្ពុជា ដោយជំរុញ សកម្មភាពសហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យា ក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោត លើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្ម ផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និងវិស័យកម្មន្តសាល ផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យម។
សូមបញ្ជាក់ថា សហគ្រិនខ្មែរមានកម្មវិធីជាច្រើនទៀត ដែលបាននិងកំពុងអនុវត្ដ និងផ្តល់ជំនួយហិរញ្ញប្បទានដោយផ្ទាល់ តាំងពីឆ្នាំ២០២០ ហើយបានគាំទ្រដល់ ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម សរុបចំនួន៤០៤ ដែលមកពីបណ្ដាខេត្ដក្រុងនានាក្នុងប្រទេសកម្ពុជា។
ដោយឡែក នៅក្នុងឆ្នាំ២០២៣នេះ ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យមចំនួន២៧ ក្នុងចំណោមបេក្ខភាព ២៦៥ បានដាក់ពាក្យស្នើសុំហិរញ្ញប្បទាននៅក្នុងកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ ទីផ្សារនាំចេញ៕